Yearendyearend1140x150

ការដឹកជញ្ជូន«ស្រូវអង្ករ»កម្ពុជាទៅក្រៅប្រទេសឡើងថ្លៃ ៥ដង ក្នុង១កុងតឺន័រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ។

បើតាមលោកឧកញ៉ា សុង សារ៉ន កម្ពុជាមានបញ្ហាកកស្ទះនៃការនាំចេញអង្ករ ដោយសារតែនៅឆមាសទី៤ ឆ្នាំ២០២០ ពុំមានកុងតឺន័រគ្រប់គ្រាន់ ឬអាចហៅបានថាមានវិបត្តិដឹកជញ្ជូនផ្លូវសមុទ្រ ហើយតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃរហូតដល់៥ដង។លោកថា ជាធម្មតាតម្លៃដឹកជញ្ជូនអង្ករពីកម្ពុជាទៅចិនចំណាយត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឡើងថ្លៃរហូតដល់ ៥០០-៦០០ដុល្លារ។ចំណែកការដឹកជញ្ជូនទៅខាងអឺរ៉ុបធម្មតាតម្លៃដឹកជញ្ជូនត្រឹមតែ១ពាន់ដុល្លារ ប៉ុន្តែឥឡូវឡើងដល់៤ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ ក្នុង១កុងតឺន័រ ២០ហ្វីត។

តែយ៉ាងណាក៏ដោយ បញ្ហាប្រឈមទាំង៣នេះ លោកឧកញ៉ា សុង សារ៉ន ចាត់ទុកថាគឺជាបញ្ហាសកលទេ ប៉ុន្តែកម្ពុជាគឺគ្រប់គ្រងបានល្អជាងបណ្តាប្រទេសដទៃ ដោយសារតែប្រទេសផ្សេងៗគឺមានការនាំចេញថយចុះ ដោយឡែកម្ពុជាទទួលបានការបញ្ជាទិញមានការកើនឡើង។ ក្រៅពីបញ្ហាទាំង៣នេះក៏មានបញ្ហាផ្សេងៗទៀតដែរ ដូចជា បញ្ហានៃការប្រកួតប្រជែងទីផ្សារអង្ករ និងតម្លៃអង្ករជាដើម ប៉ុន្តែបញ្ហាជាចម្បងនោះគឺ ការកកស្ទះនៃការដឹកជញ្ជូន និងតម្លៃថ្លៃ។

ចំពោះផែនការនៅក្នុងឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងនាំចេញអង្ករឱ្យបាន៨៥ម៉ឺនតោនទៅទីផ្សារអន្តរជាតិដូចជាចិន អាមេរិក និងអឺរ៉ុបជាដើម ក្រៅពីនេះក៏មានការបញ្ជាទិញពីប្រទេសមួយចំនួនទៀតដែរដូចជា ហុងកុងជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជាបានឱ្យថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើនឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ។ក្រុមហ៊ុនកម្ពុជាចំនួន ៧៦ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ ប្រទេសនៅក្នុងឆ្នាំ ២០២០ ដោយប្រទេសចិនឈរនៅលំដាប់ទី ១ ជាប្រទេសនាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ២៨៩ ៤៣៩ តោនស្មើ ៤១,៩ ភាគរយនៃការនាំចេញអង្ករសរុប។ រីឯទីផ្សារសហភាពអឺរ៉ុបឈរនៅលំដាប់ទី ២ ដោយមានបរិមាណ ២០៣ ៧៩១ តោនស្មើនឹង ២៩,៥០ ភាគយ។

ប្រទេស ៦ ក្នុងតំបន់អាស៊ានក៏បាននាំអង្ករពីកម្ពុជាចំនួន ៨៦ ៨៩៩ តោនដែលស្មើនឹង ១២, ៥៨ ភាគរយ ហើយក្រៅពីនោះមានប្រទេស ២៩ ផ្សេងទៀតនៅតំបន់ផ្សេងៗក៏បានរួមចំណែកនាំចូលអង្ករពីកម្ពុជាចំនួន ១១០ ៧០០ តោនស្មើនឹង ១៦,០២ ភាគរយ។ នេះបើតាមការបង្ហាញរបស់លោករដ្ឋមន្ត្រី វេង សាខុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង