Yearendyearend1140x150

៩ខែឆ្នាំ២០២០«រោងចក្រ១១១បិទទ្វារ» ចំនួននេះកើនឡើងបន្ទិចបើធៀបឆ្នាំ២០១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រោងចក្រមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។រូបថតដោយសហការី

ភ្នំពេញ៖គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ២០២០ រោងចក្រប្រមាន១១១ បានបិទទ្វារលេងដំណើរធ្វើឱ្យកម្មករនិយោជិតប្រមាណជា ៥៥ ១៧៤ នាក់បានបាត់បង់ការងារ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ញើជូនដល់សារព័ត៌មានស៊ីស៊ីថាមស៍។

យោងតាមរបាយការណ៍បាន គូសបញ្ជាក់ថា គិតត្រឹម៩ ខែដើមឆ្នាំ២០២០  រោងចក្រចំនួន ១១១ បានបិទលេងដំណើរ ដែលមានចំនួនប្រហាក់ប្រហែលទៅនឹងចំនួនបិទក្នុង៩ខែដើមឆ្នាំ២០១៩ ដែលមានចំនួន១១០ រោងចក្រ នៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។ ការបិទនេះធ្វើឱ្យកម្មករនិយោជិតប្រមាណជា ៥៥ ១៧៤ នាក់បានបាត់បង់ការងារ ដែលមានចំនួនមានការកើនឡើងបន្តិចពី ៥៣ ២២៦នាក់ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ឯកឧត្តម ង៉ុយ រិទ្ធ  អនុរដ្ឋលេខាធិការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តួលេខនេះបានបង្ហាញអំពីប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋភិបាលក្នុងការទប់ស្កាត់កុំអោយរោងចក្របិទក្នុងចំនួនយ៉ាងគំហុកក្នុងខណៈទីផ្សារផលិតលផលកាត់ដេរពិភពលោកសឹងតែបិទទាំងស្រុង។

បើតាមឯកឧត្តម បច្ចុប្បន្ននេះ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូលស្រាលជាបណ្តើរៗហើយ ដោយចំនួនរោងចក្រដែលកំពុងព្យួរកិច្ចសន្យាការងារបានថមចុះមកត្រឹមចំនួន ៥២រោងចក្រ ដែលស្មើនឹងកម្មករនិយោជិតប្រមាណ ១ម៉ឺន ៤ពាន់នាក់តែប៉ុណ្ណោះ នៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ កញ្ញា ទើបតែបានប្រកាសដាក់ចេញនូវវិធានការជុំទី៦ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងបន្តជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីបរិបទនៃជំងឺកូវីដ១៩។ វិធានការជុំទី៦នេះ នឹងបន្តអនុវត្តចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ ២០២០។

ក្នុងវិធានការជុំទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន សែន បន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។ តាមរយៈវិធានការនេះ រដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។

ជាមួយគ្នានេះ ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង