Yearendyearend1140x150

សារអបអរសារទររបស់អ្នកឧកញ៉ាពុងឃាវសែក្នុងខួប២៧ឆ្នាំនៃការបង្កើតសារព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖  អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសារព័ត៌មានពាណិជ្ជកម្ម(The Commercial News) បានផ្ញើសារជូនពរ ក្នុងខួប២៧ឆ្នាំនៃការបង្កើតសារព័ត៌មានពាណិជ្ជកម្ម ដែលផ្សាយជាភាសាចិនក្នុងប្រទេសកម្ពុជា។

ក្នុងសារអបអរសាទរ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ទោះបីស្ថិតក្នុងរយៈពេលដ៏លំបាកបំផុតនៃជំងឺរាតត្បាតកូវីដ១៩ សារព័ត៌មានពាណិជ្ជកម្មក៏នៅតែបន្តផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនឥតឈប់ឈរ

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារអបអរសារទររបស់អ្នកឧកញ៉ា ពុង ឃាវសែក្នុងខួប២៧ឆ្នាំនៃការបង្កើតសារព័ត៌មានពាណិជ្ជកម្ម ៖

សារព័ត៌មានពាណិជ្ជកម្មបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៩៣ ដោយបានក្លាយជាកាសែតដែលផ្សាយជាភាសាចិនក្នុងប្រទេសកម្ពុជាដំបូងគេបង្អស់ បន្ទាប់ពីសង្គ្រាមស៊ីវិលនៅក្នុងកម្ពុជាត្រូវបានបញ្ចប់។ ជាពិសេសទៅទៀតនោះគឺពេលដែលសារព័ត៌មានពាណិជ្ជកម្មបានបង្កើតឡើងនោះ គឺនៅសល់តែ ៣ ខែទៀតប៉ុណ្ណោះ ពីការបោះឆ្នោតតំណាងរាស្រ្តលើកដំបូងនៅកម្ពុជានិងការប្រកាសបង្កើតរាជរដ្ឋាភិបាល។

នៅពេលនោះសេដ្ឋកិច្ចជាតិ និងសង្គមរបស់ប្រទេសកម្ពុជាមានភាពលំបាក់ ដែលកំពុងរងចាំភាពរុងរឿងចូលមកដល់។ ការចាប់កំណើតនិងការបោះពុម្ពផ្សាយរបស់សារព័ត៌មានពាណិជ្ជកម្ម អាចត្រូវបានគេនិយាយថា “ជាគ្រាដ៏លំបាកបំផុត និងជាពេលវេលាដែលពោរពេញទៅដោយក្តីសង្ឈឹមផងដែរ”។

ក្នុងរយៈពេល២៧ឆ្នាំ នៃការដំណើរការរបស់សារព័ត៌មានពាណិជ្ជកម្មនេះ យើងតែងតែប្រកាន់ខ្ជាប់នូវគោលបំណងលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជា ផ្សព្វផ្សាយវប្បធម៌ចិន បំរើសហគមន៍ចិនយ៉ាងសកម្ម និងបង្កើតជាវេទិកាផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌សំរាប់ជនជាតិចិន អនិកជនចិន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសនោះបានជំរុញមិត្តភាពរវាងប្រទេសកម្ពុជានិងចិនអោយកាន់តែភាពស្អិតរមួត។

ទាក់ទងទៅនឹងការលើកកម្ពស់វប្បធម៌ចិន សារព័ត៌មានពាណិជ្ជកម្មបានសម្ភាសន៍និងរាយការណ៍ព័ត៌មានជាច្រើនដែលទាក់ទងនឹងការវិវឌ្ឍនៃសហគមន៍ចិន និងសាលារៀនចិន ជាពិសេសបានបោះពុម្ភផ្សាយទំព័រសំរាប់សិស្សានុសិស្សជារៀងរាល់សប្តាហ៍ផងដែរ។

បើនិយាយអំពីការលើកកម្ពស់ការផ្លាស់ប្តូរជំនួញវិញ សារព័ត៌មានពាណិជ្ជកម្មបានរាយការណ៍ពីគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាក្នុងលក្ខណៈទាន់ពេលវេលា និងផ្តល់ការវិភាគព៌ត័មានសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ។

ទាក់ទងនឹងការបម្រើជនជាតិចិននៅក្រៅប្រទេសវិញ យើងបានសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយកសាងស្ពានទំនាក់ទំនងរវាងសហគមន៍ចិននិងរដ្ឋាភិបាល។

ក្នុងការលើកកម្ពស់និងពង្រឹងមិត្តភាពកម្ពុជា-ចិន យើងផ្តោតសំខាន់លើការរាយការណ៍អំពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគរបស់ចិននិងសហគ្រាសចិននៅកម្ពុជា។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងស្ថិរភាពនយោបាយរយៈពេលវែងនិងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានវិនិយោគចិនយ៉ាងច្រើនមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា វិស័យកសិកម្ម ផលិតកម្ម ទេសចរ ហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ជាដើម បានធ្វើឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។

សារព័ត៌មានពាណិជ្ជកម្មដែលបានចាប់បដិសន្ធិ ក្នុងពេលដំណាលគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ មិនត្រឹមតែបានឃើញនិងធ្វើជាសាក្សីពីដំណើរការអភិវឌ្ឍន៍ដ៏អស្ចារ្យនៃការស្ថាបនាជាតិពីដៃទទេររបស់រាជរដ្ធាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការវិនិយោគទុនចិននៅក្នុងប្រទេសកម្ពុជា បានផ្តល់ផលប្រយោជន៏ដល់សង្គមជាតិកម្ពុជាកាន់តែធំធេង ។

បន្ថែមពីលើការប្រកាន់ភ្ជាប់គោលបំណងនៃការបោះពុម្ពផ្សាយ សារព័ត៌មានពាណិជ្ជកម្មក៏បានខិតខំពង្រឹងនូវប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនជាលំដាប់ផងដែរ ដោយផ្តោតសំខាន់លើការបណ្ដុះបណ្តាលធនធានមនុស្សនិងបង្កើតក្រុមជំនាញឯកទេសរបស់ខ្លួន ហើយដំណើរការនេះនឹងបន្តទៅមុខជាដរាប។

ក្រុមការងារនៃសារព័ត៌មានពាណិជ្ជកម្ម ភាគច្រើនជានិស្សិតដែលបញ្ចប់ការសិក្សាពីសាលាចិនក្នុងប្រទេសកម្ពុជា ក្រៅពីបណ្ដុះបណ្ដាលអោយពួកគេមានចំណង់ចំណូលចិត្តខាងសារព័ត៌មាន ហើយ យើងក៏ណែនាំពួកគេឱ្យបំពេញបេសកកម្មបម្រើសង្គមផងដែរ។

ជាការពិតអតីតអ្នកសារព័ត៌មានឆ្នើមៗជាច្រើនរបស់សារព័ត៌មានពាណិជ្ជកម្មបច្ចុប្បន្ននេះ បានបម្រើការងារជាមន្រ្តីរាជការ ឬជាសហក្រិននៅក្នុងវិស័យផ្សេងទៀតនៃពិភពជំនួញក្នុងប្រទេសកម្ពុជា ហើយបានបន្តចូលរួមវិភាគទានដល់ប្រទេសនិងសង្គមជាច្រើន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពបែបប្រពៃណី បានប្រឈមនឹងការប្រកួតប្រជែងនិងផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយទំនើប ហើយសារព័ត៌មានពាណិជ្ជកម្មក៏កំពុងជួបប្រទះនឹងបញ្ហានេះផងដែរ។

ចាប់តាំងពីឆ្នាំ២០១៩មក សារព័ត៌មានពាណិជ្ជកម្មត្រូវបានច្របាច់បញ្ចូលគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយថ្មីគឺ “The Cambodia China Times” ដើម្បីពង្រីកឥទ្ធិពលព័ត៌មានរបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកជាច្រើន និងផ្សព្វផ្សាយពាណិជ្ជកម្ម ជូនអតិថិជនរបស់ខ្លួន តាមបណ្តាញផ្សព្វផ្សាយ ជាច្រើនផ្សេងៗគ្នា។

យើងជឿជាក់ថាតាមរយៈការធ្វើសមាហរណកម្មនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយនិងមានអ្នកអានដ៏យូរអង្វែងនិងស្មោះត្រង់របស់ខ្លួន សារព័ត៌មានពាណិជ្ជកម្មនឹងអនុញ្ញាតឱ្យយើងបានស្គាល់អ្នកអានមកពីទូទាំងពិភពលោក ហើយនិងអាចបន្តអនុវត្តគោលបំណងផ្សព្វផ្សាយរបស់យើងតាមរយៈវេទិកានៃប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។

នៅឆ្នាំ ២០២០នេះ ការរាតត្បាតជំងឺកូវីដ១៩ បានរាលដាលពាសពេញពិភពលោកហើយប្រទេសកម្ពុជានិងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលបណ្តាលឱ្យរោងចក្រជាច្រើននៅកម្ពុជាត្រូវបានបញ្ឈប់ផលិតកម្ម សាលារៀនត្រូវបានបង្ខំឱ្យផ្អាកការសិក្សា ហើយភ្ញៀវទេសចរបរទេសត្រូវបានកាត់បន្ថយ។

ជំងឺរាតត្បាតបានរីករាលដាលដល់គ្រប់មជ្ឈដ្ឋាននៃសង្គមហើយផលប៉ះពាល់គឺមិនធ្លាប់មានពីមុនមកទេ ប៉ុន្តែគួរអោយរីករាយនោះគឺ ទោះបីមានការលំបាកនិងបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺនេះក៏ដោយ ក៏សហសេវិកទាំងអស់នៅក្នុងសារព័ត៌មានពាណិជ្ជកម្មនៅតែប្រកាន់ខ្ជាប់ការងាររបស់ពួកគេ ហើយគោរពតាមតម្រូវការនៃវិធានការណ៍បង្ការការរីករាលដាលរបស់ក្រសួងសុខាភិបាល ដោយធ្វើបានទោះបីស្ថិតក្នុងរយៈពេលដ៏លំបាកបំផុតនៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ សារព័ត៍មានពាណិជ្ជកម្មក៏នៅតែបន្តផ្សព្វផ្សាយព័ត៍មានរបស់ខ្លួនឥតឈប់ឈរ។

នាពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ។ ហើយប្រទេសជាច្រើនបានចាប់ផ្តើមចាក់វ៉ាក់សាំងអោយប្រជាពលរដ្ឋរបស់ពួកគេផងដែរ។

កាលពីពេលថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរបស់ខ្លួន។

នេះជាដំណឹងដ៏គួរឱ្យរំភើបបំផុត។ ខ្ញុំជឿជាក់ថាជាមួយនឹងការអភិវឌ្ឍន៍ផលិតបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រកបដោយជោគជ័យនោះ ប្រជាជននិងក្រុមហ៊ុននៅជុំវិញពិភពលោកនឹងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់។

ខណៈពេល ថ្ងៃបុណ្យចូលឆ្នាំសកលជិតមកដល់ហើយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអានទាំងអស់ដែលបានគាំទ្រនិងស្រលាញ់ សារព័ត៌មានពាណិជ្ជកម្ម ។ ខ្ញុំសូមជូនពរអោយអ្នកអាននិងអ្នកជំនួញទាំងអស់គ្នាមានការងាររុងរឿង រីករាយសុខសប្បាយនៅក្នុងឆ្នាំថ្មីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង