Yearendyearend1140x150

នាយករដ្ឋមន្ត្រីឲ្យរដ្ឋមន្ត្រីបង្កើន«ប្រាក់ផាកវិន័យ»លើអ្នករត់គេចពីការធ្វើចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល សហការជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រួតពិនិត្យនិងធ្វើវិសោតកម្មច្បាប់ឡើងវិញ ដោយបង្កើននូវប្រាក់ផាកពិន័យចំពោះអ្នករត់គេចពីការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា។ នេះបើតាមការថ្លែងក្នុងសារពិសេសរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសជូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា ដោយសារតែមានករណីអ្នករត់គេចពីការធ្វើចត្តាឡីស័កច្រើនករណីកន្លងមក ដែលជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ហ៊ុន សែន បានដាក់ចេញនូវវិធានការតាមច្រកចេញចូល និងស្នើឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់នៃជំងឺកូវីដ១៩។

សម្តេច បានមានប្រសាសន៍ថា មន្រ្តីអនុវត្តច្បាប់មិនត្រូវមើលរំលងពីបទដ្ឋានគតិយុទ្ធ ទៅលើអ្នកដែលរត់គេចពីការធ្វើចត្តាឡីស័ក គឺសំដៅទៅលើប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ហើយចូលមកក្នុងប្រទេសកម្ពុជាដែលកំពុងតែធ្វើចត្តាឡីស័ក ហើយក៏រត់គេចចេញ។ មន្រ្តីពាក់ព័ន្ធរួមមានក្រសួងសុខាភិបាលនិងក្រសួងយុត្តិធម៌សហការត្រួតពិនិត្យ និងធ្វើវិសោតកម្មច្បាប់មាត្រាទី៨ឡើងវិញ ដោយមានកាបង្កើននូវប្រាក់ផាកពិន័យបន្ថែមទៀត ដើម្បីកុំឲ្យការពិន័យតិចតួចកន្លងមកអាចធ្វើឲ្យអ្នកដែលមានប្រាក់ចំណូលច្រើនគួរសមល្មើសច្បាប់ និងមិនខ្លាចជាមួយនឹងការបង់ប្រាក់នោះ។

បើតាមសម្តេច បានបន្ថែមថាមាត្រាទី៨នេះ បានបញ្ជាក់ច្បាស់អំពីអ្នកដំណើរ ឬការដឹកជញ្ជូនដោយយន្តណាគេចវេសមិនឲ្យមន្រ្តីចត្តាឡីស័កក្នុងការត្រួតពិនិត្យ ឬមិនឲ្យសហការជាមួយនឹងមន្រ្តីចត្តាឡីស័កអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ឬមិនបំពេញបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យត្រូវទទួលពិន័យអន្តរកាលពី២០ម៉ឺនរៀល ដល់ ១លានរៀល ទៅតាមទំហំបទល្មើស និងតម្រូវឲ្យមានវិធានការសុខាភិបាល។

សម្តេចបានបន្តថា ការទទួលពិន័យអន្តរកាលនេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរត់គេចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលមានចែងនៅបទបញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ ក្នុងចំណុចនេះគឺត្រូវតែអនុវត្តចំពោះអ្នកទាំងឡាយណាដែលមិនព្រមធ្វើចត្តាឡីស័កដែលក្រសួងសុខាភិបាលបានណែនាំកន្លងទៅ ព្រោះនៅក្នុងអនុក្រឹត្យទាក់ទងទៅនឹងមាត្រាទី៦ ស្តីពីវិធានការអំពីជំពូកទី៣ វិធានការសុខាភិបាលដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ម្យ៉ាងទៀត សម្តេចក៏បានលើកឡើងពីករណីប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់តាមព្រំដែនកម្ពុជា-ថៃ ជាច្រើននាក់ដែលបានឆ្លងដែនមកកម្ពុជាហើយបានរត់គេចពីការធ្វើចត្តាឡីស័ក។ ជាក់ស្តែងទាក់ទងនឹងករណីរបស់ពលករខ្មែរម្នាក់ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានដើរជាន់មីនសល់តាំងពីសម័យសង្គ្រាម បណ្តាលរងរបួសធ្ងន់ដាច់ជើង បន្ទាប់ពីបានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧: ១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដើម្បីគេចចេញពីការធ្វើចត្តាឡីស័ក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង