Yearendyearend1140x150

សម្តេចហេង សំរិនធ្វើចត្តាឡីស័ក ខណៈមន្ត្រីរដ្ឋសភាជាច្រើនរូបពាក់ព័ន្ធព្រឹត្តិការណ៍ ២៨វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន

ភ្នំពេញ៖ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិននៅថ្ងៃទី ១ ធ្នូនេះ បានថ្លែងបញ្ជាក់ពីការដាក់ខ្លួនធ្វើចត្តាឡីស័ក្ករយៈពេល១៤ថ្ងៃ នៅក្នុងគេហដ្ឋានរបស់សម្តេច ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក។ការប្រកាសនេះ គឺបន្ទាប់ពីមានឥស្សរជន និងមន្ត្រីរាជការរដ្ឋសភាជាច្រើនរូបជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានប្រកាសដាក់ខ្លួនធ្វើចត្តាឡីស័ក្ករយៈពេល១៤ថ្ងៃ នៅក្នុងគេហដ្ឋានរបស់សម្តេច ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក ក្នុងគោលបំណងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្តេចបានថ្លែងថា "ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទំាងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំនិងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក"

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈ ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។អំពាវនាវដល់ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឲ្យសោះ។ ការទប់ស្កាត់និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។ សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចំាបាច់នោះ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯ មន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។ អ្នកដែលមានហានីភ័យទាប ក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនអនុញ្ញាតឲ្យមានការចល័តខ្លួនពីកន្លែងមួយទៅកន្លែង ដើម្បីជៀសវាងហានីភ័យ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង