Yearendyearend1140x150
Img 0571

ទូតចិនរំពឹងថាកុមារកម្ពុជានឹងទទួលអត្ថប្រយោជន៍ពីគម្រោង"ដំណើរក្តីស្រឡាញ់"កម្ពុជា-ចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃកម្ពុជា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២២ ខែមករា ពិភាក្សាគ្នាពីបទពិសោធន៍នៃ"ដំណើរក្តីស្រឡាញ់"ចិននិងកម្ពុជា ក្នុងការព្យាបាលកុមារដែលមានជំងឺបេះដូងចំហពីកំណើត។

ថ្លែងក្នុងជំនួប ឯកឧត្តម Wang Wentian បានឱ្យដឹងថា ចាប់តាំងពីដំណើរការលើគម្រោងខាងលើនេះកាលពីឆ្នាំ ២០១៨ មក និងពុះពាររាល់បញ្ហាអវិជ្ជមានដែលកើតមានឡើងក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ បានផ្តល់ការពិនិត្យជូនដល់កុមារកម្ពុជារាប់ម៉ឺននាក់ ក្នុងនោះកុមារដែលផ្ទុកនូវជំងឺបេះដូងចំហពីកំណើតមានចំនួន ៨៧ រូប ហើយពួកគេទទួលបានការព្យាបាលដោយឥតគិតថ្លៃនិងមានសុខភាពល្អមាំមួន ក្រៅពីនេះក៏បានធ្វើការបណ្ដុះបណ្ដាលលើជំនាញខាងលើជូនដល់អ្នកឯកទេសវេជ្ជសាស្រ្តក្នុងកម្ពុជាជាច្រើនរូបផងដែរ ដើម្បីជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Wang Wentian សង្ឃឹមថា កុមារដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងខាងលើនេះក្រោយពីលូតលាស់ពេញវ័យ នឹងក្លាយជាអ្នកបន្តវេននៃចំណងមិត្តភាពចិននិងកម្ពុជា បន្តមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងថា ចិននិងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ប្រទេសទាំងពីរបានពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួម។ រដ្ឋាភិបាលចិនតែងយកចិត្តទុកដាក់ជាមួយសុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសគឺកុមារដែលមានផ្ទុកជំងឺបេះដូងចំហពីកំណើត តាមរយៈគម្រោងខាងលើបានជួយសង្គ្រោះកុមារដែលមានផ្ទុះជំងឺមួយនេះ បានចែករំលែកបទពិសោធន៍នៃការព្យាបាល និងបានចូលរួមកាត់បន្ថយជំងឺខាងលើក្នុងប្រទេសកម្ពុជា ភាគីកម្ពុជានឹងចងចាំជារៀងរហូត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។ ភាគីកម្ពុជានឹងខិតខំជំរុញសម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយជំងឺមួយនេះដោយតាមរយៈបទពិសោធន៍ដែលទទួលបានក្នុងគម្រោងខាងលើ។

គួរបញ្ជាក់ថា កម្មវិធីខាងលើនេះ ត្រូវបានសហការរៀបចំឡើងដោយ រដ្ឋលេខាធិការដ្ឋាននៃព្រឹទ្ធសភាកម្ពុជា មន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន អង្គការYUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ ភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីខាងលើបានវាយតម្លៃខ្ពស់លើគម្រោងមួយនេះ និងមានមតិយល់ឃើញថា នេះគឺជា"វិស្វកម្មបេះដូងប្រជាជន"ដែលផ្តល់អត្ថប្រយោជន៍យ៉ាងធំទូលាយជូនដល់ប្រជាពលរដ្ឋ ក៏ជួយជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរកាន់តែរឹងមាំនិងស្អិតរមួត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង