Yearendyearend1140x150

ឧកញ៉ា សុង សារ៉ន៖«កង្វះកុងទឺន័រ»ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអង្ករកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ភ្នំពេញ៖ កង្វះកុងទឺន័រដឹកជញ្ជូនអង្ករបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីផ្ទុះឡើងនូវកូវីដ១៩។ បញ្ហានេះបានប៉ះពាល់ដល់ទីផ្សារអង្ករនៅកម្ពុជា និងទីផ្សារផ្សេងទៀតដូចជាអឺរ៉ុបដែលជាដៃគូទិញអង្ករពីកម្ពុជាផងដែរ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា ទីផ្សារនៅសហគមអឺរ៉ុប អូស្រ្តាលី សហរដ្ឋអាមេរិក និងទីផ្សារផ្សេងៗទៀត សុទ្ធតែជាទីផ្សារដែលប៉ះពាល់ខ្លាំងក្នុងការផ្គត់ផ្គង់អង្ករពីកម្ពុជាដោយសារតែនការដឹកជញ្ជូនក្នុងរយៈពេលយូរ និងមានចម្ងាយឆ្ងាយ រួមទាំងការដឹកជញ្ជូនមានតម្លៃថ្លៃ ។ កត្តានេះបណ្តាលឱ្យប្រទេសជាដៃគូពិបាកក្នុងការបញ្ជាទិញអង្ករពីកម្ពុជា ហើយប្តូរទៅទិញពីប្រទេសផ្សេងទៀត។

បើតាមលោកឧកញ៉ា សុង សារ៉ន បញ្ហាកង្វះកុងទឺន័រនេះបានកើតឡើងចាប់ពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ហើយបន្តមកដល់ខែមីនាំ ឆ្នាំ២០២១នេះ ហើយបញ្ហាកង្វះកុងទឺន័រធ្ងន់ធ្ងរដែលមិនធ្លាប់មាននៅក្នុងប្រវតិ្តសាស្រ្តដឹកជញ្ជូនកម្ពុជាមានចាប់ពីខែវិច្ឆិកា ដល់ខែខែធ្នូ ឆ្នាំ២០២០។បញ្ហាកង្វះកុងទឺន័របានធ្វើឱ្យកម្ពុជាខាតបង់ការនាំចេញអង្ករប្រមាណជា១០ម៉ឺនតោនក្នុងការនាំចេញទៅទីផ្សារដែលនៅឆ្ងាយៗដូចជា អឺរ៉ុប សហរដ្ឋអាមេរិកជាដើម។

ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធស្រូវអង្ករសង្កេតឃើញថា ទោះជាកម្ពុជាមានបញ្ហាកង្វះកុងទឺន័រយ៉ាងណាក៏ដោយក៏ប្រទេសចិននៅតែបន្តការបញ្ជាទិញអង្ករពីកម្ពុជាដដែរ ហើយនេះបានបញ្ជាក់ពីការគាំទ្រផលិតផលរបស់ប្រទេសកម្ពុជា និងការចូលរួមសហការជាដៃគូទីផ្សារយ៉ាងសំខាន់សម្រាប់កម្ពុជា។លោកឧកញ៉ាសង្ឃឹមថា វិបត្តិនៃការដឹកជញ្ជូននេះអាចនឹងងើបឡើងវិញបាននៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ដោយសារតែមានការរំពឹងថានឹងមានទូកុងទឺន័រច្រើនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូនឡើងវិញ រីឯតម្លៃដឹកជញ្ជូនវិញក៏អាចមានតម្លៃធូរថ្លៃជាងមុនផងដែរ។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករក៏មានវិធានការមួយចំនួនសម្រាប់ទប់ស្កាត់ផងដែរដូចជា បន្តសកម្មភាពក្នុងការប្រមូលទិញស្រូវពីប្រជាសកសិករឱ្យបានទាន់ពេលវេលា ពង្រឹងនិងពង្រីកពាណិជ្ជកម្មក្នុងការនាំចេញ និងបន្តការពិភាក្សាជាមួយរដ្ឋាភិបាលក្នុងការទម្លាក់កម្ចីសម្រាប់ទិញស្រូវស្តុកទុក។

គួរបញ្ជាក់ថា តាមរបាយការណ៍សង្ខេបនៃការនាំចេញអង្កររបស់កម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់សហពន្ធ័ស្រូវអង្ករកម្ពុជា បានអោយដឹងថា រយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន ដែលការនាំចេញក្នុងរយៈពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ ការថយចុះនេះគឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង