Yearendyearend1140x150

កញ្ញា ហុក សុវណ្ណវត្តី ច្នៃក្រណាត់អនាម័យស្រ្តី(Washable pad)ដើម្បីជំនួសសំឡីអនាម័យប្លាស្ទិក

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គំនិតច្នៃប្រឌិតមួយដែលកូនខ្មែរយើងបានសិក្សាដកបទពិសោធន៍តាមរយៈការចូលរួមការងារសង្គមទាំងក្នុងស្រុក និងក្រៅស្រុក គឺកញ្ញា ហុក សុវណ្ណវត្តី ជាស្ថាបនិកនៃអាជីវកម្ម«ហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia)» បានផ្តួចផ្តើមគំនិតនៃការផលិតក្រណាត់អនាម័យស្រ្តី (Washable pad) សម្រាប់ស្រ្តីប្រើជំនួសសំឡីអនាម័យប្លាស្ទិកបាន ក្នុងគោលបំណងផ្ដល់ជាជម្រើសដល់ស្រ្តីបំពេញតាមតម្រូវការច្រើនប្រភេទ បង្កើនផាសុកភាព និងបង្កើតជាជម្រើសដល់ស្រ្តីៗសម្រាប់ប្រើប្រាស់ប្រចាំខែ។

ក្នុងវ័យ២៥ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ កញ្ញា សុវណ្ណវត្តី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានបរទេស និងបរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីឆ្នាំ២០១៦ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា Green Lady Cambodia ផ្ដើមចេញគម្រោងតូចមួយ តាំងពីដើមខែកុម្ភៈឆ្នាំ២០១៧ ហើយត្រូវបានទទួលជ័យលាភីក្នុង«កម្មវិធីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ YSEALI (Young Southeast Asian Leaders Initiative) » ហើយទទួលបានជាកញ្ចប់ថវិកាពីសហរដ្ឋអាមេរិក ដែលគេបើកឱកាសឱ្យមានការប្រកួតប្រជែងសម្រាប់យុវជនមានគំនិតច្នៃប្រឌិតចង់បង្កើតអ្វីដែលជារបស់ខ្លួនឯង។

ដំបូងឡើយកញ្ញា សុវណ្ណវត្តី បានកុម្ម៉ង់ក្រណាត់អនាម័យស្រ្តី (Washable pad) មួយចំនួននៅប្រទេសឥណ្ឌាសិន ដើម្បីសាកល្បងតេស្តពីគុណភាព និងស្ថានភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជា រួចក៏សាកល្បងផលិតក្រណាត់ដោយខ្លួនឯងចាប់ពីខែឧសភា ឆ្នាំ២០១៩ ដោយដេរក្រណាត់ស្រ្តីដំបូងនោះ បានត្រឹមតែចំនួន០៨ក្រណាត់តែប៉ុណ្ណោះ មានស្រ្តីនារីមួយចំនួនបានចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់វា។ មកដល់ពេលនេះ ផលិតបាន ជាង៩០០០ក្រណាត់ហើយ ដែលប្រាក់ចំណេញទាំងនោះបានយកទៅជួយដល់អង្គការក្រៅរដ្ឋាភិបាលផង សាលារៀនផង និងផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលផងដែរ។

ស្ថាបនិកដ៏ឆ្នើមរូបនេះ ប្រាប់ពីមូលហេតុដែលខ្លួនបានបង្កើតគម្រោងនេះឡើងគឺ ដោយសារខ្លួនបានធ្លាប់ចូលរួមកម្មវិធីមួយ ដើម្បីរស់នៅប្រកបដោយចីរភាព(Sustainable Living) នៅប្រទេសថៃ គេណែនាំអំពីក្រណាត់អនាម័យស្រ្តីឱ្យប្រើប្រាស់ ហើយក៏ចាប់ផ្ដើមមានគំនិតថា ចង់យកក្រណាត់ស្រ្តីនោះមកចែករំលែកដល់ស្រ្តីៗ និងនារី កុមារី នៅស្រុកខ្មែរ បានដឹង និងចាប់ផ្ដើមប្រើប្រាស់ដូចគ្នា ព្រោះនៅបរទេសមួយចំនួនធំ ដូចជាអាមេរិក និងប៉ែកអឺរ៉ុប គេចាប់ផ្ដើមប្រើប្រាស់ក្រណាត់ស្រ្តីនេះរួចមកហើយ។

ក្រៅពីបានចែករំលែកចំណេះដឹងនៃការប្រើប្រាស់ក្រណាត់ស្ត្រីសម្រាប់ជំនួស និងកាត់បន្ថយការប្រើប្រាស់សំឡីអនាម័យ គឺចង់បើកវគ្គបណ្ដុះបណ្ដាលបង្រៀនដល់ក្មេងស្រី សិស្ស និស្សិត និងប្រជាជនស្រ្តី ឱ្យពួកគាត់ឈប់មានអារម្មណ៍ខ្មាសអៀនលើរូបកាយ និងវដ្ដរដូវរបស់គាត់ ចង់ឱ្យប្រធានបទនេះក្លាយជារឿងសាមញ្ញដែលគ្នាហ៊ាននិយាយ ជជែកពិភាក្សា និងត្រូវតែបង្រៀនដោយគ្រួសារ អាណាព្យាបាលបើកចំហ។ ចង់ឱ្យការប្រើប្រាស់ក្រណាត់អនាម័យស្រ្តី ក្លាយជារឿងមួយធម្មតាដូចដែលប្រើប្រាស់សំឡីអនាម័យដូចគ្នា។ លើសពីនេះទៀត កញ្ញាចង់ជួយលើកស្ទួយជីវភាពរបស់ស្រ្តីដែលមានជំនាញដេរក្រណាត់ ឱ្យគាត់មានជីវភាពល្អប្រសើរជាងមុន ហើយឱ្យគ្រប់គ្នាបានយល់ដឹងអំពីគោលការណ៍ និងតម្លៃក្នុងការធ្វើអាជីវកម្មមួយ ដែលមិនមែនគ្រាន់តែជួយខ្លួនឯងប៉ុណ្ណោះទេ តែបានចូលរួមជួយសង្គមមួយនេះផងដែរ។

ស្រ្តីនារីទាំងឡាយ អាចតាមដានកត់សម្គាល់ពីសុខភាពផ្ទាល់ខ្លួនជាក់ស្ដែង តាមរយៈការមើលឃើញផ្ទាល់ពីឈាមរដូវប្រចាំខែនៅក្រណាត់ស្រ្តី មិនដូចពេលប្រើសំឡីអនាម័យនោះទេ។ បើសិនជាពួកគាត់ដឹងថា ឈាមរដូវក្នុងខែណាមួយមានបញ្ហាខុសពីធម្មតា នោះពួកគាត់ងាយនឹងរកដំណោះស្រាយមួយដែលសមស្របផងដែរ រួមជាមួយនឹងការទទួលស្គាល់ខ្លួនឯង មើលថែខ្លួនឯង និងហ៊ានបើកចំហក្នុងការនិយាយបញ្ហារឿងវដ្ដរដូវផងដែរដើម្បីចែករំលែកបទពិសោធន៍ផ្សេងៗបន្តគ្នា ទៅដល់ក្រុមស្រ្តីផ្សេងៗទៀត។ ក្រណាត់អនាម័យស្រ្តីនេះ វាមិនស្អិតដូចសំឡីអនាម័យ ហើយវាដូចជាសាច់ក្រណាត់ខោ អ្នកធ្វើការនៅមួយកន្លែង ឬក៏អាឡែកហ្ស៊ីស្បែកជាមួយនឹងសារធាតុផ្សំនៃសំឡីអនាម័យ ពួកគេហ៊ានផ្លាស់ប្ដូរទម្លាប់ពីការប្រើប្រាស់សំឡីអនាម័យ មកប្រើប្រាស់ក្រណាត់អនាម័យស្រ្តីវិញដែលជាជម្រើសល្អសមស្រប ផ្ដល់ផាសុកភាពគួរជាទីទុកចិត្តបំផុត។

កញ្ញា សុវណ្ណវត្តី រៀបរាប់ត្រួសៗ អំពីបញ្ហាដែលខ្លួន និងក្រុមការងារបានជួបប្រទះចាប់តាំងពីដំណើរការមកគឺ ការស្វែងរកអ្នកដែលមានផ្នត់គំនិត ការគិត និងអាចចាប់ដៃប្រកបអាជីវកម្មជាមួយគ្នាបាន និងចក្ខុវិស័យដូចគ្នាប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។ រីឯបញ្ហាផ្នែកដើមទុនហិរញ្ញវត្ថុ និងមធ្យោបាយផ្សព្វផ្សាយបញ្ជ្រាបដល់អតិថិជន ឱ្យបានដឹងពីគម្រោងនៃការផលិតក្រណាត់អនាម័យស្រ្តីដែលពួកគាត់បានទិញក្រណាត់អនាម័យស្រ្តីទៅប្រើប្រាស់ គឺពួកគាត់បានចូលរួមវិភាគទានជួយសង្គមមួយចំណែកផងដែរ។ ជាមួយគ្នានេះ ទីផ្សារនៃផលិតផលលក់ចេញជាសាធារណៈបានដំណើរការជាប្រភេទអាជីវកម្មបែបសង្គម វាមិនដូចជាអាជីវកម្មបែបប្រពៃណីនោះទេ គឺត្រូវគិតអំពីសមិទ្ធិផលនីមួយៗ ត្រូវតែអាចជួយគាំទ្រដល់សង្គមជាតិប្រកបដោយសមភាពរវាងអាជីវករ និងអ្នកប្រើប្រាស់។

ស្ថាបនិកនៃអាជីវកម្ម ហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia)រូបនេះ ប្រាប់ថា ការប្រើប្រាស់វត្ថុធាតុដើមពីកប្បាសដែលជ្រលក់ថ្នាំពណ៌ធម្មជាតិ គម្រោងអាជីវកម្ម«ហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia)» គឺដើម្បីសុវត្ថិភាព និងផ្ដល់ផាសុកភាពជូនដល់អ្នកប្រើប្រាស់ សាច់ក្រណាត់ដូចជាខោអាវពាក់ធម្មតា ហើយមិនស្អិត ឬក្ដៅស្អុះស្អាប់ និងមិនមានជាតិគីមីនោះទេ។ ក្នុងដំណើរការលក់ក្នុងឆ្នាំ២០១៧ និងផលិតនៃសិប្បកម្មដេរដោយដៃមានក្រណាត់ខ្នាតតូច ចំនួនជាង៩ពាន់បន្ទះក្រណាត់ តាំងពី២០១៩មកដល់បច្ចុប្បន្ន ដែលមានជាងដេរមានចំនួន២នាក់ រស់នៅក្នុងអង្គការមួយកន្លែងនៅជិតស្ទឹងមានជ័យ ធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់ បានធូរធារប្រសើរជាងមុន។

ចំពោះការប្រើប្រាស់ កញ្ញាពិតជាសប្បាយចិត្តខ្លាំងដែលអ្នកប្រើប្រាស់បានប្រាប់ថា ពួកគាត់ប្រើផលិតផលក្រណាត់ស្រ្តីរួចមក គាត់មានអារម្មណ៍សុខភាពល្អ និងផាសុកភាពប្រសើរជាងមុន ដែលនេះហើយជាអ្វីដែលកញ្ញាចង់បាន ហើយពួកគាត់បានចែករំលែកទៅដល់ក្រុមគ្រួសារ និងអ្នកដទៃផ្សេងៗ នៅថ្ងៃមុខបន្តទៀត។ កញ្ញា អះអាងថា ខ្លួនមិនមែនចង់ឱ្យមានការប្រៀបធៀបរវាងការប្រើប្រាស់សំឡីអនាម័យ និងក្រណាត់ស្រ្តីនោះទេ គ្រាន់តែកញ្ញាមើលឃើញអំពីផលប្រយោជន៍របស់ក្រណាត់ស្រ្តី ហើយចង់បណ្ដុះស្មារតី និងទម្លាប់របស់ស្រ្តីៗតាមដំណាក់កាលៗ ដើម្បីសិក្សាអំពីចំណង់ចំណូលចិត្តរបស់ពួកគាត់ថាតើ ការប្រើប្រាស់មួយណាដែលសមស្របជាមួយនឹងខ្លួនពួកគេផ្ទាល់ និងតែងតែលើកទឹកចិត្តជាដំណាក់ដំបូង ឱ្យពួកគាត់ប្រើប្រាស់ក្រណាត់ស្រ្តីផង ប្រើសំឡីអនាម័យផង តាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង។

នាពេលខាងមុខ ស្ថានិកនៃអាជីវកម្មក្រណាត់អនាម័យស្រ្តីរូបនេះ សង្ឃឹមថា សាធារណជនទាំងឡាយជាពិសេសស្រ្តីៗ នឹងមានការយកចិត្តទុកដាក់ ថែរក្សាពីសុខភាពផ្ទាល់ខ្លួនខ្លាំងជាងមុន ទោះបីរវល់នឹងការងារក្ដី ក៏មិនភ្លេចក្នុងការថែរក្សាសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្រលាញ់ខ្លួនឯងជាងមុន យល់ពីខ្លួនឯងជាងមុន ហើយគោរពខ្លួនឯងជាមុន ហើយជាពិសេសស្រ្តី និងក្មេងស្រី ដែលរងសម្ពាធពីសង្គម គួរតែត្រូវងើបឈរ ស្មារតីរឹងមាំ ចាប់ផ្ដើមបដិវត្តន៍ថ្មីសម្រាប់ស្រ្តីខ្មែរ។ ម្យ៉ាងវិញទៀតខ្លួនមានគម្រោងថ្មី ទាក់ទងនឹងការធ្វើអាវសម្រាប់ពាក់ពេលមករដូវ ខោពេលមករដូវ និងរឿងផ្សេងៗទៀត ដែលគម្រោងទាំងនោះអាចជារឿងដែលបានកំណត់ពីរឿងខ្មាសអៀនរបស់នារីៗដែលមិនសូវចង់ជជែកជាសាធារណៈនោះទេ ហេតុនេះគោលបំណងចង់ឱ្យផ្លាស់ប្ដូរផ្នត់គំនិតចាត់ទុកថា វារឿងខុសប្លែកមកជារឿងសាមញ្ញធម្មតាៗវិញ ជាមួយនឹងឆន្ទៈ និងការតាំងចិត្តរបស់ក្រុមការងារ តែងតែឈរមុខរួមជាមួយនឹងការជម្រុញលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ និងអ្នកធ្វើអាជីវកម្មសង្គមដូចគ្នាផងដែរ។

កញ្ញា យាន គីមហ៊័ន អាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី៤ ផ្នែករដ្ឋបាលសាធារណៈ មានស្រុកកំណើតនៅភ្នំពេញ ដែលបានប្រើប្រាស់ក្រណាត់អនាម័យស្រ្តី បានប្រាប់អំពីចំណាប់អារម្មណ៍របស់ខ្លួនថា មូលហេតុដែលខ្លួនបានប្រើប្រាស់ក្រណាត់ស្រ្តី គឺដោយសារខ្លួនធ្លាប់រមាស់ស្បែកពេលប្រើសំឡីអនាម័យម្ដងៗ តែគ្មានជម្រើស តែក្រោយពីបានដឹងថា មានក្រណាត់ស្រ្តីអាចប្រើជំនួសសំឡីអនាម័យបែបនេះ កញ្ញាសម្រេចចិត្តប្រើតែម្ដង ដោយប្រើប្រាស់ជាមួយក្រណាត់ស្រ្តីផង និងប្រើប្រាស់សំឡីអនាម័យផង។ ខ្លួនបានប្រើប្រាស់ ប្រមាណជាង០៥ខែមកហើយ។ កត់សម្គាល់ឃើញថា នៅពេលដែលខ្លួនមករដូវម្ដងៗ ហើយប្រើជាមួយសំឡីអនាម័យនោះ តែងតែរមាស់ជានិច្ចកាល។

ស្រ្តីដែលបានប្រើក្រណាត់អនាម័យស្រ្តីនេះ និយាយ « ខ្ញុំគិតថា អំឡុងពេលកូវីដនេះ ខ្ញុំបានប្រើប្រាស់ក្រណាត់ស្រ្តីពីអាជីវកម្ម«ហ្គេនឡេឌី ខេមបូឌា (Green Lady Cambodia)»បានជាប់លាប់ ខ្ញុំមានអារម្មណ៍ល្អក្នុងការប្រើប្រាស់វា ហើយនៅពេលប្រើប្រាស់សំឡីអនាម័យធៀបនឹងគ្នាទៅខុសគ្នាពិតមែន។ មួយវិញទៀត ខ្ញុំមិនចាំបាច់យកសំរាមសំឡីអនាម័យខ្ចប់ទៅចោលផងដែរ អាចជួយដល់បរិស្ថាន កាត់បន្ថយប្លាស្ទិក កុំឱ្យប៉ះពាល់មេរោគនៅក្នុងមជ្ឈដ្ឋានជុំវិញផងដែរ។ កាត់បន្ថយការចំណាយប្រចាំខែទៅលើការទិញសំឡីអនាម័យផងដែរ។ ខ្ញុំសប្បាយចិត្តក្នុងការប្រើប្រាស់ និងចែករំលែកអ្វីដែលខ្ញុំបានដឹងទៅដល់បងប្អូន សាច់ញាតិ និងមិត្តភក្ដិស្រីៗ និងកុមារី»។

យុវតី គីមហ៊័ន ប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនបានទិញក្រណាត់អនាម័យស្រ្តីនេះ មកប្រើជំនួសសំឡីអនាម័យបានមួយរយៈពេល ហើយវាពិតជាបានជួយដល់សុខភាពរបស់កញ្ញាច្រើនជាងមុន ហើយចំណេញទាំងពេលវេលា និងថវិកាទៀតផង។ ក្នុងមួយខែ យ៉ាងហោចណាស់១ខែៗ ខ្លួនត្រូវចំណាយប្រាក់ក្នុងការទិញសំឡីអនាម័យប្លាស្ទិកចំនួន១ដុំទៅ២ដុំ ដល់មកប្រើក្រណាត់វិញ មិនបានចំណាយដូចមុននោះទេ។ មួយទៀតនោះអ្វីដែលសំខាន់សំឡីអនាម័យប្រើរួចហើយត្រូវបោះចោលដែលវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែក្រណាត់អនាម័យអាចប្រើប្រាស់ឡើងវិញ ដោយការបោកទឹកជាមួយសាប៊ូ និងហាលឱ្យស្ងួតត្រូវកម្ដៅថ្ងៃ ដែលអាចប្រើបានរហូតដល់៣ទៅ៤ឆ្នាំឯណោះ។

អ្នកស្រី លី វណ្ណៈ អាយុ ៤១ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នកកាត់ដេរជាង២០ឆ្នាំមកហើយ បានចាប់ផ្ដើមដេរឱ្យគម្រោងអាជីវកម្ម Green Lady Cambodia តាំងពីឆ្នាំ២០១៩មក។ អ្នកស្រី លី វណ្ណៈ និយាយថា កាលពីដំបូង អ្នកស្រីមិនទាន់ចេះដេរក្រណាត់អនាម័យស្រ្តីនោះទេ ចេះតែដេរសំលៀកបំពាក់ធម្មតាៗ។ ប៉ុន្តែមកដល់ពេលនេះអ្នកស្រីអាចដេរស្ទាត់ល្អណាស់ ហើយក្នុងរយៈពេលមួយអាទិត្យ អ្នកស្រីអាចដេរបានរហូតជិត១០០ ទៅ២០០ក្រណាត់អនាម័យ។ ក្នុងមួយខែ អ្នកស្រីអាចរកចំណូលបន្ថែមគិតជាមធ្យមជាង ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលជាឱកាសឱ្យអ្នកស្រីអាចរកប្រាក់កម្រៃបន្ថែម ជួយគាំទ្រដល់ជីវភាពគ្រួសារ កូនចៅបានរៀនសូត្រផងដែរ។

អ្នកស្រី បានបន្តថា «ខ្ញុំបានផ្លាស់ប្ដូរទម្លាប់របស់ខ្ញុំពីការប្រើប្រាស់សំឡីអនាម័យមកប្រើប្រាស់ក្រណាត់អនាម័យស្រ្តីនេះ ដោយបានដឹងពីអាជីវកម្មរបស់កញ្ញា ហុក សុវណ្ណវត្តី ជាស្ថានិក Green Lady Cambodia។ មិនមែនតែខ្ញុំទេ ក្រុមគ្រួសាររបស់ខ្ញុំក៏បានផ្លាស់ប្ដូរមកប្រើក្រណាត់ស្រ្តីផងដែរ ខ្ញុំពិតជាសំណូមពរដល់មិត្តនារី ស្រ្តី ក្មេងស្រី កុមារី គួរតែប្រើប្រាស់ក្រណាត់អនាម័យស្រ្តី (Washable pad) នេះ ព្រោះគុណភាពល្អ ចំណេញថវិកា អាចប្រើជំនួសសំឡីអនាម័យ មិនបង្កើនសំរាមប្លាស្ទិក និយាយរួមគឺ ល្អទាំងប្រើ ល្អទាំងសុខភាព ល្អទាំងបរិស្ថានទៀតផង។

សូមបញ្ជាក់ថា ក្រណាត់អនាម័យស្រ្តី (Washable pad) ផលិតពីកប្បាស ដែលត្រូវបានផលិតមកប្រកបដោយគុណភាពល្អ មានរូបរាងស្អាត និងជាក្រណាត់ប្រភេទម្យ៉ាងដែលទំនុកចិត្តថា វានឹងមិនជ្រាបប្រឡាក់ចេញមកក្រៅនោះទេ អំឡុងពេលមករដូវអ្នកអាចថែរក្សាសុខភាព និងមានទំនុកចិត្តជាមួយនឹងក្រណាត់អនាម័យស្រ្តីទាំងនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង