Cct850x100 1
1800px x h300px kh

រដ្ឋបាលខេត្តព្រះសីហនុឱ្យអ្នកធ្លាប់ចូលសណ្ឋាគារ០៥កន្លែងនេះទៅធ្វើតេស្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រដ្ឋបាលខេត្តព្រះសីហនុឱ្យអ្នកធ្លាប់ចូលសណ្ឋាគារ០៥កន្លែងនេះទៅធ្វើតេស្ត

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិដែលធ្លាប់ចូលទៅស្នាក់នៅក្នុងសណ្ឋាគារចំនួន៥កន្លែងទៅធ្វើតេស្តរកកូវីដ-១៩ ក្រោយក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិចិនចំនួន២នាក់។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ស៊ីស៊ីថាមស៍ឱ្យដឹងថា បច្ចុប្បន្នស្រ្តីជនជាតិចិនទាំងពីរនាក់ត្រូវបានដាក់ដោយឡែកនិងត្រូវបានផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តបានសម្រេចផ្អាកសណ្ឋាគារចំនួន៥កន្លែងមានដូចជា សណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ១កន្លែង ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយី១កន្លែង ។

បើតាមលោក ឃាង ភារម្យ បច្ចុប្បន្នក្រុមការងារ និងសមត្ថិកិច្ចជំនាញរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការនៅលើទីតាំងទាំង៥កន្លែងនោះ ដើម្បីប្រមូលអ្នកដែលមានការពាក់ព័ន្ធ និងត្រៀមយកសំណាកមកធ្វើតេស្តរកកូវីដ១៩។ ទន្ទឹមនេះ រាល់ការចេញចូលរបស់ភ្ញៀវទាំងបរទេស ទាំងខ្មែរតាមច្រកនានា រដ្ឋបាបានបញ្ជាក់បន្តថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងម៉ឹងម៉ាត់តាមវិធានរបស់ក្រសួងសុខាភិបាល និងបានដាក់ពង្រាយកម្លាំងទៅតាមទីតាំងគោលដៅដែលកំណត់ដោយអាជ្ញាធរខេត្ត។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ និងបុគ្គលិកទាំងអស់ ដែលធ្លាប់មានវត្តមានចេញចូលនៅក្នុងទីតាំងទាំង៥កន្លែងនោះ ចាប់ពីថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ ប្រសិនបើដឹងថាមានប៉ះពាល់នឹងបុគ្គលទាំងពីរខាងលើ ត្រូវចូលរួមសហការដោយស្ម័គ្រចិត្ត ដើម្បីធ្វើតេស្តរកកូវីដ១៩ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ ដែលមានស្ត្រីជនជាតិចិនអាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីនប៉ិព័រអ៊ី ស្ថិត នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។រីឯស្ត្រីជនជាតិចិនម្នាក់ទៀត អាយុ២២ឆ្នាំ មកពី រាជធានី ភ្នំពេញកាលពីយប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ តាមរថយន្តជាមួយអ្នកបើកបរ ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។

បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្លាំងគ្រប់ច្រកល្ហកតាមទីតាំងគោលដៅសំខាន់មួយចំនួនក្នុងដែលសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ការបង្កើនការរឹតបន្តឹងនេះ គឺគោលបំណងធានាធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យរីករាលដាលកូវីដ-១៩ ស្របតាមការប្រកាសដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុនសែន៕


Khcct banner

អត្ថបទទាក់ទង