Yearendyearend1140x150

សាលាChampion Coders បង្រៀនកុមារឱ្យចេះសរសេរ«កូដ»ដើម្បីទទួលយកការអប់រំថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
សិស្សកំពុងរៀននៅក្លឹបសិក្សាសរសេរកូដ (រូបភាពដោយ៖​ Champion Coders)

ភ្នំពេញ៖ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានទូទាំងពិភពលោកក្នុងយុគសម័យឌីជីថល សាលាChampion Coders ជាក្លឹបបង្រៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកូដ ដោយផ្ដល់ឱកាសឲ្យក្មេងៗ អាចចាប់ផ្ដើមរៀនបាន នៅអាយុ០៦ឆ្នាំឡើងទៅ ដោយមើលឃើញថា ការបង្រៀនក្មេងៗឲ្យសរសេរកូដ គឺជារឿងថ្មីមួយសម្រាប់កម្ពុជា ព្រោះជំនាញផ្នែកនេះមិនសូវជាមានច្រើនទេ និងចង់ឲ្យកម្ពុជាបើកទូលាយ និងលើកទឹកចិត្តជម្រុញឱ្យក្មេងៗទទួលយកការអប់រំថ្មីមួយនេះឱ្យកាន់តែទូលំទូលាយ។

សកម្មភាពតេស្តកូដដែលសិស្សបានរៀនពីគ្រូមកអនុវត្តជាមួយ Drone (រូបភាពដោយ៖​ Champion Coders)

កញ្ញា ផល ផារី ជាស្ថានិកនៃក្លឹបសិក្សាសរសេរកូដ Champion Coders និងជាអតីតនិស្សិតជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ(Computer Science) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនាញធនាគារ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ថា Champion Coders ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ ជាក្លឹបសិក្សាផ្នែកសរសេរកូដ (Coding Study Club) ដែលបណ្ដុះបណ្ដាលដល់កុមារអាយុចាប់ពី០៦ឆ្នាំរហូតដល់១៦ឆ្នាំ ដើម្បីបង្កើតគំនូរជីវចល បង្កើតហ្គេមថ្មីៗ តុក្កតាថ្មីៗ កម្មវិធីក្នុងទូរសព្ទ រចនាគេហទំព័រវេបសាយស៍ ឬម៉ាស៊ីនប្រើប្រាស់ផ្សេងៗ កម្មវិធីផ្គុំ និងបញ្ជារ៉ូប៉ូត ឬឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលបង្រៀនរៀងរាល់នៅថ្ងៃចុងសប្ដាហ៍ក្នុងមួយអាទិត្យរយះពេល ៩០នាទីនៅក្នុងថ្នាក់រៀន និងមានទីតាំងនៅលើផ្លូវហាណូយ អគារអិលអេសអាយ ជាន់ទីពីរ ផ្សារដីហុយ រាជធានីភ្នំពេញ។

ជាការពិតណាស់ ការរៀនសរសរកូដនេះពិតជាមានសារសំខាន់ខ្លាំងណាស់នាបច្ចុប្បន្នក្នុងយុគសម័យបច្ចេកវិទ្យាសតវត្សទី២១នេះ មនុស្សភាគច្រើនប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រប្រចាំថ្ងៃ ក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន អាចចែករំលែក ទទួលដឹងព័ត៌មានរឿងរ៉ាវផ្សេងៗ ដែលទាំងអស់នេះសុទ្ធតែជាសមិទ្ធិផលកើតចេញពីការសរសេរកូដ ឬក៏ការសរសេរកម្មវិធីនៃមូលដ្ឋាននៃព័ត៌មានវិទ្យា។ ហើយភាគច្រើនក្មេងៗ តែងតែចំណាយពេលលេងហ្គេម ឬប្រើប្រាស់ទូរសព្ទ ដោយប្ដូរឱ្យកុមារមករៀនសរសេរកូដវិញ ក្មេងៗងាយអាចរៀនឆាប់ចេះ និងផ្ដោតបានល្អជាងមនុស្សធំទៅទៀត។ ពួកគេសប្បាយរីករាយនឹងការបង្កើតអ្វីថ្មីៗ ដល់ពេលពួកគេធំពេញវ័យទៅ ពួកគេនឹងមានទំនុកចិត្ត និងគំនិតថ្មីៗ ក្នុងការធ្វើអ្វីមួយដែលខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត ដើម្បីយកទៅបង្ហាញដល់សាធារណជន ឬទៅចូលរួមកម្មវិធីប្រកួតលើឆាកអន្តរជាតិផងដែរ។

(រូបភាពដោយ៖​ Champion Coders)
កញ្ញា ផល ផារី ជាស្ថានិកនៃក្លឹបសិក្សាសរសេរកូដ Champion Coders និងជាអតីតនិស្សិតជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ(Computer Science) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  និងបានបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលី 

(រូបភាពដោយ៖​ Champion Coders)

(រូបភាពដោយ៖​ Champion Coders)
ការជួយសម្របសម្រួលពីស្ថានិកសាលាកូដផ្ទាល់ ជាមួយនឹងសិស្សកុមារៗ (រូបភាពដោយ៖​ Champion Coders)

បច្ចុប្បន្ន កញ្ញា ផល ផារី មានអាយុ ៣៩ឆ្នាំ ស្រុកកំណើតនៅភ្នំពេញ ប្រាប់ពីមូលហេតុដែលបង្កើតChampion Coders ព្រោះនៅឆ្នាំ២០០៦ កញ្ញា ផារី ធ្លាប់ធ្វើការពាក់ព័ន្ធនឹងការងារសេរសេរកូដ លុះបានបន្តការសិក្សានៅប្រទេសអូស្រ្តាលី ផ្នែកហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្ដុះបណ្ដាលពីវិធីសាស្រ្តបង្រៀនសរសេរកូដដល់កុមារនៅប្រទេសអូស្រ្តាលី ក្នុងកម្មវិធី Coding Kids ហើយក៏មានចិត្តចង់ចែករំលែកចំណេះដឹងដល់កូនខ្មែរយើង ជាពិសេសកុមារក្មេងៗ ឱ្យកាន់តែទូលំទូលាយនាពេលខាងមុខ។ ខ្លួនបានមើលឃើញថា ទោះបីជាមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំអប់រំដែលបានដាក់បញ្ចូលមេរៀនសរសេរកូដនៅសាលាជំនាន់ថ្មី(NGS)ដំបូង គឺវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់សិស្សរៀនថ្នាក់ទី៧ឡើងទៅក៏ពិតមែន តែបើប្រៀបធៀបទៅប្រទេសដទៃទៀត ដូចជាអូស្រ្តាលី អាមេរិក បារាំង និងប្រទេសជឿនលឿនផ្សេងទៀត សាលាបណ្ដុះបណ្ដាលសរសេរកូដដល់កុមារ គេមានច្រើនកន្លែងរួចមកហើយ ស្របពេលនៅកម្ពុជាមិនសូវមានសាលាបង្រៀនផ្នែកសរសេរកូដដល់ក្មេងៗច្រើនកន្លែងទាំងរដ្ឋ និងឯកជននៅឡើយទេ។

កាលពីនៅរៀនបន្តថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០១៩ ខ្លួនបានណែនាំប្រាប់មិត្តភក្ដិខ្លួននៅស្រុកខ្មែរ ដែលភាគច្រើនមានកូនអាយុ៦ទៅ៨ឆ្នាំ ចង់ណែនាំពួកគេសាកល្បងនាំកូនទៅរៀនសរសេរកូដ។ តែពេលនោះដែរ មិត្តភក្តិទាំងប៉ុន្មានភាគច្រើនមិនដឹងថា ឱ្យកូនទៅរៀនសរសេរកូដ ដើម្បីអ្វី? ហើយរៀននៅទីណានៅឡើយទេ? នេះបានសេចក្ដីថា នៅខ្មែរភាគច្រើននៅមិនទាន់មានភាពទូលំទូលាយពីកម្មវិធីសិក្សាសរសេរកូដនៅឡើយទេ។ វាជាការខ្វះខាតធំមួយ វាទាមទារឱ្យអ្នកសិក្សាចាប់ផ្ដើមពីមូលដ្ឋានគ្រឹះពីដំបូង ដោយចាប់ផ្ដើមរៀនពីតូច ហើយសម័យបច្ចេកវិទ្យាហើយប្រទេសខ្មែរ នៅមិនទាន់ចាប់ផ្ដើមទៀត នោះប្រទេសខ្មែរនៅតែមិនអាចដើរលឿនដូចប្រទេសជឿនលឿនផ្សេងទៀតបានឡើយ។ ហេតុនេះបើសិនមានសាលាក្លឹបបង្រៀនសរសេរកូដនៅកម្ពុជាមានចំនួនច្រើន នោះកូនខ្មែរអាចមានឱកាសបានរៀនគ្រឹះមូលដ្ឋាននៃការសរសេរកូដបានផងដែរ។


ស្ថានិកក្លឹបសិក្សាសរសេរកូដ រូបនេះ បានបញ្ជាក់បន្ថែមពីបញ្ហាដំបូង គឺធ្វើឱ្យអាណាព្យាបាលទុកចិត្តលើកម្មវិធីសិក្សា និងយល់ពីអត្ថប្រយោជន៍នៃការរៀនសរសេរកូដនេះ។ អ្នកខ្លះទៀតពួកគាត់ដឹងហើយថា ជំនាញផ្នែកសរសេរកូដល្អ តែពួកគាត់នៅអត់ទាន់ជឿថា វាពិបាក និងស្មុគស្មាញខ្លាំងណាស់ កូនរបស់ពួកគាត់នៅក្មេងចឹងត្រឹមអាយុ ៦-៧ឆ្នាំមិនអាចរៀនបានឡើយ ជាផ្នត់គំនិតរបស់ពួកគាត់។ តែតាមពិតទៅ ក្មេងៗអាចសម្របសម្រួលបាននឹងកម្មវិធីទាំងនោះបាន តាមរយៈសកម្មភាពល្បែងអប់រំដែលយើងផ្តល់ឲ្យកុមារ គឺផ្តើមឲ្យពួកគេរៀនគោលគំនិតភាសាសរសេរកម្មវិធី ដូចជា ឡើងចុះ ថយក្រោយ ទៅមុខ បត់ឆ្វេង និងបត់ស្តាំ។ ការសរសេរកូដ គឺដូចជាល្បែងអញ្ចឹង វាពិតជាទាក់ទាញខ្លាំងណាស់សម្រាប់កុមារ។


ហេតុនេះស្ថានិកក្លឹបសិក្សា Champion Coders ក៏សម្រេចផ្ដល់ម៉ោងសិក្សាសាកល្បងដល់សិស្សគ្រប់គ្នាមួយពេលសិន បើពួកគាត់ពេញចិត្ត ក៏ចុះឈ្មោះចូលរៀនតែម្ដង។ វិធីនេះពិតជាល្អ ដោយឱ្យក្មេងៗរៀនសរសេរកូដសាកល្បង អាចរៀនបង្កើតតុក្កតាដោយខ្លួនឯងដំបូង ដូចជារូបមេអំបៅហោះហើរ ធ្វើឱ្យមានរូបដើមឈើខ្យល់បក់ ដែលទាំងអស់នោះហើយធ្វើឱ្យពួកគេសប្បាយចិត្តនឹងរៀនសរសេរកូដនេះ ហើយយល់ព្រមចូលរៀនវគ្គដំបូងតែម្ដង ដោយមិនចាំបាច់រៀបរាប់ច្រើនដល់ឪពុកម្ដាយសិស្សម្ដងទៀតនោះទេ។ ជាក់ស្ដែង ការសិក្សាផ្នែកសរសេរកូដនេះ មិនកំណត់ពេលវេលាថា កុមារត្រូវរៀនចប់កម្រិតណានោះទេ វាអាស្រ័យទៅនឹងភាពចង់ដឹងនូវអ្វីៗថ្មី នោះការសិក្សាស្រាវជ្រាវក៏នៅតែមានជាបន្តបន្ទាប់ទៀត។


ភាពកង្វះខាតនៃគ្រូបង្រៀនក៏ជាបញ្ហាមួយផងដែរ មែនទែនទៅអ្នកជំនាញកុំព្យូទ័រផ្នែកអាយធី(IT)មានច្រើន តែមិនមានច្រើនឡើយ គឺគ្រូដែលមានជំនាញក្នុងការបង្រៀនសិស្ស យល់ពីក្មេងៗ ចេះស្រលាញ់ការបង្រៀន ចេះលេងជាមួយក្មេងៗ និងមានភាពអត់ធ្មត់ខ្លាំងជាមួយក្មេងៗ ខ្លាំងជាងបង្រៀនមនុស្សធំផងដែរ។ តែលើសពីការរពឹងទុក មកដល់បច្ចុប្បន្ននេះ មានសិស្សប្រហែល៣០០នាក់មកហើយ ដែលបានចូលរៀននៅសាលាសរសេរកូដមួយនេះ និងគិតត្រឹមរយៈពេលតែ០៦ខែដំបូងប៉ុណ្ណោះ ក្លឹប Champion Coder មួយនេះ ត្រូវបានពង្រីកសាខាមួយទៀតផងដែរ។


ហើយកញ្ញា ផារី ពិតជាមានមោទនាភាពចំពោះស្មារតីរបស់ក្រុមការងារដែលមានសាមគ្គីភាព និងចក្ខុវិស័យជាធ្លុងមួយក្នុងការជួយលើកស្ទួយ និងពង្រឹងវិស័យអប់រំរបស់ក្មេងៗ អភិវឌ្ឍធនធានមនុស្សនូវជំនាញមួយដែលមិនសូវមាននៅក្នុងស្រុកខ្មែរ។ ហេតុនេះហើយពួកគាត់ស្មោះស្ម័គ្រចូលរួមបង្ហាត់បង្រៀន និងសហការជាមួយនឹងក្លឹបសិក្សានេះ។ រយៈពេល០២ឆ្នាំមកនេះ សាលាChampion Coder មានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងគួរសម ពីសំណាក់អាណាព្យាបាលក៏ដូចជាសិស្សមករៀនផ្ទាល់ ហើយក៏បានណែនាំបន្តប្រាប់គ្នាទៅដល់ក្រុមគ្រួសាររបស់ពួកគេទៀតផង។ ទាំងអស់នេះគឺជា គោលដៅដែលសាលារៀនចង់បាន គឺការទទួលស្គាល់ពីសាធារណជនដែលពួកគាត់មានភាពជឿជាក់ និងគាំទ្រនៃកម្មវិធីសិក្សា ដឹងពីសារសំខាន់នៃកម្មវិធីសរសេរកូដសម្រាប់កុមារឱ្យបានទូលំទូលាយនៅក្នុងប្រទេសយើង។


ជាគោលបំណងនៅថ្ងៃខាងមុខ នឹងកញ្ញា ផារីនឹងបង្កើតសាខាសាលា Champion Coders នៅភ្នំពេញ ឱ្យបាន០៣សាខាយ៉ាងតិច និងនឹងពង្រីកសាខាមួយទៀតនៅខេត្តសៀមរាប។ ប្រហែល ២ឆ្នាំទៅមុខទៀត បើ Champion Coders មានលទ្ធភាពសមល្មម ស្ថានិកនៃក្លឹបសិក្សារូបនេះកំពុងមានទស្សនវិស័យដ៏វែងឆ្ងាយមួយ គឺមិនគ្រាន់តែផ្ដល់ការអប់រំផ្នែកសរសេរកូដដល់ក្មេងៗក្នុងគ្រួសារមានជីវភាពធូរធារប៉ុណ្ណោះទេ តែនឹងផ្ដល់ឱ្យបានទៅដល់ក្មេងៗមានជីវភាពក្រីក្រ និងកុមារកំព្រា នៅតាមបណ្ដាខេត្តនានាដែលពុំមានលទ្ធភាព និងគ្មានឱកាសបានសិក្សា ជាពិសេសកុមារអូទីសឹម ហើយបើអាចចង់ឱ្យមានកម្មវិធីសិក្សាសរសេរកូដសម្រាប់ក្មេងៗ នៅសាលាចំណេះដឹងទូទៅឱ្យបានទូលំទូលាយជាងមុន ទាំងនៅគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងប្រទេសផងដែរ។


កញ្ញា ផល ផារី ពិតជាសប្បាយចិត្តណាស់ដែលអាចទទួលស្គាល់ពីសាធារណជនបានលឿនជាងការរំពឹងទុក ដំបូងឡើយ មុននឹងសម្រេចចិត្តបង្កើតក្លឹបសិក្សាមួយនេះ កញ្ញា ផារី បានដាក់ចិត្តត្រៀមខ្លួនថា ត្រូវអត់ធ្មត់បន្តិចហើយ ប្រហែលមួយឆ្នាំទើបអាចធ្វើឱ្យគេទទួលស្គាល់ពីក្លឹបបង្រៀនសរសេរកូដនេះ។ នេះមកពីការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូក្នុងការបំពេញកិច្ចការងារយ៉ាងយកចិត្តទុកដាក់ និងអាណាព្យាបាលរបស់សិស្សដែលពួកគាត់តែងតែគាំទ្រលើកទឹកចិត្ត បើកចិត្តទូលាយដល់កូនចៅបានរកអ្វីៗដែលថ្មី ល្អៗ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារជំនាញការងារ នាពេលបច្ចុប្បន្ននេះ។


ហើយថ្មីៗនេះ ក៏មានសាលាមួយចំនួនផងដែរទាំងនៅខេត្តសៀមរាប និងនៅភ្នំពេញ ក៏ចង់ដាក់កម្មវិធីសិក្សានេះ នៅក្នុងសាលារៀនរបស់គេផងដែរ ដើម្បីឱ្យកូនសិស្សពួកគេអាចចូលរៀនពីការសរសេរកូដនេះដែរ។ ខាងសាលាបើកឱកាសឱ្យក្មេងៗហ៊ានធ្វើអ្វីដោយខ្លួនឯង និងបង្កើតនូវអ្វីៗដែលប្រកបដោយម្ចាស់ការ ឯករាជ្យភាព។ វីដេអូមួយចំនួន សកម្មភាពសរសេរកម្មវិធី និងសរសេរកូដ គឺជាស្នាដៃរបស់កូនសិស្សផ្ទាល់តែម្ដង។ នេះជាផ្នែកមួយដែលលើកទឹកចិត្តដល់ Champion Coders ខិតខំព្យាយាមបង្រៀនកុមារឱ្យកាន់តែល្អប្រសើរជាមុនបន្តទៀត។

កុមារី ហែម បញ្ញាសុខគន្ធា កំពុងសិក្សាមេរៀនសរសេរកូដដោយយកចិត្តទុកដាក់ (រូបភាពដោយ៖​ Champion Coders)


កុមារី ហែម បញ្ញាសុខគន្ធា មានអាយុ ១៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាសិស្សថ្នាក់ទី៨ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ និងជាសិស្សនៃសាលា Champion Coders បានចូលរៀនមួយឆ្នាំមកហើយ ដោយប្រាប់់ថា មូលហេតុដែលខ្លួនបានចូលរៀនទីនេះ គឺដោយសារកាលពីដំបូង បងប្រុសបង្កើតខ្លួនចូលរៀនមុន ហើយបញ្ញាសុខគន្ធាក៏សុំម៉ាក់ចូលរៀនដែរទៅ ហើយក៏ចាប់អារម្មណ៍ការរៀនសរសេរកូដនេះ ជាមួយមិត្តភក្តិ២នាក់ទៀត បានណែនាំដល់មិត្តភក្តិដែលស្គាល់ផ្សេងៗឱ្យមករៀនសរសេរកូដដូចគ្នាដែរ ព្រោះការសរសេរកូដតាមកុំព្យូទ័រ វាសប្បាយប្លែក និងជួយអភិវឌ្ឍខួរក្បាលរបស់សិស្សបានច្រើនផងដែរ។ ទៅសាលារៀនតាមការណែនាំរបស់មិត្តភក្តិរបស់គាត់ ហើយក៏បានចូលរៀនសាកល្បងរៀនដំបូង ហើយក៏ចាប់អារម្មណ៍ខ្លាំង ពេលរៀនបានបង្កើតល្បែងដែលថ្មីមិនធ្លាប់ធ្វើពីមុន និងប្លែកម្យ៉ាងដែរ។


ពេលរៀនសរសេរកូដដំបូង ពេលគ្រូដាក់កិច្ចការ ឬចំណោទអ្វីមួយ កុមារី សុខគន្ធា យល់ឃើញថា វាជាឱកាសក្នុងការសាកល្បងសមត្ថភាពរបស់ខ្លួន ពង្រីកចំណេះដឹងទាំងផ្នែកគណិតវិទ្យា និងផ្នែកបង្កើតអ្វីផ្សេងថ្មីៗ ដែលជាចំណេះដឹង និងជំនាញឆ្លើយតបទៅនឹងទីផ្សារការងារនាថ្ងៃខាងមុខ។ ពេលខ្លះ កាន់តែរៀនកាន់តែឆ្ងល់ កាន់តែពិបាក កាន់តែរីកចម្រើន ហើយកាន់តែមានអ្វីថ្មីៗបន្ថែមទៀត តែយ៉ាងណានៅតែសប្បាយនៅពេលបានដោះស្រាយលំហាត់ និងបង្កើតថ្មីៗ។


តាមរយៈការសិក្សារបស់កុមារី សុខគន្ធា ពិតជាអរគុណដល់ម៉ាក់ប៉ាដែលផ្ដល់ឱកាសឱ្យកូនបានរៀនសូត្រ និងសង្ឃឹមថានៅថ្ងៃខាងមុខ ខ្លួនមានជំនាញមួយយ៉ាងល្អប្រសើរក្នុងការប្រើប្រាស់មូលដ្ឋាននៃការសរសេរកូដ ព្រោះវាជាគ្រឹះសំខាន់ដើម្បីអនុវត្តក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជាបានត្រៀមសមត្ថភាពមួយចំនួន ទៅអនុវត្តនៅក្នុងវិស័យការងារនានាដែលពាក់ព័ន្ធ ក្នុងនាមជាយុវជនធនធានមនុស្សនាសម័យបច្ចេកវិទ្យា តែទោះបីជាអនាគតចង់ក្លាយជាអ្នកធ្វើការងារផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្នែកវិយោគទុនពាណិជ្ជកម្មផ្សេងៗក៏ពិតមែន តែវាក៏ទាមទារឱ្យដឹងពីមូលដ្ឋានមួយចំនួន ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា និងកុំព្យូទ័រផងដែរ។

អ្នកស្រី ប៉ុន ស្រីសុខភា ម្ដាយបង្កើតរបស់កុមារី ហែម សុខគន្ធា (រូបភាពដោយ៖ អ្នកស្រី ប៉ុន ស្រីសុខភា)

ចំណែកអ្នកស្រី ប៉ុន ស្រីសុខភា អាយុ ៤០ឆ្នាំ ជាម៉ាក់បង្កើតរបស់កុមារី សុខគន្ធា បានប្រាប់ស៊ីស៊ីថាមស៍អំពីគោលបំណងរបស់ខ្លួន ចង់ឱ្យកូនបានរៀនសូត្រ ចេះដឹងនឹងគេ បើមានកម្មវិធីសិក្សាអ្វីប្លែកថ្មីៗ ក្រុមគ្រួសារតែងតែលើកទឹកចិត្តចង់ឱ្យកូនមានឱកាសរៀន ដើម្បីអាចដើរតាមទាន់សម័យទំនើបនឹងគេ ហើយមើលឃើញថា កូនប្រុស និងកូនស្រីរបស់ខ្លួន ហាក់ដូចជាពេញចិត្តខ្លាំងទៅនឹងកម្មវិធីសិក្សានៃសាលា Champion Coders ហើយសង្ឃឹមថា កូនខ្មែរនឹងមានសមត្ថភាពខ្ពស់ និងពូកែដែលអាចប្រកួតប្រជែងជាមួយប្រទេសដទៃទៀត ឱ្យកម្មវិធីសិក្សាសរសេរកូដ បានរីកចម្រើនទូលំទូលាយដូចប្រទេសជាតិផ្សេងៗទៀត។


កាលដើមឡើយ អ្នកស្រី ក៏ធ្លាប់គិតដែរថា វាមិនងាយស្រួលទេឱ្យក្មេងរៀនសរសេរកូដ ព្រោះនៅក្មេងពេក មិនអាចចាប់បានទេ តែផ្ទុយទៅវិញក្រោយពីបាននាំកូនទៅសាកល្បងរៀននៅទីនោះ ក៏បានឃើញថា តាមពិតបើយើងបណ្ដុះបណ្ដាលក្មេងឱ្យចេះ ពិតជាល្អប្រសើរជាជាងចាំធំចាំរៀន ព្រោះក្មេងមិនទាន់បែងចែកពេលច្រើនក្នុងផ្ដោតធ្វើការងារច្រើនមុខ នោះលទ្ធភាពចាប់យកពីការរៀនក៏ល្អទៅតាមហ្នឹងដែរ។


អ្នកស្រី សុខភា ពិតអរគុណដល់ Champion Coder ពិតជាសាលាល្អ ហ៊ានពុះពារឧបសគ្គទាំងឡាយ តាំងពីចំនួននៃអ្នកផ្សព្វផ្សាយអំពីការរៀនសរសេរកូដមិនទាន់ទូលំទូលាយ និងមិនសូវមានអ្នកស្គាល់ ទុកចិត្តបាននៅឡើយ កាលពីដើមឆ្នាំ២០១៩ រហូតបច្ចុប្បន្ន ដែលអាចបានសាងមុខមាត់ និងយឹតយោងសមត្ថភាពដល់កូនខ្មែរ និងជម្រុញដល់ឪពុកម្ដាយជាច្រើនរូប បានយល់ដឹងពីសារប្រយោជន៍នៃការរៀនសរសេរកូដនិងផ្ដល់ឱកាសដល់កុមារបានរៀនពីក្មេង។


គួររំលឹកផងដែរថា ការគិតផ្នែកគណិតវិទ្យា តក្កវិទ្យា ត្រូវប្រើប្រាស់ខួរក្បាលខាងឆ្វេង ក៏ប៉ុន្តែសមត្ថភាពការគិតបែបស៊ីជម្រៅ និងសិល្បៈនៃភាពច្នៃប្រឌិតថ្មីៗ ត្រូវប្រើប្រាស់ខួរក្បាលខាងស្ដាំវិញ។ ចំណែកកម្មវិធីសរសេរកូដតាមកម្មវិធីកុំព្យូទ័រសម្រាប់កុមារ វាបានជួយក្នុងការបណ្ដុះខួរក្បាលក្មេងៗបានទាំងសងខាង។ វាមានន័យថា កុមារត្រូវដុសខាត់សមត្ថភាពនៃការច្នៃប្រឌិតបង្កើតនូវអ្វីថ្មីៗ ស្របពេលដែលខួរក្បាលត្រូវប្រើប្រាស់គណិតវិទ្យា តក្កវិទ្យាផងដែរ។ ដូចនេះបានជាប្រព័ន្ធអប់រំរបស់ប្រទេសមួយចំនួននៅលើពិភពលោក ត្រូវបានគេបានដាក់មេរៀនសរសេរកូដទៅក្នុងកម្មវិធីសិក្សានៅសាលារៀន មានអត្ថប្រយោជន៍ច្រើនដល់កុមារៗ ក្នុងការពង្រឹងសមត្ថភាពជំនាញ មិនថាពួកគាត់ចង់ក្លាយជាអ្នកអាជីពសរសេរកូដ ឬប្រព័ន្ធការងារផ្សេងៗក៏ដោយ តែមូលដ្ឋានគ្រឹះការរៀនសរសេរកូដ គឺពួកគេគួរតែទទួលបានខានពុំបាន ទោះបីមិនចង់យកចំណេះដឹងនោះជាអាជីពគោលក៏ដោយ៕ 

(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
សកម្មភាពគ្រូបង្រៀនដោយយកចិត្តទុកក្នុងការបង្ហាត់បង្រៀនសិស្សនៅសាលាសរសេរកូដ (រូបភាពដោយ៖​ Champion Coders)
ការឡើងធ្វើបទបង្ហាញរបស់កុមារប្រកបដោយភាពទំនុកចិត្ត និងក្លាហានអំពីសមិ្មទ្ធិកម្មដែលខ្លួនបានរៀនសូត្រ (រូបភាពដោយ៖​ Champion Coders)
កិច្ចការក្រុម និងសកម្មភាពបង្ហាញពីស្នាដៃរបស់កុមារៗ (រូបភាពដោយ៖​ Champion Coders)
(រូបភាពដោយ៖​ Champion Coders)
កុមារទទួលបានលិខិតបញ្ជាក់ពីការសិក្សារបស់ក្មេងៗ បន្ទាប់រៀនចប់វគ្គ (រូបភាព៖ Champion Coders)
សកម្មភាពសរសេរកូដរបស់ក្មេងៗនៅសាលា ក្នុងការបង្កើតគំនូរជីវចលដោយខ្លួនពួកគេផ្ទាល់ (រូបភាពដោយ៖​ Champion Coders)
ការតេស្តសរសេរកូដរបស់ក្រុមកុមារ ប្រកបដោយសប្បាយរីករាយ​ និងភាពច្នៃប្រឌិតរបស់ពួកគេ (រូបភាពដោយ៖​ Champion Coders)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង