Yearendyearend1140x150

និស្សិតខ្មែរនៅអ៊ូហាន(Wuhan)មានសុខភាពល្អធម្មតាព្រោះមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រទេសទាំងពីរ ក្នុងការទប់ស្កាត់មិនឱ្យឆ្លងជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុខ សាន្ត
/
លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសម្ភាសន៍ផ្ទាល់តាមរយៈកម្មវិធី “នីហៅកម្ពុជា-ចិន”របស់វិទ្យុមិត្តភាពកម្ពុជាចិន កាលពីរសៀលថ្ងៃទី៣ កុម្ភៈ ២០២០ ។

ភ្នំពេញ៖  យោងតាមវិទ្យុមិត្តភាពកម្ពុជាចិនផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា និស្សិតខ្មែរដែលកំពុងបន្តការសិក្សានៅក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន មានសុខភាពល្អធម្មតា ទោះបីជានៅទីនោះកំពុងមានការរីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីក៏ដោយ ព្រោះពួកគេត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសាកលវិទ្យាល័យដែលពួកគេកំពុងសិក្សាផងដែរ។

មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ក្នុងកិច្ចសម្ភាសន៍ផ្ទាល់តាមរយៈកម្មវិធី “នីហៅកម្ពុជា-ចិន” កាលពីរសៀលថ្ងៃទី៣ កុម្ភៈ ២០២០ លោក អ៊ុំ វុទ្ធទី ស្ថាបនិកនិងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា បច្ចុប្បន្ន និស្សិតខ្មែរទាំង២៣នាក់ ជាសមាជិករបស់សមាគម ហើយដែលកំពុងបន្តការសិក្សារៀនសូត្រនៅទីក្រុងអ៊ូហាន ពុំមានបញ្ហាសុខភាព ឬរស់នៅក្នុងភាពភ័យខ្លាចខ្លាំងពេកដោយសារតែជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដូចការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗមួយចំនួននោះទេ ពោលគឺពួកគេកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉េកាំងផង និងកុងស៊ុលកម្ពុជាប្រចាំនៅទីនោះផ្ទាល់ផង ក្នុងនោះដូចជាការផ្តល់អាហារជូន៣ពេលដល់ពួកគេ និងផ្តល់ការថែទាំសុខភាពយ៉ាងហ្មត់ចត់ដោយមានកិច្ចសហការជាមួយអាជ្ញាធរចិន ក៏ដូចជាសាកលវិទ្យាល័យ ហើយសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនតែងតែតាមដានពីសកម្មភាពរបស់ពួកគេជាប់រហូតតាមរយៈបណ្តាញទំនាក់ទំនង វីឆាត(Wechat) ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងបង្ហាញក្តីស្រឡាញ់ចំពោះពួកគេគ្រប់ពេល។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ចាប់តាំងពីមានការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលថា កម្ពុជានឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា កាលពីពេលថ្មីៗនេះ និស្សិតខ្មែរទាំង២៣រូប ក៏សូមគោរពនិងប្រតិបត្តិតាមអនុសាសន៍របស់សម្តេច ស្របពេលដែលពួកគេជឿជាក់លើការយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុតពីសំណាក់រដ្ឋាភិបាលចិន។

នៅក្នុងអំឡុងកិច្ចសម្ភាសន៍ផ្ទាល់ នាឱកាសនោះដែរ លោក អ៊ុំ វុទ្ធទី ព្រមទាំងពិធីករពិធីការិនីក្នុងកម្មវិធី”នីហៅកម្ពុជា-ចិន”ក៏បានទាក់ទងផ្ទាល់ទៅកាន់និស្សិតខ្មែរនៅទីក្រុងអ៊ូហាន តាមរយៈបណ្តាញទំនាក់ទំនងវីឆាតផងដែរ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ពីសុខទុក្ខរបស់ពួកគេ ដោយពួកគេសុទ្ធតែច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនដែលថា និស្សិតខ្មែរនៅអ៊ូហានកំពុងរស់នៅក្នុងស្ថានភាពភ័យខ្លាច ហើយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីស្ថានទូតឬស្ថានកុងស៊ុលខ្មែរនៅប្រទេសចិននោះ។ និស្សិតឈ្មោះថា ភួង បុប្ផាគីមហុង បានអះអាងថា សារព័ត៌មាននេះបានចេញផ្សាយសម្លេងរបស់គាត់ដោយគ្មានការអនុញ្ញាត ព្រោះដំបូងឡើយថា គ្រាន់តែសួរសុខទុក្ខជាធម្មតា ហើយថែមទាំងកាត់សម្រង់សម្លេងរបស់គាត់នាំឱ្យមានការភាន់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា។ រីឯនិស្សិតខ្មែរម្នាក់ទៀត ឈ្មោះថា លី សេដ្ឋា បានប្រាប់ថា គេចុះផ្សាយកាលពីថ្ងៃទី២ កុម្ភៈនោះ គឺមិនអស់សេចក្តី ហើយចំណុចមួយចំនួនខុសពីគោលគំនិតរបស់ខ្លួនដែលធ្វើឱ្យគាត់អាក់អន់ចិត្តជាខ្លាំងចំពោះការចុះផ្សាយនេះ។

ក្រោយពីបានស្តាប់ផ្ទាល់ពីនិស្សិតខ្មែររួចមក លោក អ៊ុំ វុទ្ធទី បានបញ្ជាក់ថា សរុបសេចក្តីមក ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី គឺមិនស្របតាមគោលគំនិតរបស់ពួកគាត់ទេ ដូច្នេះទើបមានការបកស្រាយនៅថ្ងៃនេះ ធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា។ ពួកគេនៅតែគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពោលគឺបន្តការស្នាក់នៅទីក្រុងអ៊ូហានដដែល ហើយក៏រង់ចាំស្តាប់តាមការណែនាំថ្មីៗទៀតផងដែរ។

លោកបន្តថា ទោះបីជាមានការីករាលដាលជំងឺរលាកសួតប្រភេទថ្មីនេះមែន ប៉ុន្តែបរិវេណក្នុងសាកលវិទ្យាល័យដែលពួកគេកំពុងសិក្សា គឺមានសុវត្ថិភាពល្អណាស់ ដោយឃើញមានការបាញ់ថ្នាំទប់ស្កាត់តាមរបងសាលាជាប់លាប់ ហើយសម្ភារៈប្រើប្រាស់មានលក់ដូរក្នុងម៉ាតឬហាងលក់ទំនិញនៅក្នុងសាលា បើកដំណើរការធម្មតា ក្រៅពីទទួលបានអាហារមិនគិតថ្លៃពីអាជ្ញាធរហើយនោះ។ លោកក៏សង្ឃឹមដែរថា និស្សិតខ្មែរទាំងអស់នៅទីក្រុងអ៊ូហាននឹងរង់ចាំស្តាប់និងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ពីរដ្ឋាភិបាលចិនក៏ដូចជារដ្ឋបាលក្រុងអ៊ូហាន និងសាកលវិទ្យាល័យ តាមរយៈការបន្តធ្វើអនាម័យខ្លួនប្រាណជាដើម ដើម្បីទប់ស្កាត់ការឆ្លងជំងឺមួយនេះ។

បច្ចុប្បន្ននេះ និស្សិតខ្មែរដែលសិក្សានៅទីក្រុងអ៊ូហានទាំង២៣នាក់ គឺស្ថិតក្នុងចំណោមនិស្សិតខ្មែរជាង២ពាន់នាក់ដែលកំពុងបន្តការសិក្សានៅទូទាំងប្រទេសចិន នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ វុទ្ធទី ដដែល។

សម្តេច ហ៊ុន សែន ទើបបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាដោយមានជំនឿចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ហើយស្នើដល់និស្សិតខ្មែរនៅទីក្រុងអ៊ូហានទាំងអស់រួមសុខរួមទុក្ខជាមួយប្រជាជនចិនដើម្បីជំនះលើជំងឺមួយនេះ៕

កិច្ចសម្ភាសន៍មួយនេះក៏មានផ្សាយផ្ទាល់ផ្ទាល់តាមបណ្តាញសង្គមផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង