Yearendyearend1140x150

«ស្ករត្នោតកំពង់ស្ពឺ»ធ្លាក់ថ្លៃនៅសល់៧០០០រៀលក្នុង១គីឡូ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ

ភ្នំពេញ៖ កសិករប្រកបរបរផលិតស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺ មានការត្អូញត្អែរពីការធ្លាក់ថ្លៃស្ករត្នោត មិនសមនឹងកម្លាំងពលកម្មដែលកសិករខិតខំផលិតស្ករត្នោតដែលមានគុណភាពសុទ្ធល្អ ខណៈតម្រូវការស្ករត្នោតនៅលើទីផ្សារនៅតែមានច្រើនដដែល។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ស្ថានភាពក្នុងការផលិតស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងជួបនឹងផលប៉ះពាល់មួយចំនួនដល់ប្រជាកសិករក្នុងការផលិត។ ភាគច្រើនកសិករបានលើកឡើងពីផលលំបាកនៃការធ្លាក់ថ្លៃស្ករត្នោត ដោយស្ករត្នោតលក់បានតម្លៃត្រឹមតែ៧០០០រៀលក្នុង១គីឡូតែប៉ុណ្ណោះ។ កសិករមានការអក់អន់ចិត្តដែលការខិតខំប្រឹងប្រែងផលិតស្ករត្នោតដែលមានគុណភាពសុទ្ធល្អ ដោយប្រើប្រាស់នូវកម្លាំងពលកម្មច្រើន ប៉ុន្តែបែរជាទទួលបានតម្លៃទាបទៅវិញ។ ហើយនេះក៏ជាហេតុដែលធ្វើឲ្យកសិករមួយចំនួនបោះបង់នូវរបរផលិតស្ករត្នោតដែរ។

បើតាមលោក សំ សារឿន បានបញ្ជាក់ថា បច្ចុប្បន្នស្ករត្តោតកំពង់ស្ពឺ កំពុងប្រឈមនឹងបញ្ហាដោយសារជួបប្រទះបញ្ហាខ្សែចង្វាក់ផលិតកម្មពោលគឺខ្វះកម្លាំងពលកម្ម និង ធនធានមួយចំនួន ខណៈតម្រូវការស្ករត្នោតកំពង់ស្ពឺ ទាំងក្នុងស្រុក និងក្រៅស្រុក កំពុងមានការពេញនិយម និងតម្រូវការទីផ្សារខ្ពស់ពីអតិថិជន។

លោក សំ សារឿន បានថ្លែងបន្តថា ការនាំចេញស្ករត្នោតទៅក្រៅប្រទេសមានតម្រូវការច្រើន រីឯតម្រូវការក្នុងស្រុកក៏ពេញនិយម តែបញ្ហាត្រង់ថាការផ្គត់ផ្គង់ស្ករត្នោតនៅមានការខ្វះខាតមិនបានគ្រប់តម្រូវការទីផ្សារនោះទេ ដោយការប្រើប្រាស់នៅក្នុងស្រុកតម្រូវការក្នុងមួយឆ្នាំៗមានចំនួន១០០ទៅ២០០តោនឯណោះ។

មូលហេតុនៃការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់នេះ លោក សំ សារឿន ពន្យល់ថា ដោយសារកត្តាមួយចំនួន មានជាអាទិ៍ដូចជា ប្រជាកសិករដែលប្រកបរបរនេះថ្មីថ្មោងបានបោះបង់ការឡើងត្នោត ពោលគឺនៅសល់តែប្រជាកសិករចាស់ៗអាយុ៥០ឆ្នាំឡើងតែប៉ុណ្ណោះ ដែលនៅតែបន្តរបរនេះក្នុងសហគមរបស់មានប្រមាណតែ១០០ជាងគ្រួសារទេ។ ដើម្បីបង្កើនការផលិតឡើងវិញ សមាគមកំពុងតែកៀងករប្រជាកសិករឱ្យបាន២០០គ្រួសារដើម្បីមានលទ្ធភាពផលិតស្ករត្នោតឱ្យគ្រប់តម្រូវការក្នុងស្រុក និងក្រៅស្រុក។

ជាមួយគ្នានេះ ក្នុងនាមលោក សំ សារឿន បានលើកឡើងថា ក្នុងនាមលោកជាប្រធានសមាគមស្ករត្នោតខេត្តកំពុងស្ពឺ ហើយដើម្បីជួយដោះស្រាយនៃបញ្ហាប្រឈមនៃការធ្លាក់ថ្លៃស្ករត្នោតនេះ ខាងសមាគមបច្ចុប្បន្នកំពុងខិតខំផ្សព្វផ្សាយ និងអំពាវនាវ ដល់ប្រជាកិសករឲ្យយល់ច្បាស់ពីកាតព្វកិច្ច និងការផលិតស្ករត្នោតដែលមានស្តង់ដា និងគុណភាពល្អ។ បន្ថែមនេះ សមាគមស្ករត្នោតនឹងខិតខំពន្យល់ប្រជាកសិករពីតម្រូវការទីផ្សារ និងប្រភេទនៃស្ករត្នោត។ នៅពេលដែលប្រជាកសិករខិតខំប្រឹងប្រែង និងរួមសហការជាមួយសមាគមផលិតស្ករត្នោត នោះតម្លៃស្ករត្នោតដែលលក់នៅលើទីផ្សារនឹងមានតម្លៃខ្ពស់ ព្រោះជាក់ស្តែងមានគ្រួសារខ្លះទទួលបានចំណូលពីការផលិតស្ករត្នោតពី៤ពាន់-៥ពាន់ដុល្លារក្នុងរយៈពេលតែ៣ខែ។

ដូច្នេះ ប្រធានសមាគមស្ករត្នោតកំពង់ស្ពឺ អំពាវនាវដល់ប្រជាកសិករផលិតស្ករត្នោត ឲ្យប្រឹងប្រែង តស៊ូ ស្វិតស្វាញ និងយកចិត្តទុកដាក់ក្នុងការផលិតស្ករត្នោតដែលគុណភាពល្អ ដើម្បីរួមសហការជាមួយខាងសមាគមស្ករត្នោត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ ព្រោះខាងសមាគមកំពុងតែខិតខំផ្សព្វផ្សាយ ដើម្បីទាក់ទាញឈ្មួញមកបញ្ជាការទិញស្ករត្នោត ខណៈសព្វថ្ងៃស្ករត្នោតនៅតែមានតម្រូវការទីផ្សារខ្ពស់ និងមានក្រុមហ៊ុនជាច្រើនកំពុងស្នើរសុំឲ្យសមាគមស្ករត្នោតកំពង់ស្ពឺផលិតបរិមាណស្ករត្នោតឲ្យបានគ្រប់គ្រាន់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១០ដែលបានសហការទិញស្ករត្នោតពីសហគម ដែលភាគច្រើនជាក្រុមហ៊ុនក្នុងស្រុក ហើយមានក្រុមហ៊ុនមួយចំនួនទទួលទិញស្ករត្នោតពីសហគមហើយនាំចេញទៅក្រៅប្រទេសដោយខ្លួនឯងមានជាង១០ប្រទេស ដូចជាចិន កូរ៉េ ជប៉ុន អង់គ្លេស អាឡឺម៉ង់ បារាំង អេស្ប៉ាញ អាមេរិកជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង