Cct850x100 1

ដីតំបន់«អរិយក្សត្រ»ហក់ឡើង១ម៉ែត្រការ៉េខ្ទង់១ពាន់ដុល្លារ ខណៈតម្រូវការទិញដីច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តំបន់អរិយក្សត្រ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ។

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានយល់ព្រមទទួលសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជួយ​សាង​សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញទៅត្រោយម្ខាង។ តំបន់អរិយក្សត្រជាតំបន់មួយដែលអ្នករកស៊ី វិនិយោគមួយចំនួនរំពឹងថា អាចនឹងត្រូវប៉ាន់ ខណៈបច្ចុប្បន្នតម្លៃដីនៅក្នុងតំបន់ជាប់ទន្លេមេគង្គមួយនេះហក់ឡើងខ្ទង់១ពាន់ដុល្លារ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ មេភូមិទាំង៤ នៅក្នុងឃុំអរិយក្សត្រ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ព្រមទទួលសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ដីនៅតំបន់អរិយក្សត្រក៏ចាប់ផ្តើមឡើងថ្លៃជិតខ្ទង់១ពាន់ដុល្លារ ខណៈមានតម្រូវការដីច្រើននៅទីនោះ។

លោក ខ្លូត សំអឿន មេភូមិអរិយក្សត្រមានប្រសាសន៍ប្រាប់ស៊ីស៊ីថាមស៍ថា លោកពិតជាមានអារម្មណ៍រីករាយ និងសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងដែរកូរ៉េយល់ព្រមជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយសារតែការសាងសង់ស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរ ឬអាចកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ។

ចំពោះតម្លៃដីនៅតំបន់អរិយក្សត្រវិញ លោកថា គឺពិតជាមានសន្ទុះឡើងថ្លៃជាងមុន អាចឡើងខ្ពស់បំផុតរហូតដល់១ពាន់២រយ ទៅ ១ពាន់ ៥រយដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីខ្លះទៀតមានតម្លៃចន្លោះពី៥០០-៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីគឺស្ថិតទៅតាមស្ថានភាពទីទាំងដី បើដីស្ថិតនៅទីតាំងល្អ នោះវានឹងមានតម្លៃថ្លៃ។លោកបន្តថា បន្ទាប់ពីទទួលបានដំណឹងនៃការសាងសង់ស្ពាននេះ ដីនៅតំបន់អរិយក្សត្រចាប់ផ្ដើមមានតម្រូវការច្រើន ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមធ្វើអាជីវកម្មទៅលើការទិញលក់ដីកាន់តែច្រើនឡើងដែរ។

រីឯលោក សៅ សាវ៉ា មេភូមិខ្សាច់ ក៏មានប្រសាសន៍ដែរថា ដីនៅតំបន់នេះពិតជាមានតម្រូវការច្រើនជាងមុន រីឯតម្លៃក៏ថ្លៃជាងមុនដោយសារតែមានស្ពានសម្រាប់ធ្វើដំណើរចេញចូល ដែលជាកត្តាមួយក្នុងការអភិវឌ្ឍន៍តំបន់អរិយក្សត្រទាំងមូល។

ចំណែក លោក ប៊ុត យ៉ុន មេភូមិពោធិ៍ធំ មានប្រសាសន៍ថា តម្លៃដីនៅតំបន់អរិយក្សត្រពិតជាមានការឡើងថ្លៃជាងមុន បន្ទាប់ពីទទួលបានព័ត៌មានពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាកត្តាមួយក្នុងការអភិវឌ្ឍន៍សម្រាប់តំបន់នេះផ្ទាល់។លោកបន្តថា ដោយសារតម្រូវការទិញដីមានការកើនឡើង ប្រជាពលរដ្ឋនៅតំបន់នេះចាប់ផ្តើមលក់ដីនៅក្នុងតម្លៃថ្លៃ ដីខ្លះមានតម្លៃរហូតដល់៥០០-៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយខ្លះទៀតអាស្រ័យលើទីតាំងដី។

មិនខុសពីមេភូមិខាងលើ លោក នួន មឿន មេភូមិទួលមាស បានអះអាងថា ប្រជាពលរដ្ឋនៅអរិយក្សត្រពិតមានភាពរីករាយបន្ទាប់ពីមានការសាងសង់ស្ពាននេះឡើង ព្រោះវាបានដោះស្រាយនិងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ជាពិសេសគឺផ្តល់សង្ឃឹមឱ្យពួកគាត់ក្នុងការដាក់លក់ដីក្នុងតម្លៃថ្លៃ។ចំពោះតម្លៃដីគឺពិតជាឡើងថ្លៃខ្លាំងរហូតដល់ចន្លោះពី៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬខ្លះទៀតមានតម្លៃថ្លៃជាងនេះអាស្រ័យទៅលើទីតាំងដី។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តែយ៉ាងណាក៌ដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកថា «តំបន់ត្រើយម្ខាង នៅឯអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាទីក្រុងរណបមួយដ៏ធំ [នៅកន្លែងនោះ] យើងត្រូវកសាងស្ពានតភ្ជាប់រវាងជ្រោយចង្វារ»។

សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។

«កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត៕


Khcct banner

អត្ថបទទាក់ទង