Cct850x100 1
1800px x h300px kh

សមាជិកគ្រួសារឯកឧត្តមឆែម សាវុធចំនួន៦នាក់ក្នុងនោះមានកុមារផងវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគ្គនាយកពន្ធនាគារឯកឧត្តម ឆែម សាវុធ

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ វិច្ឆិកានេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧នាក់ទៀត ដោយក្នុងនោះជាករណីឆ្លងក្នុងស្រុកក្នុងសមាគមន៍ចេញពីសមាជិកគ្រួសារអគ្គនាយកពន្ធនាគារ ឯកឧត្តម ឆែម សាវុធ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្រ្តីខ្មែរម្នាក់អាយុ៥៦ឆ្នាំ ជាភរិយារបស់ឯកឧត្តមឆែម សាវុធ មានអាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុមសៀមរាប ខេត្តសៀមរាប និង នៅបុរីប៉េងហួត ផ្លូវ៦០ម៉េត្រ រាជធានីភ្នំពេញ បានចេញរោគសញ្ញាផ្តាសាយចំនួន៣ថ្ងៃហើយ ថ្ងៃទី ២៨ វិច្ឆិកានេះ គាត់ត្រូវបានយកសំណាកទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ សូវៀត ជាលទ្ធផល គឺវិជ្ជមានកូវីដ ១៩។

ក្រោយមកឯកឧត្តមឆែម សាវុធដែលជាស្វាមី រួមជាមួយសមាជិកចំនួន៤នាក់ទៀត ក្នុងមាន៖ស្រ្តីអាយុ៣៦ឆ្នាំ កុមារ៉ាអាយុ១២ឆ្នាំ និងបុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើតេស្តសំណាកដោយទទួលបានផលវិជ្ជមានកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ក្រសួងសុខាភិបាល បានចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ហើយជាជំទាវរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ករណីថ្មីនេះមានការពាក់ព័ន្ធទីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ដោយឡែកក្រៅពីក្រុមគ្រួសាររបស់អ្នកជំងឺ គឺមានសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិទ្ធិ និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលត្រូវធ្វើតេស្តនិងធ្វើចត្តាឡីស័ក។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺអញ្ជើញមកធ្វើតេស្តនៅបរិវេណក្រសួងមហាផ្ទៃ នៅបរិវេណផ្សារទំនើបអ៊ីអនទី១រាជធានីភ្នំពេញ និងពន្ធនាគារព្រៃស ចាប់ពីម៉ោង៧ព្រឹកទៅ។អ្នកនៅសៀមរាប ទៅធ្វើតេស្តនៅសាលាគរុកោសល្យខេត្តសៀមរាប ហើយនៅខេត្តពាក់ព័ន្ធអញ្ញើញទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើធ្វើតេស្ត ជាការចូលរួមក្នុងការកាត់ផ្តាច់ការចម្លងបន្តគ្នាក្នុងសហគមន៍៕

Khcct banner

អត្ថបទទាក់ទង