Yearendyearend1140x150

អាមេរិកផ្ដល់ហិរញ្ញប្បទាន ៦៦,២លានដុល្លារដល់កម្ពុជាគាំទ្រសុខភាពសាធារណៈ និងការអប់រំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កម្ពុជា៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍(USAID) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងនោះសម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងមួយផ្នែកទៀត សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។

យោងតាមសេចក្ដីប្រកាសរួម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជារួចមកហើយ។ បច្ចុប្បន្ននេះអាមេរិក និងកម្ពុជាក៏បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលទាំងសងខាង ក្នុងនោះមានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ ហើយចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក សមមូលនឹង ៦,១%នៃទំហំហិរញ្ញប្បទានសរុបដែលផ្ដល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្ដោតសំខាន់លើវិស័យសុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធចតុកោណ-ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង