Yearendyearend1140x150

ស្ថានទូតចិន៖មានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជាលាក់ខ្លួនបន្ទាប់ពីដឹងថាខ្លួនឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពស្រីជនជាតិចិនលួចចេញពីសណ្ឋាគារចត្តាឡីស័ក។

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញសារមួយនៅថ្ងៃទី២០កុម្ភៈនេះដោយបញ្ជាក់ថា កាលពីថ្មីៗនេះ មានជនជាតិចិនមួយចំនួនតូចដែលបានចូលមកប្រទេសកម្ពុជា​ ដោយបានចាកចេញពីសណ្ឋាគារចត្តាឡីស័កដោយខុសច្បាប់ ហើយបានចេញទៅក្រៅ។ ហើយមានពលរដ្ឋចិនមួយចំនួនតូចនៅកម្ពុជា បានលាក់ខ្លួននិងគេចខ្លួន បន្ទាប់ពីដឹងថាខ្លួនមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។

ស្ថានទូតចិនបានបញ្ចាក់ថា សកម្មភាពជនជាតិចិនមួយចំនួនតូចខាងលើ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមដ៏ធំធេងដល់ការងារបង្ការការរីករាលដាលនៃជំងឺឆ្លងនៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងរំលោភលើច្បាប់កម្ពុជាផងដែរ។

ស្ថានទូតចិនទទូចដល់ពលរដ្ឋចិនដែលរស់នៅកម្ពុជា ត្រូវតែគោរពអោយបានតឹងរឹងនូវបទប្បញ្ញត្តិបង្ការការរាតត្បាតរបស់រាជរដ្ឋាភិបាលកម្ពុជា ​និងសហការអោយបានសកម្មជាមួយអាជ្ញាធរសុខាភិបាលកម្ពុជា ក្នុងការងារបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានក្រើនរំលឹកថា ប្រសិនបើជនជាតិចិនណាម្នាក់មានរោគសញ្ញាទាក់ទងនឹងជំងឺកូវីដ១៩ សូមស្វែងរកការព្យាបាលជាបន្ទាន់ ហើយកុំលាក់ខ្លួន។​ ប្រសិនបើនរណាម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមានកូវីដ១៩ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការដាក់អោយដាច់ដោយឡែកនិងព្យាបាល ហើយជូនព៌ត៏មានប្រវត្តិទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួន ទៅដល់អាជ្ញាធរដោយភាពស្មោះត្រង់ និងដាច់ខាតមិនត្រូវរត់គេចខ្លួនទេ។

កម្ពុជាកាលពីម្សិលមិញបានប្រកាស ពីការផ្ទុះឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ដោយមកដល់ថ្ងៃនេះមានអ្នកឆ្លងចំនួន៤៣នាក់ហើយ ក្នុងនោះមាន៤១នាក់ជាជនជាតិចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង