Yearendyearend1140x150

មុខវិជ្ជាពហុជំនាញ ហាក់មានការចាប់អារម្មណ៍ពីសិស្សានុសិស្ស

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សិស្សានុសិស្សមួយចំនួនដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ បានសម្ដែងការចាប់អារម្មណ៍នឹងការអប់រំបែបពហុជំនាញនៅកម្រិតឧត្តមសិក្សា។ «ខ្ញុំគិតថាមុខវិជ្ជាបែបពហុជំនាញគឺល្អ ព្រោះពេលខ្ញុំប្រឡងជាប់ថ្នាក់ទី១២ ខ្ញុំនឹងសិក្សាជំនាញមួយក្នុងចំណោមមុខវិជ្ជាពហុជំនាញ» នេះជាការលើកឡើងរបស់សិស្សថ្នាក់ទី១២ យុវតី អ៊ិន សុធារ័ត្ន ប្រាប់មកកាន់ក្រុមការងារស៊ីស៊ីថែមស៍។

យុវតី អ៊ិន សុធារ័ត្ន។

«ខ្ញុំស្រលាញ់ជំនាញស្ថាបត្យករ ហើយពេលដែលខ្ញុំប្រឡងជាប់ទី១២ ខ្ញុំនឹងរកសាលាណាដែលមានបទពសោធននឹងការអប់រំល្អៗមកឲ្យខ្ញុំបាន» នេះជាការលើកឡើងរបស់យុវសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងខេត្តកណ្ដាល។ យុវតីរូបនេះបន្តថា រូបគេស្រលាញ់ជំនាញគូរប្លង់ ហើយរំពឹងថាគេអាចនឹងទទួលបានអាហារូបករណ៍ផងដែរ បើសិនមានសាលាណាដែលផ្ដល់ឱកាសដ៏កម្រនេះឲ្យគេ។ ធារ័ត្នយល់ថា ជំនាញនេះល្អ ហើយការរកសាលាដែលត្រឹមត្រូវគឺកាន់តែសំខាន់ ព្រោះថាបើរៀនចំសាលាមិនមានជំនាញក្នុងការអប់រំច្បាស់លាស់វានាំឲ្យខាតពេលវេលា និងលុយកាក់។

យុវតី គង់ ស្រីមុំ។ 

ចំណែក សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្ត បាត់ដំបង យុវតី គង់ ស្រីមុំ និយាយថា៖«សម្រាប់រូបខ្ញុំផ្ទាល់គឺបានជ្រើសរើសជំនាញសិក្សារួចហើយ នៅពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ហើយជំនាញដែលខ្ញុំចង់រៀនគឺពេទ្យមធ្យម(ផ្នែកឪសថ)។ ចំពោះខ្ញុំផ្ទាល់គឺខ្ញុំស្រលាញ់នឹងចាប់អារម្មណ៍លើការអប់រំបែបពហុជំនាញនេះណាស់ ព្រោះថាជារឿងល្អសម្រាប់សិស្សនិស្សិតដែលមានសាលាបើកបង្រៀនច្រើនមុខវិជ្ជា ហើយសិស្ស ងាយស្រួលក្នុងរៀនតាមជំនាញដែលខ្លួនចូលចិត្ត»។

យុវសិស្ស គង់ សៀកលី។

ជាមួយគ្នានេះដែរ យុវសិស្ស គង់ សៀកលី រៀនថ្នាក់ទី១២ នៃវិទ្យាល័យដដែល យល់ថារូបគេស្រលាញ់ចូលចិត្តនូវការអប់រំបែបពហុជំនាញ។ សៀក លី បន្តថា ពេលប្រឡងជាប់ថ្នាក់ទី១២ រូបគេនឹងរៀនជំនាញពេទ្យដែលជាក្ដីស្រមៃតាំងតែពីតូច ព្រោះថាជំនាញនេះមិនត្រឹមតែជួយសង្រ្គោះមនុស្សទេ ហើយក៏អាចរកប្រាក់កម្រៃបានសមរម្យផងដែរ។

យុវតី វៃ លក្សី។ 

ចំណែក យុវតី វៃ លក្សី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ព្រែកកំពឹស និយាយថា៖« ទោះបីខ្ញុំទើបតែរៀនថ្នាក់ទី១១មែន តែខ្ញុំក៏បានគិតរួចហើយ ក្នុងការរើសជំនាញ និងសាលាដែលគួររៀន»។ លក្សីបន្តថា ជំនាញទាក់ទងនិងភាសាគឺខ្ញុំចូលចិត្ត ត្បិតអីរាល់ថ្ងៃខ្ញុំក៏កំពុងរៀនភាសាអង់គ្លេស និងចិនផងដែរ ហើយបើមានសាលាណាដែលផ្ដោតលើជំនាញអស់នឹងគឺល្អមែនទែន។

យុវសិស្សសុវណ្ណ ភ័ត្រា។

រីឯ យុវសិស្សមួយរូបទៀត រៀនថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព សុវណ្ណ ភ័ត្រា បានរៀបរាប់ថា៖« ខ្ញុំអត់ទាន់គិតថាចង់រៀនអ្វីឲ្យប្រាកដទេ តែបើនិយាយរឿងសាលាដែលមានបង្រៀនបែបពហុជំនាញគឺជាការល្អ ព្រោះក្នុងស្រុកយើងក៏មិនសូវមានសាលាច្រើនដែរ ដែលផ្ដោតលើមុខជំនាញទាំងនឹង»។ ភ័ត្រាបន្តថា ខ្ញុំបានសាកសួរបងបងខ្ញុំដែលគាត់កំពុងរៀនសាកលដែរ ចឹងខ្ញុំបានយល់ខ្លះៗដែរពីសាកលវិទ្យាល័យនៅភ្នំពេញ និងឱកាសការងារពេលយើងរៀនចំជំនាញ និងចំសាលាល្អជាដើម។

កញ្ញា សុខ ដាលី។

ជាមួយគ្នានេះដែរ និស្សិត ឆ្នាំទី៣ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សេដ្ឋកិច្ច កញ្ញា សុខ ដាលី និយាយថា៖« សម្រាប់ខ្ញុំគឺអត់បានដឹង ហើយចាប់អារម្មណ៍នឹងជំនាញពហុជំនាញនឹងដែរ»។ ដាលី បន្តថាការផ្សព្វផ្សាយគឺមាន ប៉ុន្តែកាលនោះគឺមិនបានទូលំទូលាយទេ ហើយមកដល់ពេលនេះគឺគ្រាន់បើដែរ តែមានអ្នករៀនឬអត់គឺអាស្រ័យលើបុគ្គលនោះផ្ទាល់ថាគាត់ចូលចិត្តរៀនអាជំនាញនឹងឬអត់ មួយវិញ ទៀតបើគាត់ស្រលាញ់ជំនាញណាមួយ ពួកគាត់នឹងសម្រេចចិត្តថារៀនសាលាណាដែលគាត់ពេញចិត្ត។

  យុវជន​ ក្ដាំង ឌឿន។

ចំណែក និស្សិតឆ្នាំទី១ នៃសាលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ក្ដាំង ឌឿន និយាយថា៖«ខ្ញុំធ្លាប់បានដឹងព័ត៌មានទាក់ទងនឹងជំនាញនឹងដែរ តែខ្ញុំមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ»។ យុវជនរូបនេះបន្តថា រូបគេខ្វល់តែរឿងម្យ៉ាងគឺប្រឡងឲ្យជាប់ថ្នាក់ទី១២ ដូច្នេះហើយក៏មិនបានស្វែងយល់បន្ថែមឲ្យកាន់តែលម្អិតពីមុខវិជ្ជាទាំងនោះដែរ ម្យ៉ាងរូបគេមិនដឹងពីទីផ្សារការងារថាពេលរៀនចប់ទៅមានទីផ្សារការងារឬអត់។

នេះបើផ្អែកតាមទិន្នន័យដែលនាយកដ្ឋានឧត្តមសិក្សាមានក្នុងឆ្នាំសិក្សា២០១៧-២០១៨ មុខជំនាញដែលនិស្សិតកំពុងរៀន នៅកម្រិតឧត្តមសិក្សានោះ គឺពួកគាត់សិក្សាលើ៖ ផ្នែកធុរកិច្ច ៤៣% ,សុខាភិបាល៥%, កសិកម្ម៣% , វិស្វកម្ម៨% ,វិទ្យាសាស្ត្រមូលដ្ឋាន៥% ,បច្ចេកវិទ្យាព័ត៌មាន៨% ,វិទ្យាសាស្ត្រសង្គមនិងសិល្បៈ៩% ,ទេសចរណ៍២% , ភាសាបរទេស១០% និង ច្បាប់៧%។

លោក រស់ សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា៖«ចំពោះជំនាញបែបពហុបច្ចេកទេសនិងជំនាញផ្សេងៗដែលគ្រឹះស្ថានឧត្តមសិក្សាមាន ទទួលបានការចាប់អារម្មណ៍ពីនិស្សិត វាអាស្រ័យលើការពិចារណារបស់សាមីនិស្សិតដោយឈរលើមូលដ្ឋាន៤ គឺ១-ការយល់ដឹងច្បាស់ពីមុខជំនាញ ២-ឧបនិស្ស័យ ៣-ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និង ៤-តម្រូវការទីផ្សារការងារ»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។ 

លោក បន្តថា នាយកដ្ឋានជំនាញរបស់ក្រសួង០៣(នាយកដ្ឋានឧត្តមសិក្សា នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជន មានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជា) បានចុះយុទ្ធនាការក្នុងការពន្យល់តម្រង់ទិសមុខជំនាញដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោក បន្តទៀតថា តាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ សិស្សានុសិស្សទទួលការស្វែងយល់ពីចំណូលចិត្តសិក្សាបន្តថ្នាក់ក្រោយមធ្យមសិក្សាតាមរយ:ការបំពេញកម្រងសំណួរស្ទាបស្ទង់ និងការប្រឹក្សាអាជីព។ កិច្ចការនេះ បានចូលរួមក្នុងការសម្រេចចិត្តរបស់សិស្សានុសិស្សថាគួររៀនផ្នែកសង្គម រឺវិទ្យាសាស្រ្តសម្រាប់ការត្រៀមខ្លួនប្រឡងមធ្យមសិក្សាទុតិយភូមិ និងថ្នាក់ឧត្តមសិក្សា។

ក្នុងនោះដែរ ក្រសួងអប់រំ យុវជន និងកីឡាបានបន្តជុំរុញការចាប់អារម្មណ៍ចំពោះការសិក្សាលើមុខជំនាញដែលមានការបណ្តុះបណ្តាលទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ច្រើនជាងការបណ្តុះបណ្តាលណាមួយដែលប្រើតែទ្រឹស្តី។ ការសិក្សាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តនេះ នឹងធ្វើឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាចេញេពីកម្មវិធីបែបនេះ នឹងមានជំនាញមួយច្បាស់លាស់ប្រចាំជីវិតរបស់ខ្លួន។

មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និង កីឡាស្វាគមន៍កិច្ចសហការណ៍វិជ្ជមាន ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមចំណែកកំណែទម្រង់អប់រំ យុវជន និងកីឡា ជាពិសេសផ្សាភ្ជាប់គុណភាពឧត្តមសិក្សាទៅនឹងជំនាញទីផ្សារ ក៏ដូចជាការពង្រឹងគុណភាពកម្មវិធីសិក្សាថ្នាក់វិទ្យាល័យចំណេះទូទៅ និង អប់រំ បច្ចេកទេស។ ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលជំនាញបច្ចេកទេសថ្មីៗមួយចំនួនទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ ចំណេះទូទៅ និង អប់រំ បច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសម្រាប់ចូលរួមចំណែកការអភិវឌ្ឍវិស័យឧស្សាហកម្ម។

ក្រៅពីនេះ ក្រសួងអប់រំ យុវជន និង កីឡាបាន និងកំពុងបន្តផ្តល់ឱកាសផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិតអាចពង្រឹងជំនាញសតវត្សទី២១ និងជំនាញឯកទេសរបស់ខ្លួនដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

អ្នកនាំពាក្យរូបនេះ លើកឡើងថា ជាគោលនយោបាយរបស់ក្រសួងបាននឹងកំពុងធ្វើ និងយកចិត្តទុកដាក់លើរឿងបង្កើតជំនាញហុបច្ចេកទេស ដោយបានបង្កើតគ្រឹះស្ថានសិក្សាដែលបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញបច្ចេកទេសពីកម្រិតមធ្យមសិក្សា រហូតដល់កម្រិតឧត្ដមសិក្សា។ នៅក្រសួង មានច្រកសិក្សា០២ ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងលុបបំបាត់បាននូវគំលាតមុខជំនាញ ទៅនឹងទីផ្សារការងារ។ ច្រកសិក្សាទាំង០២នោះគឺការអនុវត្តតាមកម្មវិធីសិក្សាដែលស្របតាមក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជាទី ១-ការអប់រំឧត្តមសិក្សា និង ២-ការអប់រំបច្ចេកទេសវិជ្ជាជីវៈ។

ក្នុងនោះដែរ ក្រសួងក៏កំពុងតែយកចិត្តទុកដាក់អនុវត្តលើការអភិវឌ្ឍវិស័យឧស្សាហកម្ម២០២៥-២០២៥ ការជំរុញទៅលើគោលនយោបាយ STEAM (Science, Technology, Engineering, Art, and Mathematics) ដែលទាក់ទងនឹងតម្រូវមុខរបរក្នុង

ទីផ្សារការងារ ការជំរុញទៅលើការសិក្សាបច្ចេកវិជ្ជា ឌីជីថល មានដូចជា Smart Classroom , Smart City, Engineering Computer Science, Technologyនិងការបង្កើតគ្រឹះស្ថានសិក្សាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើតជំនាញវិជ្ជាជីវៈជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៤ ក្រសួង អប់រំ យុវជន និងកីឡាបានប្រកាសផ្អាកការផ្តល់អាជ្ញាប័ណ្ណឲ្យបើកមុខជំនាញ គ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីជំរុញការអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការ វិវត្ត សេដ្ឋកិច្ចជាតិក្នុងយុគ្គសម័យឧស្សាហកម្ម៤.០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង