Yearendyearend1140x150

ឧកញ៉ាលឹម ហេង៖ដើមឆ្នាំ២០២១ការទាក់ទងមកធ្វើពាណិជ្ជកម្មនៅកម្ពុជាល្អធម្មតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ភ្នំពេញ៖ គិតក្នុងរយៈពេល២ខែដើមឆ្នាំ២០២១នេះ ការធ្វើទំនាក់ទំនងពាណិជ្ជកម្មកម្ពុជារវាងក្រុមហ៊ុនដែលជាដៃគូនៅតាមបណ្តាប្រទេសដទៃនៅតែមានស្ថេរភាពល្អធម្មតា ខណៈមានក្រុមហ៊ុន និងអង្គភាពជាច្រើនបានទាក់ទងធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីរកដៃគូក្នុងការបង្កើតគម្រោងផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក ឧកញ៉ា លឹម ហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា នៅក្នុងដើមឆ្នាំ២០២១នេះ ខាងសភាពាណិជ្ជកម្មកម្ពុជាបានទទួលការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន និងអង្គភាពជាច្រើនមកពីបណ្តាប្រទេសជាដៃគូ ក្នុងការបង្កើតគម្រោងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ ក្នុងមានក្រុមហ៊ុនមកពីបណ្តាប្រទេសដូចជា អាឡឺម៉ង់ ចិន និងថៃ ជាដើម។

បើតាមលោក ឧកញ៉ា លឹម ហេង បានបញ្ចាក់ថា ក្រុមហ៊ុនបរទេសដែលមានចំណាប់អារម្មណ៍មកធ្វើការទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ភាគច្រើនគឺខាងក្រុមហ៊ុនប្រទេសចិន ដែលមានគម្រោងពាណិជ្ជកម្មលើរោងចក្រផលិតកាតុង រោងចក្រដេរសម្លៀកបំពាក់ រោងចក្រផលិតគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតសម្ភារផ្សេងៗដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDCបានចេញសេចក្តីអនុម័តយល់ព្រម។

លោក ឧកញ៉ា លឹម ហេង បានបន្តថា តាំងពីខែមករាឆ្នាំ២០២១មក ខាងសភាពាណិជ្ជកម្មបានទំនាក់ទំនងជាមួយខាងក្រុមហ៊ុនចិន ក្រុមហ៊ុនថៃ និងជាពិសេសខាងក្រុមហ៊ុនឥណ្ឌា ហើយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងសភាពាណិជ្ជកម្មគ្រោងនឹងពិភាក្សាជាមួយគម្រោងសិក្ខាសាលារបស់ក្រុមហ៊ុនមកពីប្រទេសអាឡឺម៉ង់មួយទៀតធ្វើនៅសណ្ឋាគារហៃយ៉ាត់។ ទន្ទឹមនេះ ខាងសភាពាណិជ្ជកម្មចិន ក៏បានធ្វើការទំនាក់ទំនងគ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ប៉ុន្តែដោយសារក្នុងដំណាក់កាលកូវីដ ខាងសភាពាណិជ្ជកម្មទាំងពីរមិនទាន់ជួបមុខគ្នាបាន គ្រាន់តែបានជួបតាមប្រព័ន្ធវីដេអូអនឡាញ។

ជាមួយគ្នានេះ លោក ឧកញ៉ា លឹម ហេង បានលើកឡើងថា ចំពោះសភាពការណ៍នៃការធ្វើពាណិជ្ជកម្មកម្ពុជានៅក្នុងដើមឆ្នាំ២០២១ រយៈពេល២ខែ ពាណិជ្ជកម្មកម្ពុជានៅក្នុងស្ថេរភាពល្អ មានដំណើរការជាប្រក្រតី ដោយការធ្វើពាណិជ្ជកម្ម និងការគិតអ្វីដែលមានស្រាប់។ ខាងសភាពាណិជ្ជកម្មព្យាយាមទំនាក់ទំនងដំណើរការដឹកទំនិញឆ្លងកាត់ឆ្លងព្រំដែនមិនមានបញ្ហាទេ គ្រាន់តែមានការឡើងថ្លៃការដឹកជញ្ជូនបន្តិចតាមផ្លូវសមុទ្រ។ ចំពោះការធ្វើពាណិជ្ជកម្មខាងកម្ពុជារក្សាបានដដែល គ្រាន់តែជួបផលលំបាករវាងមនុស្សនិងមនុស្សពិបាកឆ្លងចុះឆ្លងឡើងដោយសារមានបញ្ហាកូវីដដែលធ្វើឲ្យបរទេសពិបាកមក ហើយខាងកម្ពុជាយើងក៏ពិបាកទៅដូចគ្នា។

លោក ឧកញ៉ា លឹម ហេង បានបន្ថែមថា ដូច្នេះដៃគូដែលប្រុងមករកស៊ីនៅកម្ពុជាគឺរងចាំវ៉ាក់សាំងកូវីដ ចឹងអ្វីដែលជាការល្អប្រសើរ គឺថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងច្រើននៅទូទាំងប្រទេស ដើម្បីទប់ស្កាត់បញ្ហាកូវីដបាន។ ឧទាហរណ៍ ជាក់ស្តែង ដើម្បីឲ្យវិស័យទេសចរណ៍ថៃដើរ រដ្ឋាភិបាលថៃបានប្រកាសឲ្យអ្នកដែលមានប័ណ្ណចាក់វ៉ាក់សាំងកូវីដហើយ ទៅទេសចរនៅប្រទេសថៃដោយមិនបាច់ធ្វើចត្តាឡីស័ក។

ចំពោះកម្ពុជាក៏ដូចគ្នា អ្នកដែលមានប័ណ្ណចាក់វ៉ាក់សាំងហើយ មកមិនបាច់ធ្វើចត្តាឡីស័ក ហើយពេលចេញពីកម្ពុជាទៅបណ្តាប្រទេសផ្សេងវិញ ក៏មិនបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ។ នេះគឺជាការជំរុញសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម និងទេសចរណ៍បន្ថែមដែរ។ បើគ្មានវ៉ាក់សាំងទេ សេដ្ឋកិច្ចកម្ពុជានៅតែនៅត្រឹង មានលក្ខណៈយឺតយ៉ាវ មិនបានលឿន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង