Yearendyearend1140x150

កូវីដ១៩៖កម្ពុជារកឃើញអ្នកជាសះស្បើយ០៣នាក់ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយបានព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ឱ្យជាសះស្បើយបន្ថែមដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី២៤ធ្នូនេះ កម្ពុជាមិនមានករណីឆ្លងថ្មីទេ និងមានអ្នកជាសះស្បើយពីកូវីដទាំងបីនាក់ ក្នុងនោះមានម្នាក់ជាស្រ្តីជនជាតិខ្មែរដែល អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ចំណែកឯបុរសជនជាតិខ្មែរម្នាក់ជាអ្នកចូលទៅហាង Pedro ផ្លូវព្រះសីហនុ មានអាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចុងក្រោយអ្នកជាសះស្បើយម្នាក់ទៀតគឺ ស្រ្តីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្ដិរបស់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់ពីអ្នកទាំងបីខាងលើ ទទួលបានលទ្ធផលធ្វើតេស្តឃើញអវិជ្ជមានវីរុសកូវីដ-១៩ចំនួនពីរលើកហើយ ទើបត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យទៅ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ០៩នាក់(ស្រី០៥នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០៦នាក់(ស្រី ០៣នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០២នាក់ (ស្រី០១នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង