Yearendyearend1140x150

ប្រមុខការទូតកម្ពុជា៖ការដកប្រព័ន្ធEBAជាអម្រែកបន្ថែមលើសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖  ហ្វេសប៊ុករបស់ឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ដែលបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន។ កត្តាធំជាងគេ២គឺ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស អ្វីដែលធ្ងន់ធ្ងរនោះ គឺការរួមបញ្ចូលគ្នានៃកត្តាទាំងពីរក្នុងពេលតែមួយ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មាគឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA 20%។ នេះជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ប្រាក់ សាខុន បានថ្លែងក្នុងសុន្ទកថាគឺ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយការរួមបញ្ចូលគ្នានៃកត្តាទាំងពីរក្នុងពេលតែមួយ ពោលគឺរដ្ឋាភិបាលត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA 20%។

បើតាមឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា “ទណ្ឌកម្ម” ដែល EU បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោបាយចំរុះ ដើម្បីទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំផង ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថាទៅកាន់មហាសន្និបាត អ.ស.ប. លើកទី៧៥ ថាជា “ភាពអយុត្តិធម៌”។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានថ្លែងថានាឱកាសនោះថា៖ «រឿងអយុត្តធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្ត្រ។ ប្រមាណជាង៤០ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជា ជាង២លាននាក់ បានបាត់បង់ជីវិតនៅក្នុងរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្មារតី និងសល់តែបាតដៃទទេ គឺជាអ្នកដែលស្តារប្រទេសជាតិពីគំនរផេះផង់។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងនោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់អាសនៈរបស់ កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ រដ្ឋាភិបាលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេ្យ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបាននូវសិទ្ធិមូលដ្ឋានបំផុតរបស់មនុស្ស គឺ ចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេសសុខសន្តិភាព អស់រយៈពេលជាង១២ឆ្នាំ»។

ជាមួយគ្នានេះ សម្តេចបានបន្ថែមថា «ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។ ទោះបីយ៉ាងណាក៏ដោយក៏កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការពារអធិបតេយ្យជាតិ និងថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបានការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលោក»។

គួរបញ្ជាក់ថា ការថ្លែងរបស់ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឲ្យអនុវត្ត«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង