Cct850x100 1
1800px x h300px kh

សម្ដេចហ៊ុន សែន ចូលរួមរំលែកព្រះមរណទុក្ខ នៃការបាត់បង់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ និង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី(រូបភាព៖ Royal du Cambodge) 

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន​ សែន បានសម្ដែងសេចក្ដីរំជួលចិត្តឥតឧបមា នៃការយាងចូលព្រះទីវង្គតរបស់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សម្ដេចហ៊ុន​ សែន បានផ្ញើសារចូលរួមរំលែកព្រះមរណទុក្ខ ចំពោះការយាងចូលព្រះទីវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មានយុ៧៨ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងសាររំលែកព្រះមរណទុក្ខ សម្ដេចហ៊ុន​ សែន បានបន្តទៀតថា សម្ដេច ពិតជាមានការរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រះបរមរាមានរោត្ដមយុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទីវង្គត កាលពីម្សិលមិញនេះ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេច ​ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រា បុត្រីប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគ សោកស្ដាយ ស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុត គ្មានព្រោះថាការបាត់បង់សម្ដេចព្រះបរមរាមា នរោត្ដម យុវនាថ គឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតាប្រកបដោយព្រះព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅ ជាពិសេសគឺការបាត់បង់អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយព្រះអង្គដ៏ឆ្នើមបំផុតផងដែរ។

សូមជម្រាបជូនថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ព្រះអង្គ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្ដេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ 


Khcct banner

អត្ថបទទាក់ទង