Cct850x100 1
1800px x h300px kh

លោកខម ម៉ី៖ជនជាតិខ្មែរ-ឥស្លាមនៅលើទូកអណ្តែតដូចជា«ចក»កម្សត់ និងពិបាកខ្លាំង

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ខម ម៉ី ជាជនជាតិខ្មែរ-ឥស្លាម ដែលបានមករស់នៅលើទូកនេសាទនៅតាមដងទន្លេក្រោមស្ពានជ្រោយចង្វា។ 

ភ្នំពេញ៖ ប្រជាពលរដ្ឋជនជាតិខ្មែរ-ឥស្លាមដែលតាំងទីលំនៅនៅតាមបណ្តោយច្រាំងទន្លេចតុមុខនៅក្បែរសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរពីផលលំបាកក្នុងការប្រកបរបរនេសាទត្រី ដោយសព្វថ្ងៃរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារសឹងតែមិនគ្រប់។ នេះជាការលើកឡើងរបស់ លោក ខម ម៉ី ជាជនជាតិខ្មែរ-ឥស្លាមប្រកបរបរនេសាទត្រី នៅតាមដងទន្លេនៅក្រោមស្ពានជ្រោយចង្វា។

ក្នុងវ័យ៣០ឆ្នាំ លោក ខម ម៉ី ជាជនជាតិខ្មែរ-ឥស្លាម ដែលបានមករស់នៅលើទូកនេសាទនៅតាមដងទន្លេក្រោមស្ពានជ្រោយចង្វា។ លោកបានមករស់នៅលើទូកនេសាទនេះ អស់រយៈពេល៣០ឆ្នាំមកហើយ ពោលគឺតាំងពីលោកកើតមក លោកបានរស់នៅលើទូកនេះជាមួយឪពុកម្តាយដែលប្រកបរបរនេសាទត្រី។ លោក ខម ម៉ី បានប្រាប់ថា ចំពោះជីវិតប្រជាពលរដ្ឋជនជាតិខ្មែរ-ឥស្លាមដែលរស់នៅលើទូកនេសាទអណ្តែតដូចជាចក ពិតជាកម្សត់និងពិបាកខ្លាំងទាំងកត្តាជីវភាព និងការហូបចុក ខុសគ្នាប្លែកគ្នាពីពលរដ្ឋដែលរស់នៅលើគោក នៅក្នុងភូមិស្រុក។

លោក ខម ម៉ី បានរៀបរាប់បន្តថា សព្វថ្ងៃលោករស់នៅលើទូកជាមួយក្រុមគ្រួសារដែល ប្រពន្ធ និងកូនតូចៗចំនួន៤នាក់។ របរនេសាទត្រីនេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារលោកបានទេ ព្រោះសព្វថ្ងៃការនេសាទរបស់លោកនៅតាមដងទន្លេមិនសូវរកត្រីបាន ដោយមួយថ្ងៃរកបានត្រឹមតែ៥ម៉ឺនរៀលតែប៉ុណ្ណោះ សម្រាប់ការចាយវាយប្រចាំថ្ងៃ និងផ្គត់ផ្គង់ឲ្យកូនបានទៅរៀនសូត្រសឹងតែមិនគ្រប់។

តាំងពីរស់នៅលើទូកនេសាទនេះមក លោក ខម ម៉ី បានជួបនូវផលលំបាកជាច្រើន ដោយក្រុមគ្រួសារមានសមាជិករហូតទៅដល់ប្រាំមួយនាក់ត្រូវរស់នៅក្នុងទូកនេសាទតូចមួយទាំងថ្ងៃនិងយប់។ ជាងនេះទៀត ការរស់នៅលើទឹកត្រូវជួបនៅការលំបាកដូចជា នៅហាលក្តៅ នៅពេលយប់មានរលកធំៗ ជួនកាលមានភ្លៀងខ្លាំងខ្យល់ព្យុះ។ នៅពេលជួបបញ្ហាទាំងនេះ លោក ខម ម៉ី បានជម្លាសកូនតូចៗ និងរបស់របរនៅក្នុងទូកដែលស្នាក់នៅទៅកាន់ទីទួលសុវត្ថិភាព។ ប្រសិនបើជួបនូវបញ្ហាទាំងនេះ ហើយមិនប្រញាប់ទៅទីទួលសុវត្ថិភាពទេ អាចនឹងជួបនូវបញ្ហាដូចជា ក្រឡាប់ទូកជាដើម។

មូលហេតុ ដែលលោក ខម ម៉ី សម្រេចចិត្តមករស់នៅលើទូកនេសាទបែបនេះ មិនប្រកបរបរការងារផ្សេងនៅក្នុងភូមិស្រុក ព្រោះលោកមិនចេះមុខរបរអ្វីផ្សេងក្រៅពីការនេសាទត្រីនោះទេ។ អ្នករស់នៅលើទូកនេសាទ ភាគច្រើនសុទ្ធតែជាប្រជាពលរដ្ឋជនជាតិខ្មែរ-ឥស្លាម ដែលតាំងទីលំនៅតាមដងទន្លេនៅក្បែរសណ្ឋាគារសុខា។

លោក ខម ម៉ី តែងតែមានបំណងចង់ផ្លាស់ប្តូរមករស់នៅលើគោលដូចអ្នកភូមិស្រុកដទៃដែរ ប៉ុន្តែដោយសារតែលោកមិនចេះប្រកបនូវរបរផ្សេងក្រៅពីការនេសាទត្រី គួបផ្សំនឹងកត្តាជីវភាពមានការខ្វះខាតខ្លាំង លោកមិនមានលទ្ធភាពក្នុងការទិញផ្ទះ ឬដីដើម្បីសាងសង់ផ្ទះទេ។ លោកបាននិយាយថា«ធ្វើម៉េចបើជីវភាពយើងខ្វះខាត គឺមានតែតាមវាសនា»៕


Khcct banner

អត្ថបទទាក់ទង