Yearendyearend1140x150

គិតត្រឹមព្រឹកថ្ងៃទី១៤ខែមីនានេះការឆ្លងកូវីដ១៩សរុបមាន៧ករណីនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកផ្ទុកកូវីដ១៩ ចំនួន៧ករណីហើយ ដោយពេលថ្មីៗនេះរកឃើញករណី Covid-19 នៅលើបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលជាអ្នកធ្វើការនៅសាលារៀនអន្តរជាតិមួយនៅភ្នំពេញ ហើយមួយករណីទៀតលើជនជាតិប៊ែលហ្ស៊ិកដែលជាបុគ្គលិកនៃអង្គការអន្តជាតិមួយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។

ដោយឡែកសម្រាប់ករណីរកឃើញជំងឺ Covid-19 លើជនជាតិប៊ែលហ្ស៊ិកដែលជាបុគ្គលិកនៃអង្គការអន្តជាតិមួយ ដោយសារមានសំណើរពីអង្គការសុខភាពពិភពលោក ដោយមានការស្នើសុំពីសហគមន៍អន្តរជាតិ ស្នើសុំយ៉ាងទទូចនោះមិនឲ្យក្រសួងផ្សព្វផ្សាយជាសធារណៈនូវអត្តសញ្ញាណ និងទីតាំងធ្វើការជាក់លាក់របស់បុគ្គលនោះ ក្រសួងសុខាភិបាលក៏សុំអភ័យទោសផងដែរ ដោយត្រូវធ្វើតាមការស្នើសុំរបស់អន្តរជាតិ។

លោកស្រីបញ្ជាក់ថា ជនជាតិប៊ែលហ្ស៉ិកដែលរកឃើញជំងឺ Covid នេះ គាត់បានអនុវត្តន៍នូវការការពារមិនឲ្យមានការចម្លងជំងឺចេញទៅក្រៅផងដែរ ហើយបច្ចុប្បន្នជនជាតិប៊ែលហ្ស៊ិកនេះ ក្រសួងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពី៥ប្រទេស ចូលក្នុងប្រទេសប្រទេសកម្ពុជាឡើយរយៈពេល៣០ថ្ងៃ ដែលប្រទេសទាំង៥នោះមាន អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្ដពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីការពារវីរុសកូរ៉ូណាឬកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង