Yearendyearend1140x150

កម្ពុជាជាប់លេខរៀង ១៦០ ក្នុងចំណោមប្រទេស១៨០ដែលមាន«អំពើពុករលួយ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបាន ២១ពិន្ទុ លើពិន្ទុអតិបរមា១០០ ដែលជាការកើន១ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃថាមានអំពើពុករលួយ។នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ ២០២០អង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ឆ្នាំ២០២០កម្ពុជាទទួលបាន ២១ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលជាការកើន១ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ាន។

មូលហេតុកម្ពុជាកើន១ពិន្ទុនេះ គឺដោយសារភាពល្អប្រសើរនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអំពើពុករលួយក្នុងវិស័យឯកជន កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការពង្រឹងការកៀរគរធនធាន ការជំរុញឱ្យមានរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក និងលើកកម្ពស់សេវាសាធារណៈ ជាពិសេសការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។

ប៉ុន្តែការប្រសើរឡើងនេះមិនទាន់បានផ្លាស់ប្ដូរទស្សនៈយល់ឃើញជារួមរបស់អ្នកជំនាញ និងធុរជននោះទេ ជាពិសេសទៅលើកំណែទម្រង់រចនាសម្ព័ន្ធ និងជាប្រព័ន្ធជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ និងការពង្រឹងនីតិរដ្ឋ ត្រូវបានចាត់ទុកថានៅមិនទាន់មានភាពប្រសើរឡើងនៅឡើយ។ ជាក់ស្ដែង ប្រទេសកម្ពុជានៅតែទទួលបានពិន្ទុទាបខ្លាំង ក្នុងសន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២០ និងគម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (VDEM) ឆ្នាំ២០២០ ដែលវាស់វែងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការកែលម្អនីតិរដ្ឋ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។នេះបើតាមរបាយការណ៍។

លោក ប៉ិច ពិសី នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយបង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឫសនៅក្នុងប្រទេសមួយ។ ក្នុងអំឡុងពេលរិបត្តិកូវីដ–១៩នេះ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដងចំពោះប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចចំណូលទាប។ ទោះបីប្រទេសកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ–១៩ ក៏ដូចជាកំណែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈក្តី ពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះបានបង្ហាញថាកម្ពុជានៅមានបញ្ហាសំខាន់ជាច្រើនទៀតដើម្បីដោះស្រាយ។”

បើតាមលោកពិសី ដើម្បីកាត់បន្ថយអំពើពុករលួយរាជរដ្ឋាភិបាលកម្ពុជាពន្លឿនរបៀបវារៈកំណែទម្រង់តាមរយៈការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ,ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលបានព័ត៌មាន ច្បាប់ការពារបុគ្គលរាយការណ៍ និងច្បាប់ការពារសាក្សី អ្នកជំនាញ និងជនរងគ្រោះ ដែលស្របតាមបទដ្ឋានអន្តរជាតិ,ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការលើកកម្ពស់នីតិរដ្ឋ និងដោះស្រាយគម្លាតរវាងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ,ការបង្កបរិយាកាសឱ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ,ការធ្វើឱ្យកាន់តែប្រសើរនូវបរិយាកាសអាជីវកម្ម និងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ ពង្រឹងការអនុលោមច្បាប់ដោយស្មើភាព និងលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ដែលជាឧបសគ្គក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល គួរការបង្កើតយន្តការធានាគណនេយ្យភាព និងធានានូវការអនុវត្តតុល្យភាពអំណាចទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនប្រសិទ្ធភាព និងឯករាជ្យភាពរបស់ស្ថាប័នត្រួតពិនិត្យការអនុវត្តច្បាប់ ដូចជា រដ្ឋសភា អាជ្ញាធរ សវនកម្មជាតិ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងអង្គភាពប្រឆាំងអំពើពុករលួយ និង ការលើកកម្ពស់តម្លាភាពក្នុងការប្រមូលចំណូលជាតិ ដោយផ្តល់លទ្ធភាពឱ្យសាធារណជនអាចទទួលបានព័ត៌មាន ទាក់ទងនឹងអ្នកបង់ពន្ធជូនរដ្ឋ ក្នុងទិសដៅបង្កើតជាបរិយាកាសជឿទុកចិត្តទៅដល់វិស័យឯកជន និងជំនឿចិត្តរបស់អ្នកបង់ពន្ធផងដែរ។

គួរបញ្ជាក់ថា របាយការណ៍វាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញថា ប្រទេសសឹង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំជាងគេទាំង១០ នៅលើពិភពលោកដោយរក្សាពិន្ទុដដែល (៨៥) និងជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយប្រទេសស៊ុយអែត និងស្វីស។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មានពិន្ទុធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំមុន៖ មីយ៉ាន់ម៉ា (ធ្លាក់ចុះពី ២៩ ដល់ ២៨) វៀតណាម (៣៧ ដល់ ៣៦) ម៉ាឡេស៊ី (៥៣ ដល់ ៥១) និងឥណ្ឌូណេស៊ី (៤០ ដល់ ៣៧)។

ចំណែកប្រទេសមានពិន្ទុថេរដដែលនោះ រួមមាន ថៃ មាន៣៦ពិន្ទុ ឈរលេខ១០៤ (លេខ១០១ ឆ្នាំ២០១៩), ហ្វីលីពីន មាន៣៤ពិន្ទុ ជាប់លេខ១១៥ (លេខ១១៣ នៅឆ្នាំ២០១៩),ឡាវ មាន២៩ពិន្ទុ លេខ១៣៤ (លេខ១៣០ នៅឆ្នាំ២០១៩)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង