Yearendyearend1140x150

សម្តេច ស ខេង៖«មិនត្រូវប្រើរថយន្តរដ្ឋ ដើម្បីបំរើប្រយោជន៍បុគ្គលទេ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 

ភ្នំពេញ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីអធិការដ្ឋាននគរបាលទាំងអស់ ត្រូវចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តរបស់រដ្ឋឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់រថយន្ត Ford មានចំនួន៥០គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្ត ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។

ថ្លែងក្នុងកម្មវិធីនោះ សម្ដេចស ខេង បានគូសបញ្ជក់ថា នៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។

សម្ដេចក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។ 

សម្តេចក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញ។

គួរបញ្ជាក់ថា ស្នងការដែលទទួលបានរថយន្តមាន៖ ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង