Cct850x100 1
1800px x h300px kh

ក្រុមហ៊ុនក្នុងស្រុក១ចាំការវាយតម្លៃចុងក្រោយ មុនបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកោះកុងនិងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមហ៊ុនក្នុងស្រុក១ចាំការវាយតម្លៃចុងក្រោយ មុនបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកោះកុងនិងព្រះសីហនុ

ភ្នំពេញ៖ ក្នុងចំណោមក្រុមហ៊ុនទាំង១២ ដែលបានដាក់ពាក្យស្នើសុំការប្រកួតប្រជែងជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មដីល្បាយខ្សាច់។ ក្នុងនោះមានក្រុមហ៊ុន១ អាចមានសិទ្ធិធ្វើអាជីវកម្មនៅទីតាំងភូមិសាស្ត្រចំនួន៧ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍របស់លោក យស មន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល។

លោក យស មន្នីរ៉ាត់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មានក្រុមហ៊ុនចំនួន១២ដែលបានមកទទួលពាក្យស្នើសុំ ដើម្បីធ្វើការសិក្សា និងរៀបចំពាក្យយកមកដាក់ប្រកាសប្រកួតប្រជែងជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មដីល្បាយខ្សាច់។ ប៉ុន្តែនៅក្នុងថ្ងៃដាក់ឲ្យប្រកួតប្រជែងចាប់ពីថ្ងៃទី២៤គឺមានតែក្រុមហ៊ុនចំនួន៤បានចូលរួម ដោយឡែកក្រុមហ៊ុនគ្រាន់តែចូលរួមសង្គេតការ ហើយក្រុមហ៊ុន៣ទៀតបានពាក្យត្រឹមត្រូវតាមនីតិវិធី។

បើតាម លោក យស មន្នីរ៉ាត់ បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំង១២ដែលបានដាក់ពាក្យស្នើសុំមានតែក្រុមហ៊ុនមួយដែលបានរៀបចំឯកសារបានត្រឹមត្រូវតាមនីតិវិធី ហើយក្រុមហ៊ុនមួយនោះនឹងត្រូវបានក្រុមក្រសួងត្រួតពិនិត្យលើគុណភាពរួចរាល់ហើយ ប៉ុន្តែការសម្រេចយ៉ាងណានោះ គណៈកម្មាការបានសម្រេចនិងដាក់សំណើរជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីរង់ចាំការពិនិត្យសម្រេចលិខិតចេញជាផ្លូវការ។

សូមជម្រាបជូនថាកន្លងមក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងរ៉ែនិងថាមពល បានចេញ សេចក្តីជូនដំណឹងជាសាធារណៈ ដល់បណ្តាក្រុមហ៊ុនក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អំពីការដាក់ឱ្យមានការប្រកួតប្រជែងជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មដីល្បាយខ្សាច់នៅទីតាំងភូមិសាស្ត្រខាងលើ។

បន្ទាប់មក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រសួងរ៉ែនិងថាមពល បានអញ្ជើញក្រុមហ៊ុនចំនួន១២ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែង មកចូលរួមប្រជុំស្តាប់ការណែនាំអំពីនីតិវិធីប្រកួតប្រជែង និងផ្តល់លិខិតអនុញ្ញាតជូនក្រុមហ៊ុននីមួយៗ ចុះសិក្សាស្រាវជ្រាវអំពីសក្តានុពលធនធានរ៉ែដីល្បាយ ខ្សាច់ នៅតាមទីតាំងដែលក្រុមហ៊ុនស្នើសុំចូលរួមប្រកួតប្រជែង។

ជាលទ្ធផល គណៈកម្មការកំណត់បុរេលក្ខណសម្បត្តិ វាយតម្លៃ និងប្រគល់កិច្ចសន្យា បានជ្រើសយកឯកសាររបស់ក្រុមហ៊ុនតែ ០១ប៉ុណ្ណោះ ដែលបំពេញឯកសារបានត្រឹមត្រូវតាមសេចក្តីណែនាំ ដើម្បីធ្វើការពិចារណាក្នុងការផ្តល់អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម សម្រាប់ ធ្វើអាជីវកម្មដីល្បាយខ្សាច់នៅក្នុងភូមិសាស្ត្រខាងលើ៕

ក្រុមហ៊ុនក្នុងស្រុក១ចាំការវាយតម្លៃចុងក្រោយ មុនបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកោះកុងនិងព្រះសីហនុ


Khcct banner

អត្ថបទទាក់ទង