Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

យុវជនសំរាមបង្កើតប្រវត្តិសាស្ត្រថ្មីដើររើស«សំរាម»ពីភ្នំពេញដល់សៀមរាបដោយជោគជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
ចិន្តា
/
ក្រុមយុវជនសំរាមពេលដើរដល់ខេត្តសៀមរាប។

ភ្នំពេញ៖ ក្នុងរយៈពេលតែ ៩ថ្ងៃ យុទ្ធនាការថ្មើរជើងរើសសំរាមរបស់ក្រុមយុវជនសំរាមបានធ្វើដំណើរដោយថ្មើរជើង ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ទទួលបានជោគជ័យយ៉ាងរលូន។ភាពជោគជ័យនេះ អាចជាប្រវត្តិសាស្ត្រមួយរបស់ក្រុមយុវជនដែលកន្លងមកមិនមានអ្នកណាធ្វើបានជោគជ័យ។

ប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមយុវជនសំរាមលោក បានទៅដល់មុខប្រាសាទអង្គរវត្ត នៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២០ ដែលយុទ្ធនាការដើររើសសំរាមថ្មើរជើង និង មានសមាជិក ១៥ រូប ក្នុងនោះមានក្រុមនិស្សិត២រូបដែលស្ម័គ្រចិត្តចូលរួមផងដែរ។

បន្ទាប់ពីបានដល់ទីតាំងដែលបានកំណត់ភ្លាម គឺមុខប្រសាទអង្គរវត្ត ក្រុមយុវជនសំរាមមានទឹកចិត្តសប្បាយរីករាយ ហើយក៏បានផុសក្នុងគេហទំព័រហ្វេសប៊ុកថា « ទីបំផុតខ្ញុំក៏មកដល់គោលដៅ !! ៣៣៣គីឡូម៉ែត្រ (ភ្នំពេញ_សៀមរាប) ៩ថ្ងៃ ជាប្រវត្តិសាស្រ្តថ្មីរបស់ខ្ញុំត្រូវបានកត់ត្រាទុក... » ។

តាមការផ្ដល់កិច្ចសម្ភាសន៍នឹងស៊ីស៊ីថាមស៍ លោក ដារ៉ាវីតថ្លែងថា« ក្រុមយើងខ្ញុំបានទទួលការឧបត្ថម្ភទាំងថរិកាម្ហូបអាហារ ទីកន្លែងស្នាក់នៅ ផងដែរ ពីសំណាក់អ្នកទាំងអស់គ្នា ដែលមានចិត្តសប្បុរសធម៌ដូចជា អ្នកភូមិ អ្នកធ្វើដំណើរ និងបណ្ដាអ្នកធ្វើការនានា។ នេះសបញ្ជាក់ឱ្យបានឃើញថា ពួកគាត់មានចិត្តស្រលាញ់បរិស្ថាន និងមានការយល់ដឹងបានច្រើនពីការបោះចោលសំរាម និងគាំទ្រនូវសកម្មភាពថែរក្សាបរិស្ថានគ្រប់ទីកន្លែង តួយ៉ាងដូចជា យុទ្ធនាការថ្មើរជើងរើសសំរាម ពីភ្នំពេញមកសៀមរាបដូច្នេះដែរ »។

បើតាមលោក សាន ដារ៉ាវីត ក្នុងរយៈពេល ៩ថ្ងៃនេះ ការធ្វើយុទ្ធនាការនេះ ពិតជាមានន័យសម្រាប់ក្រុមយុវជនសំរាម។ពេលរើសសំរាមតាមបណ្ដោយផ្លូវ ក្រុមយុវជនបានជួយរុញឡាន និង បានជួបប្រទះបញ្ហាមួយចំនួនដូចជា ការស្នាក់នៅ ការបត់ដៃបត់ជើង និងការងូតទឹកជាដើម។

លោកដារ៉ាវីតថា «ការដើរផង រត់ផង ក្នុងការរើសសំរាមនេះ វាទាមទារឱ្យសមាជិកទាំងអស់គ្នា លះបង់ខ្ពស់ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្តផងដែរ។ ជាភាពជោគជ័យដោយរលូន គ្មានគ្រោះថ្នាក់ផ្សេងៗ ឡើយ ចាប់តាំងពីចេញយុទ្ធនាការនេះ»។

ប្រធានយុវជនសំរាមរូបនេះ បានបញ្ជាក់ថា សំរាមដែលក្រុមយុវជន បានរើសតាមផ្លូវ ភាគច្រើនជាសំរាមរបស់អ្នកដំណើរ ឬអ្នកនៅឆ្ញាយភូមិស្រុក ដោយចាក់ចោលតាមមាត់ផ្លូវ និងភ្លឺស្រែទាំងនោះ។ ចំណែក ប្រជាពលរដ្ឋ តាមភូមិស្រុក គឺពួកគាត់មានការចេះទុកដាក់សំរាម បានល្អប្រសើរច្រើន »។

លោកដារ៉ាវីត បានបង្ហាញនូវទឹកចិត្តគោរពមោទកភាពនៃទឹកចិត្តតស៊ូរបស់ក្រុមការងារ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាពលរដ្ឋ តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់គោលដៅ។ លោកមានអារម្មណ៍អំណរសាទរចំពោះសកម្មភាព នៃយុទ្ធនាការនេះណាស់ មានអារម្មណ៍ ថាវាប្លែកតែសប្បាយ និងបានបង្កើនថាមពលទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការរើសសំរាមក្នុងប្រទេសខ្លួន។

សូមបញ្ជាក់ថា យុទ្ធនាការដើររើស«សំរាម»ពីភ្នំពេញដល់សៀមរាបរបស់ក្រុមយុជនសំរាម បានចាប់ផ្ដើមដំបូងនៅថ្ងៃទី ៣ មីនា ក៏ជាថ្ងៃគម្រប់ខួបមួយឆ្នាំដែលបានកាយលូនៅបឹងត្របែក។ មូលហេតុនៃការជ្រើសរើសទិសដៅពីរាជធានីភ្នំពេញ(បឹងត្របែក) មកដល់ខេត្តសៀមរាប (មុខប្រាសាទអង្គរ) គឺដោយសារ ខេត្តសៀមរាប ជានៃទីស្នាក់ការទីពីររបស់ក្រុមយុវជន ហើយក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង