Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ឧបត្ថម្ភម្នាក់៥០០ដុល្លារដល់និស្សិតខ្មែរនៅក្រុងអ៊ូហាន

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្តល់ទឹកប្រាក់ឧបត្ថម្ភចំនួន ៤៦លានរៀលដល់និស្សិតខ្មែរចំនួន២៣នាក់ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីនោះ។ តាមកញ្ចប់ថវិកានេះ គឺនិស្សិតម្នាក់ទទួលបាន២លានរៀល ឫប្រមាណ៥០០ដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី០៤ ខែកុម្ភៈ។

ជាមួយនឹងការផ្តល់ថវិកាឧបត្ថម្ភនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានសម្រេចបង្កើតគណៈកម្មការមួយ និងបានចាត់តាំងតំណាងមួយរូប ដើម្បីទាក់ទងផ្ទាល់ និង សួរសុខទុក្ខនិស្សិតខ្មែរទាំង២៣នាក់ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហានជាប្រចាំថ្ងៃ។ ជាមួយគ្នានេះ ក្រសួងអប់រំក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គិតមកដល់ពេលនេះ និស្សិតខ្មែរទាំង២៣នាក់មានសុខភាពល្អ និង មិនមាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារតែទទួលបានការយកចិត្តទុកដាក់ខ្លាំងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរទេស ក្រសួងអប់រំ អាជ្ញាធរចិនពាក់ព័ន្ធ សាកលវិទ្យាល័យចិន ស្ថានតំណាងកម្ពុជានៅចិន និងសមាគមនិស្សិនៅទីនោះ។

ដោយឡែកចំពោះការរស់នៅប្រចាំថ្ងៃវិញ គឺនិស្សិតមួយចំនួនទទួលបានអាហារពីសាកលវិទ្យាល័យក្នុងមួយថ្ងៃ៣ពេល ដោយខាងសាកលវិទ្យាល័យបានយកអាហាររមកឱ្យពួកគេដល់បន្ទប់ស្នាក់នៅតែម្តង។ ចំណែក និស្សិតមួយចំនួនទៀតត្រូវទិញអាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញដែលនៅជិតសាកលវិទ្យាល័យបំផុត។ នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ឱ្យដឹងថា និស្សិតខ្មែរនៅស្នាក់នៅ និងសិក្សានៅក្នុងក្រុងអ៊ូហានខេត្តហូប៉ីមានចំនួនសរុប៨៩នាក់ដែលសិក្សានៅសាកលវិទ្យាល័យចំនួន៧ផ្សេងៗគ្នា។ ប៉ុន្តែនៅពេលនេះ មានតែនិស្សិតចំនួន២៣នាក់ប៉ុណ្ណោះដែលកំពុងជាប់នៅក្រុងវូហាន ខណៈនិស្សិត៦៦នាក់ទៀត បានមកលេងស្រុកកំណើតនៅកម្ពុជាដោយសារតែវិស្សមកាលរដូវរងា នាដើមខែមករា ឆ្នាំ២០២០នេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង