Yearendyearend1140x150

អាជ្ញាធរអប្សរា៖«សត្វស្វា»បាញ់ថ្នាំសន្លប់ មិនមែនបាញ់សម្លាប់ទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«សត្វស្វា»កំពុងត្រូវបាញ់ថ្នាំសន្លប់ មិនមែនបាញ់សម្លាប់ទេ 

សៀមរាប៖ អាជ្ញាធរអប្សរា នាថ្ងៃទី២៩ ធ្នូនេះ បានចេញមុខបំភ្លឺពាក់ព័ន្ធនឹងករណីសត្វស្វា នៅបរិវេណប្រាសាទបាយ័ន។ ការចេញមុខបំភ្លឺនេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយថា អាជ្ញាធរអប្សរា និងជាមួយមន្ត្រីកសិកម្មបាញ់សម្លាប់សត្វស្វា។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ព្រោះថាស្វាទាំងនោះ ធ្លាប់បានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។

លោក ឡុង កុសល បានថ្លែងប្រាប់ AKP ថា “នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំផ្លើសថាស្វាទាំងនោះបានស្លាប់ជាដើម ដែលតាមការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។ 

ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថាជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះក្នុងបណ្តាញYoutube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម”។

បើតាមលោក ឡុង កុសល អះអាងថា សត្វស្វាទាំងនោះបានចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់និងបង្កររបួសដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។

ហេតុនេះ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាពអ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់សត្វស្វាយកចេញ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង