Yearendyearend1140x150

ពូជពពែ៣០ក្បាលត្រូវបានអាជ្ញាធរប្រគល់ជូនដែនជម្រកសត្វព្រៃមើលថែទាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ពូជពពែ៣០ក្បាលត្រូវបានអាជ្ញាធរប្រគល់ជូនដែនជម្រកសត្វព្រៃមើលថែទាំ (រូបភាពដោយ៖ ក្រសួងបរិស្ថាន)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានប្រគល់ពូជសត្វពពែ ចំនួន៣០ក្បាល ជូនមន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅទីតាំង«ដែនជម្រកសត្វព្រៃស្រែពក» និង«ដែនជម្រកសត្វព្រៃភ្នំព្រេច» ដើម្បីឲ្យមន្រ្តីឧទ្យានុរក្សយកទៅថែទាំ និងចិញ្ចឹម។

បច្ចុប្បន្ននេះ ពូជសត្វពពែទាំង៣០ក្បាល ដែលទទួលបានពីឯកឧត្ដមរដ្ឋមន្រ្តីក្រសួងបរិស្ថាននោះ គឺបានយកទៅដល់ស្នាក់ការអភិរក្សបរិស្ថានក្នុងដែនជម្រកសត្វព្រៃស្រែពក ចំនួន១៥ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន១៥ក្បាល ប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខភាព និងការរស់នៅរបស់មន្រ្តីឧទ្យានុរក្ស តាមរយៈការផ្ដល់ជាពូជសត្វពពែ ដើម្បីផ្ដល់ឱកាសបន្ថែមដល់មន្រ្តីឧទ្យានុរក្សទៅលើចំណីអាហារបរិភោគ និងការរស់នៅស្អាតប្រកបដោយអនាម័យ និងបរិស្ថានស្អាត ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការបំពេញការងារមានភាពស្វាហាប់ ជាពិសេសការគិតគូរទៅលើសុខភាពរបស់មន្រ្តី។

គួរបញ្ជាក់ថា ទន្ទឹមនេះ ក្រៅពីការងារអនុវត្តច្បាប់ក្នុងបុព្វហេតុការពារ និងអភិរក្សធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វខ្នាតតូច ក៏ជាភារកិច្ចដែលមន្រ្តីឧទ្យានុរក្សគប្បីត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ។ បើតាមការរំពឹងទុករបស់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញថា រោងចិញ្ចឹមសត្វពពែនេះ នឹងអាចផ្ដល់និងចែកចាយបន្តទៅកាន់ដែនជម្រកសត្វព្រៃដទៃទៀតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នៅពេលដែលពួកវាបានបង្កកំណើតជាកូនតូចៗបានច្រើន៕

(រូបភាពដោយ៖ ក្រសួងបរិស្ថាន)
(រូបភាពដោយ៖ ក្រសួងបរិស្ថាន)
(រូបភាពដោយ៖ ក្រសួងបរិស្ថាន)
(រូបភាពដោយ៖ ក្រសួងបរិស្ថាន)
(រូបភាពដោយ៖ ក្រសួងបរិស្ថាន)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង