Yearendyearend1140x150
Img 0571

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដាក់វិធានការ១២ចំណុចមុននាំជ្រូកចូលពីថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សត្វជ្រូកចិញ្ចឹម(រូបតំណាង) 

ភ្នំពេញ៖ ដោយសារតែបច្ចុប្បន្ននេះ ជំងឺឆ្លងរាតត្បាតជ្រូកដូចជា ជំងឺជ្រូកត្រចៀកខៀវ(PRRS) ជំងឺអុតក្ដាម(FMD) ជំងឺប៉េស្តជ្រូក(Hong cholera) ជំងឺប្រូស៊ែឡូស៊ីស(Brucellosis) និងជំងឺប៉េស្តជ្រូកអាហ្រ្វិក(ASF)។ ដែលជំងឺទាំងនេះបាននឹងកំពុងរាលដាលនៅក្នុងប្រទេសជិតខាងកម្ពុជា ដែលជំងឺនេះ អាចបង្កជាមហន្តរាយដល់ផលិតកម្មជ្រូក ទីផ្សារសត្វ-សាច់ ប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ដូច្នេះ អគ្គនាយកដ្ឋាន បានដាក់ចេញនូវវិធានការចំនួន១២ចំណុចដើម្បីជាគោលការណ៍មុននិងសម្រេចនាំជ្រូករស់ពីក្រៅប្រទេសចូលមកកម្ពុជា។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែការប្រើប្រាស់សារធាតុជំរុញការលូតលាស់ហាមឃាត់ សារធាតុហាមឃាតក្នុងចំណី ការប្រើប្រាស់អង់ទីប៊ីយូទិកហាមឃាត់ ការប្រើប្រាស់លើសការកំណត់ និងមិនត្រឹមត្រូវតាមពេលវេលាកំណត់ ការអនុវត្តមិនត្រឹមត្រូវតាមការគ្រប់គ្រងសុខុមាលភាពសត្វ ក៏ប៉ះពាល់ដល់សុវត្ថិភាព គុណភាពសាច់ និងជាការបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគផងដែរ។

អគ្គនាយកដ្ឋានបន្តទៀតថា ការរឹតបន្តឹងវិធានការបច្ចេកទេសក្នុងការនាំជ្រូករស់មកផ្គត់ផ្គង់នៅកម្ពុជា ថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរកឃើញវត្តមានមេរោគប៉េស្តជ្រូកអាហ្រ្វិក លើជ្រូកនាំចូលខុសច្បាប់ពីប្រទេសថៃឡងដ៏ និងបានធ្វើការដុតកំទេចជ្រូកចោល។

ចំពោះករណី ថ្ងៃទី០២ មីនា ឆ្នាំ២០២១ ភាគីកម្ពុជាបានរកឃើញវត្តមានមេរោគប៉េស្តជ្រូកអាហ្រ្វិកនៅលើជ្រូកនាំចូលមកកម្ពុជា និងស្នើសុំឱ្យភាគីថៃពង្រឹងការត្រួតពិនិត្យ និងវិភាគ និងអនុញ្ញាតឱ្យមន្រ្តីរបស់អគ្គនាយកដ្ឋានចូលទៅធ្វើតេស្តជ្រូកនៅក្នុងកន្លែងចត្តាឡីស័កជ្រូកក្នុងប្រទេសថៃ។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានគោលជំហរថាក្រុមហ៊ុនថៃទាំងឡាយណា ដែលបានបំពេញតាមការតម្រូវនិតិវិធី និងវិធានបច្ចេកទេសបសុព្យាបាលក្នុងការនាំជ្រូកពីប្រទេសថៃឡងដ៏ចូលមកកម្ពុជា និងការនាំឆ្លងកាត់។

ក្នុងករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដាក់ចេញ និងអនុវត្តនូវបណ្ដាវិធានការចំបាច់នានា ដើម្បីបញ្ចៀសឱ្យបាននូវហានិភ័យ និងមហន្តរាយដែលអាចកើតមានឡើងចំនួន១២ចំណុច៖

១) ជ្រូកប្រទេសថៃត្រូវតែមិនមានជំងឺនីប៉ា តេសឆេន ប៉េស្តជ្រូកអាហ្រ្វិក និងជំងឺពងដោរលើជ្រូក។

២) សត្វមានប្រភពមកពីកសិដ្ឋាន ឬកន្លែង១០គ.មជុំវិញកសិដ្ឋាន ដែលមិនមានជំងឺអុតក្ដាម ជ្រូកត្រចៀកខៀវ ជំងឺឆ្លងរលាកក្រពះពោះវៀន ជំងឺរលូតកូន រលាកខើចច្រមុះ អូហ្យេស្គី ប៉េស្តជ្រូក និងឡិបតូស្តឺរ៉ូស៊ីសក្នុងរយៈពេល១២ខែចុងក្រោយ។

៣) សត្វមកពីហ្វូងដែលមិនមានជំងឺទ្រីគីនណែលឡូស៊ីស កើតមានក្នុងកំឡុងពេល០៣ឆ្នាំចុងក្រោយ។

៤) សត្វមិនត្រូវមានការប៉ះពាល់នៅនឹងប្រភពមេរោគនៃជំងឺឆ្លងក្នុងកំឡុងពេលដឹកជញ្ជូនពីកសិដ្ឋានទៅកន្លែងនាំចេញក្នុងប្រទេសថៃឡងដ៏។

៥)សត្វនឹងមិនមានរោគសញ្ញានៃជំងឺឆ្លងណាមួយនៅថ្ងៃដឹកជញ្ជូន

៦)សត្វនឹងមិនត្រុវបានផ្ដល់អាហារ ដែលមានសមាសធាតុហាមឃាត់ស្របតាមច្បាប់របស់ប្រទេសកម្ពុជានិងប្រទេសថៃឡងដ៏

៧)សត្វមានប្រភពមកពីកសិដ្ឋានអនុវត្តការចិញ្ចឹមសត្វល្អដែលមានការទទួលស្គាល់ និងក្រោមការត្រួតពិនិត្យពីអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃឡងដ៏

៨) សត្វត្រូវបានចាក់ថ្នាំបង្ការជំងឺអុតក្ដាម

៩)យ៉ាងតិចបំផុតសត្វ០៥ក្បាលក្នុងហ្វូងត្រូវបានយកវិភាគដោយលទ្ធផលអវិជ្ជមានរយៈពេល០១ខែមុនការនាំចេញ ហើយលទ្ធផលនេះមានសុពលភាពរយៈពេល០១ខែ

១០) សត្វត្រូវដឹកជញ្ជូនដោយយានយន្តសមស្របទៅកន្លែងទម្លាក់សត្វនៅក្នុងកម្ពុជា

១១)ក្រោយពេលចាកចេញពីប្រទេសថៃឡងដ៏ យានយន្តដឹកជញ្ជូនត្រូវតែចតនៅផ្នែកកណ្ដាលទី ដែលបានទទួលស្គាល់ដោយកម្ពុជា

១២) ក្រុមហ៊ុននាំចេញតម្រូវឱ្យរៀបចំកន្លែងចត្តាឡីស័កជ្រូកផ្ទាល់ខ្លួននៅតាមព្រំដែនក្នុងប្រទេសថៃឡងដ៏ដោយមានការឯកភាពពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសថៃ។

សូមជម្រាបជូនថា ក្រុមហ៊ុន Jet Capital Company Limited គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៥៦ ដែលត្រូវបាននាយកដ្ឋានអផិវឌ្ឍន៍ការចិញ្ចឹមសត្វ នៃប្រទេសថៃ ស្នើសុំផ្គត់ផ្គង់ជ្រូកមកកម្ពុជា។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនថៃចំនួន១០មកហើយ ដែលបានបំពេញលក្ខខណ្ឌតាមតម្រូវការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ជាមួយគ្នានេះដែរ ករណីរបស់ក្រុមហ៊ុន Jet Capital Company Limited អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ការចិញ្ចឹមសត្វ ក្នុងការពិនិត្យ និងស្នើឱ្យក្រុមហ៊ុនបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាក្រុមហ៊ុនដែលអាចផ្គត់ផ្គង់ជ្រូករស់មកព្រះរាជាណាចក្រកម្ពុជា។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Jet Capital Company Limited នៅមិនទាន់បានបំពេញលក្ខខណ្ឌតម្រូវការនាំជ្រូកមកផ្គត់ផ្គង់នៅកម្ពុជានៅឡើយទេ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង