Yearendyearend1140x150

លោកនឹម ឈុន្នី៖ «ការចម្រើនសមាធិ»ជាផ្នែកមួយសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោកនឹម ឈុន្នី៖ ការបដិបត្តិ«សមាធិ»ជាផ្នែកមួយសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ មនុស្សម្នាក់ៗ ត្រូវចេះតាំងចិត្តឱ្យមាំក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍របស់ខ្លួនឯងដោយសច្ចភាព។ សមាធិបានជួយឱ្យមនុស្សរៀនហាត់ចិត្ត លត់ចិត្ត ឱ្យចេះផ្ដោតលើកិច្ចការងារអ្វីមួយ ដែលជាផ្នែកមួយក្នុងការអប់រំចិត្ត និងអភិវឌ្ឍផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ តាមបទសម្ភាសន៍ជាមួយនឹងលោក នឹម ឈុន្នី បានបកស្រាយប្រាប់ស៊ីស៊ីថាមស៍ថា សមាធិជារឿងមួយដែលមនុស្សម្នាក់ៗ គួរតែបដិបត្តិជាប្រចាំ និងឱ្យបានទៀងទាត់ ដែលជាផ្នែកមួយសំខាន់ណាស់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទាំងឡាយ ទោះបីជាក្នុងឋានៈអ្វី ជាអ្នកសិក្សាក្ដី អ្នកធ្វើការក្ដី និងអ្នកធ្វើស្រែចំការក្ដី ទូទាំងពិភពលោក។

ជាទូទៅ មនុស្សភាគច្រើនយល់ឃើញថា ការធ្វើសមាធិជាសកម្មភាពអង្គុយពែនភ្នែននៅកន្លែងស្ងាត់ណាមួយ ដោយដាក់ជើងស្តាំដាក់លើជើងឆ្វេង ដៃស្តាំដាក់លើដៃឆ្វេង ហើយបិទភ្នែក ដងខ្លួនដាក់ឲ្យត្រង់ ហើយតាំងសតិនៅនឹងដង្ហើមចេញចូល ដោយផ្តោតអារម្មណ៍នឹងខ្យល់ដង្ហើមរបស់ខ្លួន ហើយគិតរឿងណាមួយដោយចិត្តស្ងប់ តែការចម្រើនសមាធិ ក៏វិធីសាស្ត្រដ៏សំខាន់ក្នុងការហ្វឹកហាត់ចិត្តឱ្យដឹងច្បាស់នូវអារម្មណ៍នោះដោយសច្ចៈភាពតាមច្បាប់ធម្មជាតិ។ ហើយសមាធិប្រជុំដោយកាយវិការទាំងបួនឥរិយាបថដែលអាចជ្រើសរើសបដិបត្តិបានគឺ ១. សមាធិអង្គុយ ២. សមាធិដើរ(ដើរចង្រ្គម) ៣. សមាធិគេង(ទម្រេតកាយផ្អៀងទៅខាងស្ដាំ) និង៤. សមាធិឈរ។

លោក នឹម ឈុន្នី ប្រាប់ថា នៅពេលមនុស្សម្នាក់កំពុងធ្វើសមាធិបានសេចក្ដីថា មនុស្សម្នាក់នោះកំពុងចំណាយពេលវេលាដើម្បីស្វែងយល់ពីខ្លួនឯង។ ជាការពិតណាស់ ពេលធ្វើសមាធិ ដូចជាមនុស្សកំពុងរៀនពីការគ្រប់គ្រងអារម្មណ៍ របៀបបង្កើតសុខសន្តិភាពក្នុងចិត្ត បង្កើតតុល្យភាពជាមួយខ្លួនឯង ក្រុមគ្រួសារ និងមនុស្សនៅជុំវិញ ។ តាមគំនិតរបស់លោក អ្នកធ្វើសមាធិរៀងរាល់ថ្ងៃ នឹងទទួលបាននូវលទ្ធផល ឬសមិទ្ធិផលការងារល្អប្រសើរ តួយ៉ាងដូចជាលោកស្ទីវ ចប (Steve Jobs) ស្ថាបនិកក្រុមហ៊ុន Apple ហើយលោកគឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យបច្ចេកវិទ្យាផងដែរ ធ្វើបដិបត្តិសមាធិពី៣០នាទីទៅមួយម៉ោងក្នុងមួយថ្ងៃ ដែលបង្ហាញថា សមាធិ បានដើរតួយ៉ាងសំខាន់ដល់បុគ្គលគ្រប់រូប។

តាមបទពិសោធន៍ពាក់ព័ន្ធនឹងការបដិបត្តិសមាធិជាច្រើនឆ្នាំ នាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋានដ៏ឆ្នើមរូបនេះ រៀបរាប់ថា សមាធិគឺជាផ្នែកមួយសំខាន់សម្រាប់ជីវិតខ្លួនលោកផ្ទាល់ ព្រោះវាបានផ្លាស់ប្ដូរជីវិតរបស់លោកទាំងស្រុង ដែលមុនមក លោកមានជំងឺច្រើនគួរសមដែរដូចជា គ្រួសក្នុងតម្រងនោម ជំងឹក្រពះជាដើម។ តាមរយៈដែលលោកបានបដិបត្តិសមាធិពីមុនមក ជំងឺទាំងឡាយដែលខ្លួនធ្លាប់មានពីមុន បានធូរស្បើយច្រើនណាស់ វាបានជួយបានច្រើនដល់សុខភាពផ្លូវរាងកាយ និងផ្លូវចិត្តផងដែរ។

លោក ឈុន្នី ធ្លាប់បានបង្រៀនការបដិបត្តិសមាធិរូបនេះ យល់ថា ទម្លាប់ក្នុងការធ្វើសមាធិជាប្រចាំ និងត្រឹមត្រូវ មានកត្តាទីមួយគឺ យើងត្រូវស្វែងរកទីកន្លែងស្ងប់ស្ងាត់ កត្តាទីពីរគឺ ការស្លៀកពាក់ កុំឱ្យខោអាវតឹង ឱ្យងាយស្រួលដើម្បីធ្វើបដិបត្តិសមាធិ ។ ចំណែកពេលវេលា វាអាស្រ័យលើមនុស្សម្នាក់ៗ វាមិនជាបញ្ហានោះទេ។ តែសម្រាប់លោក ឈុន្នីផ្ទាល់ ពេលវេលាសំខាន់បំផុតក្នុងការបដិបត្តិសមាធិ គឺពេលព្រឹក បន្ទាប់ពីក្រោកពីដំណេក និងពេលយប់ មុនចូលដំណេក។ ការធ្វើសមាធិ អាចអនុវត្តបានគ្រប់វ័យ។ នៅប្រទេសថៃ មានកម្មវិធីសមាធិសម្រាប់កុមារអាយុ៧ឆ្នាំផងដែរ ហើយលោក ឈុន្នី ,ព្រះអង្គ គូ សុភាព និងព្រះអង្គគ្រូអ្នកគ្រូមួយចំនួន បានបង្កើតកម្មវិធីសមាធិសម្រាប់កុមារជំទង់អាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលមានអាណាព្យាបាលជាអ្នកសម្របសម្រួល ជាមធ្យមក្នុង១ខែពីរដង ដែលមានទីតាំងនៅវត្តគល់ទទឹងផងដែរ។

ការបដិបត្តិ«សមាធិ»មុនចូលគេង លោកអះអាងថា មនុស្សអាចធ្វើការដឹងគុណចំពោះខ្លួនឯង ធ្វើការឆ្លុះបញ្ចាំងនូវសកម្មភាពល្អរបស់ខ្លួន ដែលបានធ្វើពេញមួយថ្ងៃ ហើយកំណត់ពីសកម្មភាពបន្ទាប់ទៀតសម្រាប់ធ្វើនៅថ្ងៃស្អែក ដើម្បីឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ហើយការធ្វើ«សមាធិ»បន្ទាប់ងើបពីគេង ក្រោយពីលុបមុខ ដុសធ្មេញរួចរាល់ហើយ ក្នុងការត្រៀមកាយ ត្រៀមចិត្តជាស្រេចដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនឯង ដោយធ្វើការហាត់ប្រាណជាមួយនឹងការបដិបត្តិសមាធិអប់រំផ្លូវចិត្តត្រឹមតែពី០៥ទៅ១៥នាទី ជារឿងមួយសំខាន់ផងដែរ។ លើសពីនេះទៅទៀត ពេលរសៀលម៉ោង៣ ជារឿយៗលោកក៏បានធ្វើសមាធិនៅកន្លែងធ្វើការផងដែរ ដើម្បីកាត់ស្រ្តេស និងសម្រួលអារម្មណ៍ដើម្បីផ្ដោតលើកិច្ចការងាររបស់ខ្លួនឱ្យច្បាស់លាស់។

ផ្នែកមួយសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃគឺ «សមាធិ» ព្រោះវាបានផ្ដល់ប្រយោជន៍ច្រើន ចំពោះអ្នកដែលបានធ្វើសមាធិបានទៀងទាត់ និងជាប្រចាំ តែវាត្រូវការពេលវេលាផងដែរ។ ទីមួយគឺ កាត់បន្ថយភាពឆេវឆាវ អាចគ្រប់គ្រងសតិអារម្មណ៍បាននឹងនរ។ ទីពីរគឺ ជួយដល់សុខភាពកាត់បន្ថយកម្រិតជាតិអាស៊ីតនៅក្នុងឈាម និងបណ្ដេញជាតិពុលក្នុងខ្លួនផងដែរ។ ទីបីគឺ មានសុខសន្តិភាព គិតវិជ្ជមានចំពោះមនុស្សជុំវិញខ្លួនបានច្រើន។ ទី៤គឺ មានតុល្យភាពនៃជីវិតចំពោះខ្លួនឯង គ្រួសារ និងការងារ ជាចំណុចសំខាន់នៃផលិតកម្មនៃការងារបានល្អប្រសើរ។

ជាមួយគ្នានេះដែរ មនុស្សដែលធ្វើសមាធិបានទៀងទាត់ កាន់តែក្លាយខ្លួនជាមនុស្សមានវិន័យល្អ គោរពខ្លួនឯងកាន់តែច្រើនឡើ់ងៗ ដឹងពីរឿងណាដែលគួរខ្វល់ខ្វាយ រឿងណាដែលមិនគួរគិត ដឹងខុសត្រូវ ចេះគិតគូរបានត្រឹមត្រូវមុនសម្រេចចិត្ត និងមិនងាយឆាប់ប្រតិកម្មតបភ្លាមៗនោះទេ មានចិត្តធ្ងន់ និងអត់ធ្មត់ខ្លាំង។ អ្នកទាំងអស់នោះ នឹងបន្តដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយភាពវិជ្ជមាននៅក្នុងបច្ចុប្បន្នភាព ក៏ដូចជាថ្ងៃខាងមុខ កាន់តែស្គាល់ខ្លួនឯង និងបង្កើនការដឹងគុណចំពោះខ្លួនឯង។ វាជួយយើងឱ្យមានវិន័យលើខ្លួនឯង ចេះបែងចែក និងប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនបានត្រឹមត្រូវ ក្លាយជាទម្លាប់ល្អក្នុងធ្វើការងារ ឬសកម្មភាពផ្សេងៗប្រចាំថ្ងៃ លើសពីនេះទៅទៀត តុល្យភាពនៃការប្រើប្រាស់ពេលវេលាជាមួយមនុស្សជុំវិញខ្លួន មានទំនាក់ទំនងល្អជាមួយសង្គម ការងារ គ្រួសារ។

ទន្ទឹមនឹងទទួលបានលទ្ធផលល្អពីការបដិបត្តិ«សមាធិ»ប្រចាំថ្ងៃ វាទាមទារឱ្យអ្នកអនុវត្ត ចេះប្ដេជ្ញាចិត្ត លះបង់ពេលវេលា មានឆន្ទៈជាមួយខ្លួនឯង ហើយសួរខ្លួនឯងថា មូលហេតុអ្វីបានជាចង់សមាធិ តើខ្លួនឯងចង់ផ្លាស់ប្ដូរអ្វីពីខ្លួនឯងដែលចង់ឱ្យប្រសើរឡើង ហេតុនេះនៅពេលដែលសាម៉ីខ្លួនបានដឹងពីអ្វីដែលខ្លួនចង់បានហើយ នោះវានឹងអាចទៅរួចបាន ក៏ប៉ុន្តែវាត្រូវការពេលវេលាផងដែរ។ ជាពិសេសមនុស្សមិនគួរធ្វើសមាធិនោះទេ បើសិនអំឡុងពេលខឹងខ្លាំង តានតឹងខ្លាំង ឬក៏ហត់ខ្លាំង ព្រោះសមាធិមិនអាចជួយឱ្យបាត់ខឹង បាត់ហត់ ឬបាត់តានតឹងបានភ្លាមៗនោះទេ វាត្រូវដំណើរការទាំងផ្លូវកាយ និងផ្លូវចិត្តដើរតាមផ្លូវធម្មជាតិ។ រឿងមួយទៀត វាជាការភ័ន្តច្រលំដែលមនុស្សយល់ថា«សមាធិ» មនុស្សមិនត្រូវគិតអ្វីទាំងអស់ នេះជាគំនិតខុសទាំងស្រុង វាខុសពីច្បាប់ធម្មជាតិ មនុស្សត្រូវតែគិត តែគ្រាន់តែផ្ដោតទៅលើអ្វីមួយឱ្យមនុស្សអាចសង្កេតផ្លូវចិត្តខ្លួនឯងបាន។

លោក នឹម ឈុន្នី បាននិយាយថា «ការធ្វើសមាធិជារឿងសំខាន់ណាស់សម្រាប់ជីវិត» ដើម្បីរក្សាសុខភាពផ្លូវចិត្តបាន យើងចាំបាច់ត្រូវធ្វើសមាធិជារឿយៗ ដើម្បីឱ្យផ្លូវចិត្តរបស់យើងជ្រះថ្លា និងមានថាមពលកាន់តែខ្លាំង។ តួយ៉ាងដូចក្នុងសៀវភៅចំណងជើង “ សមាធិដើម្បីថាមពលជីវិត” ជាស្នាដៃរបស់លោក នឹម ឈុន្នី និងព្រះអង្គ គូ សុភាព បានបង្កប់នូវអត្ថន័យចំណុចសំខាន់ដោយចែករំលែកអំពីរបៀបនៃការបង្កើនថាមពលជីវិតតាមរយៈសាច់រឿងខ្លីៗ។ ម្យ៉ាងវិញសមាធិជាផ្នែកមួយបានចងក្រងក្នុងសៀវភៅនោះ ដែលអត្ថបទមួយចំនួនក៏បានរៀបរាប់អំពីដំណើរជីវិត និងបទពិសោធន៍របស់លោកផ្ទាល់ផងដែរ។ សរុបសេចក្ដីមក គឺសាច់រឿងដែលលើកទឹកចិត្ត លាយឡំជាមួយនឹងការអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា សមាធិ សាច់រឿងឆ្លុះបញ្ចាំង ឬក៏ផ្សាភ្ជាប់ជាមួយបទពិសោធន៍ជីវិតប្រចាំថ្ងៃ។

ជាចុងក្រោយ លោកផ្ដាំផ្ញើរទៅដល់យុវជនយុវសិស្ស ដែលរៀននៅថ្នាក់អនុវិទ្យាល័យក្ដី ថ្នាក់វិទ្យាល័យក្ដី បើចង់រៀនពូកែ គួរតែសាកល្បងសមាធិ ស្វែងយល់ពីតុល្យភាពនៃសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើន ទោះស្ថិតនៅវ័យកណ្ដាលក្ដី ឬយុវវ័យក្ដី ពួកគេចាប់ផ្តើមមើលឃើញពីតម្លៃនៃការធ្វើសមាធិ តែភាពមមាញឹកខ្លាំងជាមួយនឹងការងារ និងការធ្វើអាជីវកម្ម បើសិនអាចឆ្លៀតបាន ពួកគេគួរតែសាកល្បងចម្រើនសមាធិក្នុងការហាត់ចិត្ត លត់ចិត្ត ធ្វើការបដិបត្តិសមាធិប្រចាំថ្ងៃ។ សមាធិជាឱសថដ៏សាកសិទ្ធិមួយ ក្នុងការព្យាបាលសុខភាពផ្លូវចិត្តមនុស្សទាំងពួង។ ដូចជាព្រះសម្មាសម្ពុទ្ធ មានព្រះពុទ្ធដីកាថា ការងារទាំងឡាយណាដែលមិនច្របូកច្របល់ គឺជាមង្គលឧត្តុង្គឧត្តម។

សូមបញ្ជាក់ថា លោក នឹម ឈុន្នី មានអាយុ៣៨ឆ្នាំ កើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកធ្លាប់បួសជាព្រះសង្ឈតាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១០។ ហើយបច្ចុប្បន្នលោកជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur) និងជាគ្រូបង្វឹកនៅអ៊ីមផែកហាប់ ភ្នំពេញ (Impact Hub Phnom Penh) បានតាមបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាដឹកនាំ ការនិយាយជាសាធារណៈ និងការជំរុញលើកទឹកចិត្ត។ លោកបានដឹកនាំសមាធិ នៅមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិឈៀងម៉ៃ ប្រទេសថៃ អស់រយៈពេលជិត០៥ឆ្នាំ ហើយលោកបានធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដើម្បីចែករំលែកការបង្រៀនរបស់ព្រះពុទ្ធអំពីការអភិវឌ្ឍធនធានមនុស្ស។ លោកជាអតីតសហស្ថានិកក្រុមហ៊ុន វិបស្សា (VIPASSA) ដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលផ្ដល់នូវដំណោះស្រាយផ្លូវចិត្ត និងការអភិវឌ្ឍភាពជាអ្នកដឹកនាំផងដែរ៕

សៀវភៅចំណងជើង “ សមាធិដើម្បីថាមពលជីវិត” ជាស្នាដៃរបស់លោក នឹម ឈុន្នី និងព្រះអង្គ គូ សុភាព បានបង្កប់នូវអត្ថន័យចំណុចសំខាន់ដោយចែករំលែកអំពីរបៀបនៃការបង្កើនថាមពលជីវិតតាមរយៈសាច់រឿងខ្លីៗ។ 


ព្រះអង្គ គូ សុភាព និងលោកនឹម ឈុន្នី 
លោក នឹម ឈុន្នី កំពុងនិយាយជាសាធារណៈក្នុងកម្មវិធីចែករំលែកពាក់ព័ន្ធនឹងការចម្រើនសមាធិផ្លូវចិត្ត 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង