Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលលែងបញ្ចេញរូបថតបុគ្គលដែលឆ្លងកូវីដ-១៩ ក្រោយការឆ្លងថយចុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ធ្នូនេះ បានបញ្ជាក់ថានឹងលែងបញ្ចេញរូបថតបុគ្គលដែលឆ្លងកូវីដ-១៩ ហើយការដែលមិនបញ្ចេញនេះ គឺដោយសារតែស្ថានភាពនៃការឆ្លងក្នុងសហគមន៍បានធ្លាក់ចុះ។នេះបើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការដាក់រូបថតតែនៅក្នុងសកម្មភាពរុករកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺមិនមានតម្រូវការដាក់រូបទៀតទេ ហើយការមិនដាក់នេះដោយការគោរពសិទ្ធិរបស់បុគ្គល ហើយក្រសួងនឹងដាក់ត្រឹមឈ្មោះសិន នៅពេលក្រសួងគ្រប់គ្រងបានទាំងស្រុងហើយ ក្រសួងក៏ត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។

បើតាមលោកជំទាវ នៅពេលនេះគឺមិនទាន់មានការសន្និដ្ឋានបែបណានោះទេ ពោលគឺរងចាំមើលបន្តិចទៀតសិន គ្រាន់តែបច្ចុប្បន្ននេះ ករណីឆ្លងហាក់ដូចជាថមថយខ្លះៗហើយ។ម្យ៉ាងក្រសួងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គលដែរណា គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។

លោកជំទាវថ្លែងថា “អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្ទការប្រុងប្រយ័ត្នថែមទៀត ក្រែងវីរុសកូវីដ-១៩នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យនៅមានខ្ពស់នៅឡើយ ដូចនេះយើងមិនត្រូវធ្វើការសន្និដ្ឋានមុននឹងមានការវាយតម្លៃពីក្រុមការងារឡើយ”។

គួរបញ្ចាក់ថា គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត ដែលម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀត ជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ តែជាអ្នកដំណើរពីប្រទេសជប៉ុនមកកម្ពុជា ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

Khcct banner

អត្ថបទទាក់ទង