Cct850x100 1
1800px x h300px kh

តូបលក់នៅផ្សារអូឡាំពិកខ្លះបិទ បន្ទាប់ពីផ្ទុះកូវីដនៅសង្កាត់អូឡាំពិក

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី១០មីនា ឆ្នាំ២០២១នេះ ក្រុមអាជីវករជាច្រើននៅរាជធានីភ្នំពេញ ជាពិសេសនៅផ្សារអូឡាំពិក សង្កេតឃើញការរកស៊ីរបស់ខ្លួន មានស្ថានភាពស្ងប់ស្ងាត់ និងមិនសូវអ៊ូអរខុសពីសព្វដង។ភាពស្ងប់ស្ងាត់នេះ បន្ទាប់ពីមានក្រសួងបានប្រកាសថាមានអ្នកឆ្លងកូវីដ-១៩ នៅសង្កាត់អូឡាំពិក។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌មានស៊ីស៊ីថាមស៍ អ្នករកស៊ីបោះឥវ៉ាន់នៅតាមតូបផ្សារអូឡាំពិកម្នាក់ បានថ្លែងថា ដោយសារជាទីតាំងមុខសញ្ញាពាក់ព័ន្ធនឹងវីរុសកូវីដ បណ្ដាលឱ្យអ្នកទិញ ក៏ដូចជាអ្នកលក់មួយចំនួនធំ មានការភ័យខ្លាច និងប្រុងប្រយ័ត្នក្នុងការប្រជុំក្នុងសហគមន៍ ហេតុនេះដើម្បីចៀសឆ្ងាយពីការរីករាលដាលជំងឺដ៏កាចសាហាវនេះ ពួកគេមានតែបិទតូបដោយខ្លួនឯង។

បើតាមអ្នករកស៊ីបោះឥវ៉ាន់នៅតាមតូបផ្សារអូឡាំពិកម្នាក់ បានរៀបរាប់ថា «ប្រមាណជាង៦០ភាគរយបានបិទតូបលក់ នៅក្នុងផ្សារអូឡាំពិកនៅថ្ងៃនេះ ហើយអាជីវករទាំងនោះ អាចនឹងបិទតូបលក់ដោយខ្លួន ក្នុងរយៈពេលយូរ ឬរយៈខ្លីជាបណ្ដោះអាសន្នពី២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ដើម្បីរង់ចាំស្ថានភាពកូវីដធូរស្រាល ពួកគេនឹងត្រលប់មកប្រកបអាជីរកម្មដូចធម្មតាវិញជាមិនខាន»

ចំណែកឯក្រុមអាជីវករដែលនៅបន្តដំណើរការរកស៊ីរបស់ខ្លួននៅក្នុងផ្សារ ពួកគាត់សូមជូនដំណឹងថា បច្ចុប្បន្នផ្សារអូឡាំពិក នៅបើកដំណើរការជាធម្មតា តែបន្តការយកចិត្តទុកដាក់ការពារកូវីដ ដោយពាក់ម៉ាស លាងដៃនឹងអាល់កុល មានការវាស់កម្ដៅអ្នកទិញផងដែរ ដោយមិនមានការធ្វេសប្រហែលនោះឡើយ ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងមានបំរុងប្រយ័ត្នបំផុត។

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដមាន២៤នាក់ជាអ្នកភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺកូវីដទាំង១៥នាក់ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នោះរួមមាន បុរសជនជាតិខ្មែរ អាយុ៥១ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ១៧ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ បុរសជនជាតិខ្មែរ អាយុ១៦ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ១៨ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ បុរសជនជាតិចិន អាយុ ៣០ឆ្នាំ បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ ២០ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ បុរសជនជាតិខ្មែរ អាយុ ៤១ឆ្នាំ និងស្រ្តីជនជាតិខ្មែរ អាយុ ៤២ឆ្នាំ។ បច្ចុប្បន្នអ្នកជំងឺទាំង១៥នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងនៅសណ្ឋាគារក្រេតឌុក(អតីតសណ្ឋាគារអាងទែរកុងទីណង់តាល់) រាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង