Cct850x100 1
1800px x h300px kh

បណ្ឌិត ជា មុនីឫទ្ធិ៖នៅកម្ពុជាវ៉ាក់សាំងចិនកំពុងបញ្ចេញអានុភាពនិងប្រសិទ្ធភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន 

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា បានមកដល់កម្ពុជាកាលពីថ្ងៃអាទិត្យ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា នៅក្នុងប្រទេសកម្ពុជាវ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹង Covid-19 បាននិងកំពុងបញ្ចេញអានុភាពនិងប្រសិទ្ធភាព។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងថា ប្រទេសចិនបានក្លាយជាប្រទេសរងគ្រោះមុនគេនៃជំងឺCovid-19 ហើយជាប្រទេសដែលបានខិតខំក្នុងការទប់ស្កាត់និងចែករំលែកព័ត៌មាននានាប្រកបដោយតម្លាភាពស្របតាមនិយាមវេជ្ជសាស្ត្រទៅកាន់អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានានៅទូទាំងពិភពលោក។ ប្រែក្លាយពីប្រទេសរងគ្រោះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះតាមរយៈការផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ត ការផ្តល់ជំនួយបរិក្ខាវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត អ្នកជំនាញកម្ចាត់មេរោគCovid-19ជាដើម ហើយនៅក្នុងដើមឆ្នាំ២០២១ មុនការមកដល់នៃការទទួលអំណរឆ្នាំថ្មី ឆ្នាំឆ្លូវ ប្រពៃណីជនជាតិចិន មិត្តភក្តិជាច្រើនរបស់ចិននិយាយរួម ប្រទេសកម្ពុជានិយាយដោយឡែកបានទទួលនូវអំណោយដ៏វិសេសវិសាល នោះគឺវ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹងCovid-19។

លោកបណ្ឌិត ជា មុនីឫទ្ធិ  បានថ្លែងថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាបានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ។ នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩» ។

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះរួមមានទាំងបុត្រានិងបុត្រប្រសាររបស់សម្តេចតេជោបានចាក់វ៉ាក់សាំងឈ្មោះថា ស៊ីណូហ្វាម (Sinopharm)។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសរសេរនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ។ សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ» ។

សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ការទទួលបាននិងការចាក់ជូនដល់ឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជានូវវ៉ាក់សាំងស៊ីណូហ្វាមនេះបានបង្ហាញពីសញ្ញាណវិជ្ជមានចំនួន៤គឺ៖

1. ការតម្កល់អាយុជីវិតរបស់ប្រជាជនជាអាទិភាព ដែលនេះជាចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការណ៍នេះយើងកាន់តែមើលឃើញយ៉ាងប្រត្យក្ស នៅក្នុងបរិបទនៃការកើនឡើងសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃបញ្ហាប្រឈមនានាក្នុងសង្គមកម្ពុជាដែលជាពិសេសក្នុងឆ្នាំ២០២០កន្លងមក។ រាជរដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងច្បាស់នូវជីវភាពរស់នៅជាមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោតែងតែចាប់ផ្តើមជាមួយនឹងបញ្ហាដែលប្រជាពលរដ្ឋចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលអាចមើលឃើញ និងមានលក្ខណៈជាបន្ទាន់ ព្រមទាំងធ្វើឲ្យកិច្ចការរបស់ខ្លួនលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

2. ចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសកម្ពុជានិងប្រទេសចិន គឺពិតជាចំណងមិត្តភាពដែកថែប ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ។

3. ជំនឿចិត្ត និងទំនុកចិត្តយ៉ាងខ្ពស់និងច្បាស់លាស់លើគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង SARS-CoV-2 (Sinopharm) ដែលនេះជាជំហឥតងាករេលើចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

4. ចែករំលែក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីប្រសិទ្ធភាពយ៉ាងខ្ពស់នៃវ៉ាក់សាំងស៊ីណូហ្វាមដែលបានផលិតតាមនិយាមវេជ្ជសាស្រ្ត។

ជារួម ឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជាដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម គឺជាការចូលរួមចំណែកយ៉ាងសកម្មនិងជាការបង្ហាញយ៉ាងច្បាស់ពីការទទួលស្គាល់នូវប្រសិទ្ធភាពនិងគុណភាពរបស់វ៉ាក់សាំងដែលបាន ផលិតដោយអ្នកជំនាញវេជ្ជសាស្រ្តរបស់ប្រទេសចិន។ បើទោះបីជាការផលិតវ៉ាក់សាំងនេះមិនទាន់អាចបំពេញបាននូវតម្រូវការនៃចំនួនជាក់ស្តែងរបស់ប្រជាជនខ្លួនយ៉ាងណាក៏ដោយ មិត្តចិននៅបានចែករំលែកទ្រព្យដ៏កម្រ និងដ៏មានប្រយោជន៍ប្រកបដោយគុណតម្លៃមហិមាជូនមកដល់ប្រទេសកម្ពុជា។ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ គុណធម៌ និងសច្ចធម៌របស់មិត្តចិននេះនឹងត្រូវកត់ត្រាចូលទៅក្នុងទំព័រប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងកម្ពុជានិងចិន និងកត់បញ្ចូលក្នុងសន្លឹកទំព័រថ្មីនៃប្រវត្តិសាស្ត្រមនុស្សជាតិ ហើយជាពិសេសបានដក់ជាប់ជានិច្ចនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ហើយត្រូវបានពន្លាតស្មារតីមនុស្សធម៌ជាអមតៈរបស់ជនជាតិចិនចំពោះជនជាតិកម្ពុជាជារៀងរហូតដោយរាប់ចាប់ពីមនុស្សរស់នៅជំនាន់នេះតទៅ៕

Khcct banner

អត្ថបទទាក់ទង