Yearendyearend1140x150

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ភ្ញៀវទេសចរនឹងកើនឡើងវិញ២៥ភាគរយនៅឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន។

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងថា បើទោះកម្ពុជាជួបវិបត្តិជំងឺ Covid-19 ហើយបង្កជាបញ្ហាសង្គ្រាមពាណិជ្ជកម្ម និង បញ្ហាមួយចំនួនទៀតក៏ដោយ ក៏នៅឆ្នាំ ២០២៥ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ ២៥ភាគរយ មកវិញ ។ 

បច្ចុប្បន្នភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០ភាគរយ។ ការធ្លាក់ចុះនេះបណ្តាលមកពីបញ្ហាភ័យខ្លាចនៃមេរោគឆ្លង Covid-19 ដែលកំពុងគំរាមគំហែងដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និង ប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ។

សម្រាប់នៅកម្ពុជាប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និង វិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ៤០ភាគរយ។ ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម ១០ភាគរយ ទៅ ១៥ភាគរយតែប៉ុណ្ណោះ។នេះជាកាលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ ២៥ភាគរយមកវិញ។កើនឡើងដោយឯកឧត្តមបានលើកឡើងពីបទពិសោធន៍កាលដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ក្នុងនោះភ្ញៀវទេសចរដែលមកលេងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើនភ្ញៀវទេសចរក្នុងស្រុកដល់ទៅ ៩ភាគរយ ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។

ជាមួយនឹងការរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និង បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ភ្ញៀវនូវអ្វីដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើម។

គួរបញ្ជាក់ថា ដើម្បីជួយដល់វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ តាមរយៈលើកលែង(រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីរយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០ ។

បន្ថែមលើសពីនេះ រដ្ឋាភិបាលបានអំពាវនាវឱ្យកាត់បន្ថយការធ្វើដំណើចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ហើយការបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស ជាពិសេស ជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេស តាមរយៈ រថយន្តក្រុង ឬរថយន្តផ្ទាល់-ខ្លួន និងរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែលជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិស័យទេសចណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង