Cct850x100 1
1800px x h300px kh

កូវីដ១៩៖កុមារាម្នាក់អាយុ១ឆ្នាំជាករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២៨វិចិ្ឆកា និងស្រ្តី២នាក់ជាករណីឆ្លងពីបរទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កុមារាជនជាតិខ្មែរម្នាក់ដែលមានអាយុត្រឹមតែមួយឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអ្នកជំងឺកូវីដជាស្រ្តី០២នាក់ដែលជាករណីឆ្លងពីបរទេស ក្នុងនោះម្នាក់ជាស្រ្តីជនជាតិខ្មែរ-អាមេរិក និងម្នាក់ទៀតជាស្រ្តីជនជាតិជប៉ុន ដែលជាករណីឆ្លងនាំចូលមកពីប្រទេសក្រៅ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកម៉ោង៧ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

យោងតាមក្រសួងសុខាភិបាលបានថ្លែងថា ការរកឃើញករណីវិជ្ជមានថ្មី ០៣នាក់ទៀត មានកុមារាម្នាក់មានអាយុ១ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ វិចិ្ឆកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផលវត្ថុសំណាកលើកទី៣ របស់កុមារាខាងលើផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នកុមារដដែល បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ចំណែកស្រ្តី២នាក់ទៀតដែលជាករណីឆ្លងពីបរទេស ម្នាក់ជាស្រ្តីជនជាតិខ្មែរ-អាមេរិក អាយុ ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជា នៅថ្ងៃ១៣ធ្នូ និងម្នាក់ទៀតជាស្រ្តីជនជាតិជប៉ុនអាយុ ៣៤ ឆ្នាំ មកពីប្រទេសជប៉ុន បន្តជើងហោះហើរប្រទេសកូរ៉េខាងត្បូងមកកម្ពុជានៅថ្ងៃទី១៣ធ្នូនេះ។ បន្ទាប់ពីលទ្ធផលធ្វើតេស្តលើវត្ថុសំណាកបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលហើយ។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានរកឃើញអ្នកជាសះស្បើយចំនួន ០៣នាក់បន្ថែមដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣១២នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥០នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ៣៣នាក់(ស្រី ១៣នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១០នាក់ (ស្រី០៥នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕


Khcct banner

អត្ថបទទាក់ទង