Yearendyearend1140x150

ស្ត្រីជនជាតិអង់គ្លេសដែលឆ្លងកូវីដ-១៩​ នៅកំពង់ចាម ត្រូវបាននាំមកភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា សម្រេចបញ្ជូនមកពិនិត្យនិងព្យាបាលនៅរាជធានីភ្នំពេញ។ការសម្រេចនេះ គឺធ្វើឡើងតាមសំណើររបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។

ក្រសួងបានពន្យល់ថា ដោយសារស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដែលមានជើងសិប្បនិមិត្តម្ខាងនិងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឲ្យមានទីកន្លែងនិងបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកមក ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចឲ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយមន្ទីរពេទ្យមាន លក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ។

បើតាមក្រសួងសុខាភិបាល ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះនៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យខេត្តកំពង់ចាម នៅវេលាម៉ោង១៦:៣០នាទីនៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមរថយន្តគិលានសង្រ្គោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៤រសៀលនៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤ នាក់ (អ្នកដំណើរចំនួន ៣០ នាក់ និងអ្នកបម្រើការចំនួន ៣៤ នាក់) ក្នុងនោះ មានស្រីចំនួន ២៣ នាក់ និងបុរស ៤១ នាក់។ អ្នកដំណើរជាជនជាតិអង់គ្លេសចំនួន ៥ នាក់ (ស្រី៤ ប្រុស១) ពីម្សិលម៉ិញ បានធ្វើតេស្តរួចហើយ ដែលមានស្ត្រីពិការខាងលើ វិជ្ជមានវីរុសកូវីដម្នាក់ និង ៤ នាក់ មានលទ្ធផលអវិជ្ជមាន។

បច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម ផ្នែកពាក់ព័ន្ធផ្សេងៗ ព្រមទាំងលោកស្រីប្រធានអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរលើនាវា Viking Cruise Journey ទាំងអស់ ហើយសំណាកពីអ្នកដំណើរដែលនៅសេសសល់ចំនួន ៥៩ នាក់ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយដែរ។

ក្រសួងកំពុងរងចាំលទ្ធផលតេស្តបុគ្គល ៥៩ នាក់ ដែលពេលវេលាមិនទាន់អាចបញ្ជាក់ជូនបានឡើយ អាស្រ័យតាមបច្ចេកទេសវិភាគនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយការងារដែលត្រូវធ្វើបន្តគឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ទាំងនៅកំពង់ចាម និងរាជធានីភ្នំពេញ។បច្ចុប្បន្នក្រសួងសុខាភិបាល បានរកឃើញជាបថមនៅរាជធានីភ្នំពេញ មានស្ត្រីជាអ្នកបកប្រែ ១ នាក់ មានកូនស្រីអាយុ ៤ ឆ្នាំ ម្នាក់ និងអ្នកបើករឺម៉កម៉ូតូ ២ នាក់ ដែលបានធ្វើតេស្តវិភាគសំណាករួចរាល់ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នាហើយដែរ។ អ្នកទាំង៤នាក់ ត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយបានណែនាំឲ្យអនុវត្តន៍វិធានការតាមដានសុខភាពផ្ទាល់ខ្លួន (self-monitoring) ជាបន្តទៀតក្នុងរយៈពេល១៤ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង