Cct850x100 1
1800px x h300px kh

កញ្ញាអាំង សិរីរតន៍៖គម្រោង«អេកូយុវទូត»ផ្សព្វផ្សាយ និងអប់រំពីបរិស្ថាននិងជីវចម្រុះនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ «អេកូយុវទូត-Young Eco Ambassador» ជាគម្រោងមួយដែលបានធ្វើបង្កើតឡើងនៅឆ្នាំ២០១៥ បន្ទាប់ពីបានឈ្នះរង្វាន់នៃកម្មវិធី«មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍» (YSEALI Seeds for the Future)។ សហស្ថាបនិកម្នាក់ឈ្មោះថា កញ្ញា អាំង សិរីរតន៍ បញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា គោលដៅសំខាន់របស់គម្រោង«អេកូយុវទូត»នេះ មានសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តដែលមានទស្សនវិស័យរួមគ្នាតែមួយ ក្នុងការបំផុសគំនិតដល់ប្រជាជនឱ្យស្រលាញ់ និងថែរក្សាការពារបរិស្ថាន ក៏ដូចជាយល់ដឹងឱ្យកាន់តែច្បាស់ជាងមុននូវធនធានធម្មជាតិ ព្រៃឈើនៅក្នុងប្រទេសយើង ហើយរួមគ្នាក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងជីវចម្រុះទៅសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។

កញ្ញា សិរីរតន៍ ប្រាប់ថា អេកូយុវទូតតែងតែធ្វើសកម្មភាពសង្គមផ្នែកបរិស្ថាន និងផ្សព្វផ្សាយការអប់រំ បណ្ដុះផ្នត់គំនិត ស្មារតីអភិរក្សធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ និងសត្វព្រៃទៅនឹងសហគមមូលដ្ឋានទៅដល់យុវជន និងប្រជាពលរដ្ឋទូទៅពីបញ្ហាបរិស្ថាន និងហើយមានរឿងអ្វីខ្លះដែលក្រុមគម្រោងអេកូយុវទូត អាចរួមចំណែកដោះស្រាយនូវបញ្ហាបរិស្ថានក្នុងតំបន់សហគមន៍បានជួបប្រទះ។ អេកូយុវទូត ដើរតួនាទីជាអ្នកនាំភ្ញៀវទេសចរទៅកំសាន្តព្រៃផង និងជាអ្នកនាំភ្ជាប់ទំនាក់ទំនងបរិស្ថានទៅនឹងប្រជាជនទូទៅ ដោយចុះទៅដល់សហគមន៍ផ្ទាល់ ដើរក្នុងតំបន់ព្រៃ ដើម្បីអាចឱ្យភ្ញៀវទេសចរអាចទៅទទួលនូវសេវាកម្មទេសចរណ៍ពីប្រជាពលរដ្ឋក្នុងសហគមន៍នៅទីនោះ និងរួមគ្នាអភិវឌ្ឍតំបន់ទេសចរណ៍ក៏ដូចជាអភិរក្សព្រៃឈើ ធនធានធម្មជាតិ និងសត្វព្រៃផងដែរ។

សហស្ថាបនិកអេកូយុវទូតរូបនេះ បន្តថា «បើសិនជាយើងមានតែការផ្សព្វផ្សាយតែមួយមុខ ហើយអត់មានការផ្សារភ្ជាប់ទៅនឹងទីតំបន់គោលដៅដូចជា នៅតាមសាលារៀន សហគមន៍ផ្ទាល់នោះទេ វាហាក់បីដូចជា បាត់នូវទំនាក់ទំនងរវាងក្រុមការងារផ្សព្វផ្សាយ និងអ្នកទាំងនោះ។ យើងមិនគ្រាន់តែធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនោះទេ តែពួកយើងមានសកម្មភាពចុះតាមសហគមន៍ផ្សេងៗទៀត ដើម្បីធ្វើឱ្យការងាររបស់ក្រុមគម្រោងដំណើរការកាន់តែមានប្រសិទ្ធិភាពទៅមុខទៀត។ មិនត្រឹមតែធ្វើការជាមួយយុវជននោះទេ តែយើងអាចចែករំលែកចំណេះដឹងបទពិសោធន៍ដែលក្រុមការងារ និងយុវជនមានទៅដល់អ្នកដែលនៅសហគមន៍ផងដែរ»។

កញ្ញា សិរីរតន៍ បញ្ជាក់ថា រយៈពេល០៥ឆ្នាំកន្លងមក ក្រុមយុវជន និងប្រជាជននៅតាមសហគមន៍នានាក្នុង គម្រោង«អេកូយុវទូត-Young Eco Ambassador»បានធ្វើការបង្ហាញពីសក្តានុពលភាព និងគួរជាទីមោទនភាពរបស់កម្ពុជាដែលមានគម្រោងការងារសង្គម និងបរិស្ថានដ៏ឆ្នើមមួយក្រុមនេះ បានធ្វើដំណើរចុះផ្សព្វផ្សាយពីបរិស្ថានតាមរយៈការបង្កើតកម្មវិធីផ្សេងៗសហការរួមជាមួយរាជរដ្ឋាភិបាល អ្នកមានជំនាញ អ្នកសិក្សាស្រាវជ្រាវផ្សេងទៀត ដើម្បីឱ្យយុវជនកម្ពុជាអាចចូលរួមការពារបរិស្ថាន និងធ្វើការងារដោះស្រាយបញ្ហារបស់សហគមន៍នៅប្រទេសប្រកបដោយគំនិតច្នៃប្រឌិត និងចេះបើកគំនិតទទួលយកនូវគំនិតថ្មីៗពីគ្នាទៅវិញទៅមក ប្រកបដោយនិរន្តភាព។

កញ្ញា អាំង សិរីរតន៍ និយាយពីមូលហេតុដែលខ្លួនចាប់ផ្ដើមបង្កើតគម្រោង«អេកូយុវទូត»នេះឡើងគឺដោយសារចំណង់ចំណូលចិត្តផ្នែកបរិស្ថានតាំងពីនៅថ្នាក់វិទ្យាល័យមកម្ល៉េះ ចង់ធ្វើការងារសង្គមច្រើន ជួបមនុស្សថ្មីៗ ចុះតាមភូមិឃុំសហគមន៍តាមតំបន់ដាច់ស្រយោល វាលស្រែ ព្រៃភ្នំនានា ជួយផ្សព្វផ្សាយពីចំណេះដឹងបរិស្ថាននានា ដែលជាផ្នែកមួយនៃអំពើមនុស្សធម៌ ក្នុងការជួយមនុស្ស សង្គម និងការអប់រំជាដើម។

ពេលចូលរៀនថ្នាក់សាកលវិទ្យាល័យ ខ្លួនក៏សម្រេចជ្រើសរើសជំនាញបរិស្ថាន និងចូលចិត្តចូលរួមការងារសង្គមនៃកម្មវិធីពាក់ព័ន្ធនឹងយុទ្ធនាការបរិស្ថាន និងអភិរក្សធនធានធម្មជាតិជាដើម។ វាក៏ផ្នែកមួយនៃកម្លាំងចិត្តខ្លាំងមួយ ក្នុងការឆ្ពោះទៅរកគោលដៅនៃជីវិតមួយពិតប្រាកដ ដែលខ្លួនចង់បានហើយប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។ កាលពីដើមនោះ សិរីរតន៍បានចូលរួមធ្វើការក្នុងយុទ្ធនាការលុបបំបាត់ការបរិភោគសាច់សត្វព្រៃ ដោយផ្ដល់ជាសារលើកទឹកចិត្ត ដើម្បីឱ្យប្រជាជនខ្មែរឈប់បរិភោគសាច់សត្វព្រៃ និងចូលរួមសកម្មភាពបរិស្ថានក្នុងសង្គមផ្សេងៗទៀតជាបន្តបន្ទាប់។

បន្ទាប់មកពីកញ្ញា សិរីរតន៍ និងក្រុមការងារ ដែលធ្លាប់ធ្វើការងារស្ម័គ្រចិត្តអំពីការងារបរិស្ថានជាមួយគ្នា ហើយនៅតែមានបន្តទំនាក់ទំនងជាមួយក្រុមការងាររហូតមកដែលអាចចាប់ផ្ដើមរៀបចំគំនិតថ្មីៗបន្ថែមទៀត ក្នុងការបង្កើតយុទ្ធនាការបរិស្ថានមួយរួមគ្នា ដើម្បីប្រកួតក្នុងការទទួលបានរង្វាន់ពីកម្មវិធីមួយឈ្មោះថា «គំនិតផ្តួចផ្តើមអ្នកដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI Seeds for the Future)» ដែលជាការផ្តួចផ្តើមរបស់លោកប្រធានធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥។

ក្រោយមក សមាជិកក្រុមកញ្ញា សិរីរតន៍ ក៏ទទួលបានរង្វាន់លេខមួយ និងទទួលបានថវិកាជំនួយពីកម្មវិធីមកបង្កើតជាយុទ្ធនាការបរិស្ថាន«អេកូយុវទូត-Young Eco Ambassador» ដែលបានសហការជាមួយយុវជនមួយក្រុមទៀតនៅប្រទេសហ្វីលីពីនផងដែរ។ កាលពីដំបូងមានក្រុមការងារស្នូល(Core Team)ត្រឹមតែ១០នាក់តែប៉ុណ្ណោះ ហើយមានយុវជនស្ម័គ្រចិត្តចំនួន៤០នាក់ផ្សេងទៀត ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលនៃយុទ្ធនាការបរិស្ថាន«អេកូយុវទូត» និងចុះទស្សនកិច្ចតាមតំបន់ព្រៃ និងសហគមន៍រហូតដល់យុទ្ធនាការយុវជនមួយនោះត្រូវបានបញ្ចប់រួចរាល់ហើយ។

រាប់ពីខាងស្ដាំមកឆ្វេង កញ្ញា អាំង សិរីរតន៍ , លោក ស៊ាត លីឃាង និងក្រុមការងារ  
លោក ស៊ាត លីឃាង ជាសហស្ថានិក«អេកូយុវទូត-Young Eco Ambassador»

មួយឆ្នាំក្រោយមក កញ្ញា អាំង សិរីរតន៍ និងលោក ស៊ាត លីឃាង ដែលជាសហស្ថានិកនៃគម្រោងអេកូយុវទូត អ្នកទាំងពីរធ្លាប់ធ្វើការងារស្ម័គ្រចិត្តជាមួយគ្នាក្នុងយុទ្ធនាការបរិស្ថានមុនៗរួមគ្នា ហើយអ្នកទាំងពីរក៏បានប្ដូរមកធ្វើការងារនៅកន្លែងចាស់មកធ្វើការពេញម៉ោងដូចគ្នា រួចក៏បានពិភាក្សាគ្នាដើម្បីបង្កើត«អេកូយុវទូត-Young Eco Ambassador» ដូចពីមុន តែជាគម្រោងអចិន្រៃ្តយ៍មួយប្រចាំកម្ពុជាដែលបង្កើតឡើងដោយយុវជនខ្មែរ និងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងបញ្ច្រាបចំណេះដឹងអំពីការអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេស ឱ្យបានកាន់តែទូលំទូលាយហើយបានទៅដល់ប្រជាជនទូទៅ។

យ៉ាងណាមិញ ការចាប់ផ្ដើមដំណើរការដំបូង រមែងតែងតែជួបប្រទះបញ្ហាជាច្រើន ដូចជាខ្វះខាតនូវ ធនធានហិរញ្ញវត្ថុ ធនធានចំណេះដឹង និងធនធានមនុស្ស ដោយសារក្រុមការងារដំបូងឡើយ សុទ្ធតែអ្នករៀនផ្នែកបរិស្ថានដែលការងារលើធនធានធម្មជាតិ ជំនាញជីវចម្រុះបរិស្ថាន ហេតុនេះនៅខ្វះជំនាញនៃការគ្រប់គ្រងគម្រោង ការគ្រប់គ្រងការងារក្រុមជាដើម។ ជាក់ស្ដែង នៅក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩មួយរយៈក្រោយនេះ ក្រុមការងារបានជួបប្រទះបញ្ហាខាងហិរញ្ញវត្ថុផងដែរ ជាមួយគ្នានឹងកង្វះខាតផ្សេងទៀតគឺទាក់ទងនឹងផ្នែកធនធានចំណេះដឹង និងជំនាញផ្សេងៗទៀតនៅមានកម្រិត។

ទោះបីជាជួបប្រទះនឹងឧបសគ្គផ្សេងៗច្រើនយ៉ាងនេះក្ដី កញ្ញា សិរីរតន៍ នៅតែអះអាងថា នៅពេលមានបញ្ហា ក៏ក្រុមការងារតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក បើកចិត្តក្នុងការពិភាក្សារកដំណោះស្រាយរួមគ្នា ស្ដាប់គ្នាទៅវិញទៅមករកគំនិតថ្មីៗ និងគិតពិចារណាទៅទៅលើដំណោះស្រាយនៃស្ថានភាពសង្គមជាក់ស្ដែងប្រកបដោយភាពច្នៃប្រឌិតដោយស្មារតីមោះមុត ដើម្បីឆ្លើយតបនឹងបញ្ហាដែលជួបប្រទះ។ ម្យ៉ាងវិញទៀតដោយសារមានការជួយជ្រោមជ្រែងពីសំណាក់អ្នកជំនាញ ដែលពាក់ព័ន្ធផ្សេងៗ ដែលទាំងអស់នេះហើយ ធ្វើឱ្យក្រុមការងារស្នូលនៃគម្រោង«អេកូយុវទូត»កាន់តែមានទឹកចិត្ត ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការគម្រោងមានដំណើរការប្រកបដោយនិរន្តរភាព និងបន្តភារកិច្ចតួនាទីដែលខ្លួនចង់ធ្វើ និងស្រលាញ់អាចបន្តដំណើរការទៅមុខទៀតបាន។

សហស្ថានិកគម្រោងអេកូយុវទូតរូបនេះយល់ឃើញថា ក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ននេះ សង្គមកំពុងតែផ្ដល់ឱកាសឱ្យយុវជនគិតគូរទៅដល់ការធ្វើអាជីវកម្មសង្គម និងមានវគ្គបណ្ដុះបណ្ដាលផ្សេងៗ ទាក់ទងជាមួយនឹងបញ្ហាទាំងអស់នោះ។ ការជម្រុញលើកទឹកចិត្តបណ្ដុះស្មារតីយុវជនកម្ពុជាឱ្យចូលរួមក្នុងបរិស្ថានក្នុងការងារសង្គម មានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ដែលវាអាចជាឱកាសល្អមួយក្នុងការស្វែងយល់ពីបញ្ហាសង្គមបានកាន់តែស៊ីជម្រៅដែលកើតមានឡើងជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ហើយចាប់ផ្ដើមពិភាក្សាផ្ដល់ជាគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិតក្នុងការស្វែងរកដំណោះស្រាយបញ្ហាឱ្យបានប្រសិទ្ធិភាព។

ជាចុងក្រោយ កញ្ញា អាំង សិរីរតន៍ សង្ឃឹមថា យុវជនកម្ពុជាអាចពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនហើយចាប់ផ្ដើមស្វែងយល់ និងរៀនសូត្រអំពីគម្រោងអាជីវកម្មសង្គម ក្នុងរូបភាពផ្សេងៗ ដើម្បីចូលរួមដោះស្រាយ បញ្ហាបរិស្ថានក្នុងសង្គម ហើយចាប់ផ្ដើមផ្លាស់ប្ដូរបរិបទនៃគម្រោងអាជីវកម្មបែបប្រពៃណីដែលភាគច្រើនប៉ះពាល់ដល់បរិស្ថានសង្គម ហើយបែរងាកមកធ្វើគម្រោងអាជីវកម្មមួយប្រភេទទៀត ដែលមិនប៉ះពាល់ដល់សង្គមហើយ ថែមទាំងមានផលចំណេញដូចគ្នា។

គួររំលឹកផងដែរថា សព្វថ្ងៃនេះគម្រោង«អេកូយុវទូត-Young Eco Ambassador» ផ្ដោតសំខាន់ទៅលើបួនផ្នែកសំខាន់ៗ គឺទីមួយជាការអភិវឌ្ឍសហគមន៍តាមរយៈវិស័យអេកូទេសចរណ៍ និងទីពីរជាកម្មវិធីអប់រំយុវជនទាំងចំណេះដឹង និងជំនាញផ្សេងៗតាមតម្រូវការ។ ទីបីជាការបង្កើតគម្រោងយុទ្ធនាការបរិស្ថានផ្សេងៗ និងទីបួនជាការអភិវឌ្ឍន៍ផ្នែកធនធានចំណេះដឹង ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ផ្នែកទាំងបួននោះ គឺជាការងារក្នុងការគាំទ្រដល់ទំនាក់ទំនងរវាងយុវជន ប្រជាជនទូទៅជាមួយនឹងសហគមន៍ពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍ និងកំពុងតែរៀបចំកម្មវិធីផ្សេងៗ ធ្វើយ៉ាងណាជួយពង្រឹងសមត្ថភាពរបស់សហគមន៍ អាចឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរ។

ផ្នែកទីមួយសំដៅទៅលើការអភិវឌ្ឍសហគមន៍តាមរយៈវិស័យអេកូទេសចរណ៍ ដោយធ្វើការងារជាមួយសហគមន៍ បង្កើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាជននៅទីនោះដោយវិស័យអេកូទេសចរណ៍ ចង់ឱ្យភ្ញៀវទេសចរណ៍នៅទីក្រុងក៏ដូចជាភ្ញៀវជនជាតិបរទេស បានដើរកំសាន្តនៅតំបន់ធម្មជាតិផ្សេងៗនៅស្រុកខ្មែរយើង និងទទួលនូវសេវាកម្មនៅសហគមន៍មូលដ្ឋាន ដើម្បីឱ្យប្រជាជនមានប្រាក់ចំណូលបន្ថែម សម្រាប់យកទៅការពារធនធានធម្មជាតិនៅតាមតំបន់របស់ពួកគាត់ផងដែរដូចជា ព្រៃឈើ សត្វព្រៃ ជាដើម។

ផ្នែកទីពីរសំដៅលើកម្មវិធីអប់រំយុវជន ក្នុងការគាំទ្រពួកគាត់អាចកសាងចំណេះដឹងផ្សេងៗពីបរិស្ថាន ជីវចម្រុះ ព្រៃឈើ និងសត្វព្រៃ និងកសាងសមត្ថភាពដែលពួកគាត់កំពុងជួបប្រទះដូចជា ជំនាញទន់(Soft Skills) ភាពជាអ្នកដឹកនាំ (Leadership) ការធ្វើការក្រុម (Teamwork) ការរៀបចំគ្រប់គ្រងធនធានមនុស្ស (Human Resource) និងរៀបចំគម្រោងផ្សេងៗ(Project Management)។

ផ្នែកទីបីសំដៅលើយុទ្ធនាការបរិស្ថាន ដែលបច្ចុប្បន្នអេកូយុវទូតបានបង្កើតនូវយុទ្ធនាការស្ដីពីបរិស្ថាននៅតាមបណ្ដាញសង្គមបែបឌីជីថល និងទីសាធារណដូចជានៅតាមសាលារៀន តាមភូមិឃុំនៃសហគមន៍ផ្សេងៗ។ ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវពីប្រធានបទណាមួយជាក់លាក់ហើយ រួចធ្វើការចែករំលែកមាតិកាព័ត៌មានទាំងអស់នោះតាមរយៈគេហទំព័រហ្វេសប៊ុកផេកជាផ្លូវការដូចជា(អេកូយុវទូត-Young Eco Ambassador) (ដេកគិត-Dekkit) (ដើរព្រៃ-Derr Prey) និងកម្មវិធីចែករំលែកបទពិសោធន៍នានាអំពីជីវិតផ្សងព្រេងរបស់យុវជនដែលបានចូលរួមនៃគម្រោងអេកូយុវទូតរយៈពេលមួយឆមាស ឬមួយឆ្នាំផងដែរ។

ផ្នែកទីបួនសំដៅលើការអភិវឌ្ឍន៍ផ្នែកធនធានទំនាក់ទំនង ដែលមានក្រុមការងារជំនាញប្រព័ន្ធផ្សព្វផ្សាយ(Media) ដែលអាចកាត់តរូបភាព ធ្វើវីដេអូ និងខាងក្រាហ្វិកឌីហ្សាញផ្សេងៗ និងផ្ដោតលើមាតិកាបរិស្ថាននៃការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម តាមរយៈរូបភាព និងវីដេអូផ្សេងៗជាដើម។

សូមបញ្ជាក់ថា កញ្ញា អាំង សិរីរតន៍ សព្វថ្ងៃនេះមានអាយុ ២៧ឆ្នាំ កញ្ញាមានតួនាទីជាសហស្ថានិកគម្រោងអេកូយុវទូត និងជាប្រធានសម្របសម្រួលផ្នែកប្រតិបត្តិប្រចាំគម្រោង«អេកូយុវទូត-Young Eco Ambassador» ដែលមានស្រុកកំណើតខេត្តពោធិ៍សាត់ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១០ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ២០១៤កន្លងទៅ៕ 

សហស្ថានិក«អេកូយុវទូត-Young Eco Ambassador» ២រូប និងក្រុមរួមការងារ (រូបភាពដោយ៖ កញ្ញា អាំង សិរីរតន៍) 

កញ្ញា អាំង សិរីរតន៍ ជាសហស្ថានិក«អេកូយុវទូត-Young Eco Ambassador»(រូបភាពដោយ៖ កញ្ញា អាំង សិរីរតន៍) 

កញ្ញា អាំង សិរីរតន៍ ជាសហស្ថានិក«អេកូយុវទូត-Young Eco Ambassador»(រូបភាពដោយ៖ កញ្ញា អាំង សិរីរតន៍) 

(រូបភាពដោយ៖ កញ្ញា អាំង សិរីរតន៍) 


Khcct banner

អត្ថបទទាក់ទង