Yearendyearend1140x150
Img 0571

ការនាំចេញ«ស្វាយ»កម្ពុជាទៅទីផ្សារចិនមិនអាចដំណើរការទៅរលូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្វាយកែវរមៀតខេត្តកំពង់ស្ពឺ។រូបភាព៖ក្រសួងកសិកម្ម

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ប៉ុន្តែដំណើរការនាំស្វាយទៅកាន់ទីផ្សារប្រទេសចិន នៅមិនអាចដំណើរការទៅដោយរលូនបានដោយសារនីតិវិធីច្បាប់ ក៏ដូចជាលក្ខខណ្ទតម្រូវដ៏ស្មុគស្មាញ និងរង់ចាំការសម្រេចចិត្តពីភាគីចិន។

យោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិននៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ចាប់តាំងពីកម្ពុជា និងចិនចុះពិធីសារ (Protocol) ជាមួយគ្នាមក អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។

អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន០១ និងបានផ្ញើជូន GACC កាលពី ខែមិថុនា ឆ្នាំ២០២០។

ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម ក៏បានបន្តចុះវាយតម្លៃទីតាំងចម្ការ និងក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ ជាលទ្ធផលឃើញថា កសិដ្ឋានអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ៣១កសិដ្ឋាន និងក្រុមហ៊ុនចំនួន ៣ បន្ថែមទៀតដែលបានសាងសង់រោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) រួចរាល់ ដើម្បីផ្ញើជូនភាគីចិនពិនិត្យ និងវាយតម្លៃ។

សរុបក្រុមហ៊ុន៤នោះមានជាអាទិ៍៖រោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រចំហាយទឹកក្តៅ របស់ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ស្នើទៅភាគីចិនតាំងពីខែកញ្ញា ឆ្នាំ២០២០។ រីឯក្រុមហ៊ុនចំនួន៣ទៀត គឺក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT ជាស្ថាពរ។ ក្រុមហ៊ុនបឹង កេត ហ្វ្រេស ហ៊្រូ្វត ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការតម្លើងម៉ាស៊ីន HWT រួចរាល់។ ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT។ ក្រុមហ៊ុនទាំង៣នេះ អគ្គនាយកដ្ឋានកសិកម្មរៀបចំឯកសារផ្ញើជូនអគ្គរដ្ឋបាលគយចិនក្នុងពេលតែមួយនៅអំឡុងពាក់កណ្តាលខែ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

គិតមកដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កំពុងរង់ចាំការត្រួតពិនិត្យជាក់ស្តែង (Virtual inspection) តាមប្រព័ន្ធវីដេអូពីចម្ងាយ (Online) ពីខាងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ដើម្បី សម្រេចអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ១៣១ ៨៩០ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៣ ០៩៩ ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន១៤,៨៤៩ តោន/ហ.ត/ រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៣៨២ ៤១៤តោន ។ ក្នុងឆ្នាំ២០២០ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន ៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង