Yearendyearend1140x150

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ «សត្វផ្សោត» ដូចជាប្រាសាទអង្គរវត្តទីពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន។រូបភាព៖ក្រសួងទេសចរណ៍ 

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រជាសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ អង្គការ WWF និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។រដ្ឋមន្ត្រីទេសចរណ៍៖«សត្វផ្សោត»ដូចជាប្រាសាទអង្គរវត្តទីពីរសម្រាប់ទាក់ទាញភ្ញៀវអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពលអេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។

បើតាមឯកឧត្តមថោង ខុន ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះបានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាលសម្រាប់វិស័យទេសចរណ៍ជាតិ។

លោករដ្ឋមន្ត្រីបានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ អ្នកប្រកបរបរនេសាទ ក៏ដូចជាអង្គការ WWF និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោត ក៏ដូចជាសត្វព្រៃដទៃទៀត (សត្វក្ដាន់) ឱ្យបាននៅគង់វង្សតទៅមុខទៀត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរនានា និង ស្នើប្រជាពលរដ្ឋកុំទៅនេសាទនៅកន្លែងសត្វផ្សោតរស់នៅ ពីព្រោះសត្វប្រភេទនេះងាយនឹងរងគ្រោះថ្នាក់ណាស់ និងមានការកកើតយឺត មិនអាចរំខានដល់ការរស់នៅរបស់ពួកវាបានឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ពន្យល់ថា នៅពេលប្រជាពលរដ្ឋថែរក្សាសត្វផ្សោតបានរស់នៅគង់វង្សហើយ ប្រជាពលរដ្ឋអាចងាកមកប្រកបមុខរបរបម្រើសេវាកម្មជូនភ្ញៀវទេសចរ នោះប្រជាពលរដ្ឋនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍ និងការចូលរួមអភិរក្សសត្វផ្សោត និងសត្វព្រៃដទៃ ពិសេសគឺទទួលបានប្រាក់ចំណូលច្រើនជាងការនេសាទ ជាងការកាប់ព្រៃឈើ ឬការបរបាញ់សត្វនោះទៅទៀត។

សូមជម្រាបថា ការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុនបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយប្រមាណនាក់នៅថ្ងៃទី២៩ ខែមករា។សហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ សម្បូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីន រួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (ពិសេសគឺសត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រក៏ស្ថិតនៅតំបន់នេះផងដែរ។ នៅទីនេះទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទន្សនាសត្វស្លាប សម្រាកលម្ហែ ងូតទឹកកម្សាន្ត និងពិសាអាហារនៅតាមកោះស្អាតៗជាច្រើន។ សហគមន៍ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង