Yearendyearend1140x150

តំណក់ប្រេងដំបូងជា«ពរ»គ្រប់គ្រងមិនល្អជា«បណ្ដាសា»?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តំបន់ប្រេងនៅប្លុកA នៃឈូងសមុទ្រកម្ពុជា។រូបភាពពី៖ផេកនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេងលើកដំបូងរបស់ខ្លួនស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកតំណក់ប្រេងកាតដែលទទួលបាននៅថ្ងៃទី២៩ធ្នូនេះជាប្រយោជន៍សម្រាប់ចំណូលថវិកាជាតិ ខណៈអ្នកសេដ្ឋកិច្ចយល់ឃើញដូចរាជរដ្ឋាភិបាលតែស្នើសុំឱ្យការគ្រប់គ្រងមានតម្លាភាព ដើម្បីឱ្យសេដ្ឋកិច្ចជាតិទាំងមូលមានការរីកចម្រើន។

តាមរយៈបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាពីររូប សុទ្ធតែបង្ហាញពីការពេញចិត្តលើកការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនាំឱ្យកម្ពុជាទទួលតំណក់ប្រេងលើកដំបូងរបស់ខ្លួន និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងក្នុងប្រវត្តិសាស្ត្រ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការរកឃើញនូវតំណក់ប្រេងនេះគឺជាការរកឃើញនូវធនធានធម្មជាតិថ្មីមួយដែលអាចជាប្រភពនៃប្រាក់ចំណូលរបស់រាជរដ្ឋាភិបាលបន្ថែម។ប៉ុន្តែលោកស្នើឱ្យគ្រប់គ្រងប្រេងត្រូវមានប្រព័ន្ធគណីយភាព និងប្រព័ន្ធតម្លាភាពឱ្យបានច្បាស់លាស់និងត្រឹមត្រូវ ដើម្បីធានានូវការគ្រប់គ្រងប្រាក់ចំណូលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។

បើតាមអ្នកជំនាញរូបនេះ បានអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជាមិនអាចគ្រប់គ្រងបានត្រឹមត្រូវនោះទេ វានឹងមានការលេចធ្លាយនៃចំណូលរដ្ឋដែលធ្វើឱ្យពុំបានផលទៅដល់សង្គមជាតិទាំងមូល ប៉ុន្តែនឹងបានផលទៅមនុស្សតែមួយក្រុមតូចតែប៉ុណ្ណោះ។

ចំណែកលោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ដែរថា ការរកឃើញតំណក់ប្រេងដំបូងគឺបានជួយឱ្យកម្ពុជាមានសក្តានុពលក្នុងការពង្រីកបន្ថែមនូវមូលដ្ឋានចំណូលថវិកាជាតិ តាមរយៈការផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុនឯកជនក្នុងការរុករក និងចំរាញ់ប្រេងកាតនៅកម្ពុជានេះ។

លោកបណ្ឌិត ឆេង គីមឡុង បន្តថា ក្រៅពីការបង្កើតចំណូលបន្ថែម កម្ពុជាក៏ធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នតាមចំនួននិងលទ្ធភាពដែលកម្ពុជាអាចធ្វើបាននៅក្នុងការរុករកប្រេងនិងឧស្ម័ននៃដែនទឹកកម្ពុជា។ ការរកបាននូវធនធានប្រេងកាតនៅកម្ពុជាមានន័យថា កម្ពុជាអាចពង្រីកនូវការគ្រប់គ្រង ក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រងប្រភពនៃវិស័យឧស្ម័ន និងប្រេងកាត ពិសេសជាងនេះគឺធ្វើឱ្យកម្ពុជាធានាបាននូវស្ថេរភាពនៃការផ្គត់ផ្គង់ប្រេង។

សម្រាប់លោកបណ្ឌិត ឆេង គីមឡុង ការបូមប្រេងនេះហើយចម្រាញ់សម្រាប់ប្រើប្រាស់ក្នុងស្រុកដោយខ្លួនឯង គឺអាចធ្វើឱ្យតម្លៃលក់ប្រេងនៅក្នុងប្រទេសកម្ពុជាមានស្ថេរភាព ឬអាចមានតម្លៃទាបជាងមុន។លោកបន្តថា ការរកបានប្រភពចំណូលបន្ថែមធ្វើឱ្យកម្ពុជាមានភាពបត់បែនធំជាងមុន និងមានសមត្ថភាពធំជាងមុនក្នុងការរៀបចំនូវគោលដៅយុទ្ធសាស្រ្តនៃការអភិវឌ្ឍសង្គមដែលបង្ហាញពីផលវិជ្ជមានសម្រាប់កម្ពុជា។ដើម្បីឱ្យកម្ពុជាទទួលបានផលប្រយោជន៍សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទាំងមូលពីវិស័យនេះ គឺទាមទារឱ្យការគ្រប់គ្រងផលចំណូលពីវិស័យឧស្ម័ន រ៉ែ និងប្រេងកាតស្ថិតនៅក្រោមច្បាប់នៃការគ្រប់គ្រងរបស់កម្ពុជាយ៉ាងតឹងរឹងបំផុត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចាត់ទុកតំណក់ប្រេងលើកដំបូងនេះ ជាសមិទ្ធផលនៃប្រជាជាតិកម្ពុជាទាំងមូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ វាជាព័ត៌មានដ៏ល្អនិងប្រកបដោយក្តីអំណរសម្រាប់កម្ពុជាទាំងអស់គ្នា មិនថាជាអ្នកគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាលនោះទេ ព្រោះវាជាសមិទ្ធផលរបស់ជាតិ។

លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា ជា «បណ្ដាសា» ឬជា «ពរជ័យ» វាអាស្រ័យទៅលើតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង និងការប្រើប្រាស់ចំណូលដែលបានមកពីប្រេងឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។លោកថា ពលរដ្ឋទាំងអស់គ្នាត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការចាត់ចែងលើរឿងនេះ ដើម្បីជាមរតកប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង