Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

ងប់ងល់លេង«ទូរស័ព្ទ»អាចនាំឱ្យបាត់ទំនាក់ទំនង និង ឃ្លាតឆ្ងាយពីគ្រួសារ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបថតតំណាងអោយការលេងទូរស័ព្ទ។ដោយសហការី

ភ្នំពេញ៖ ក្នុងបរិបទនៃការវិវដ្តបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ឬអាចហៅថាបដិវត្តិន៍ឧស្សាហកម្មជំនាន់ទី៤ បានអន្ទងចិត្តអ្នកលេងបណ្តាញសង្គមមួយចំនួនធំលែងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង។ ប្រជាពលរដ្ឋ និស្សិត និងអ្នកជំនាញ បានបញ្ចេញការមតិ និងការវាយតម្លៃផ្សេងៗគ្នាអំពីការវិវដ្តបច្ចេកវិទ្យានេះ ដោយពួកគេលើកឡើងពីភាពវិជ្ជមាន អវិជ្ជមាន។

កញ្ញា ហ៊ វួចណា ជានិស្សិតសិក្សាជំនាញពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា យល់ឃើញថា ការវិវដ្តនៃបច្ចេកវិទ្យា គឺវាពិតជាធ្វើឲ្យមានគម្លាតនៃទំនាក់ទំនងរបស់មនុស្សនៅក្នុងគ្រួសារ មិត្តភក្តិ និងសង្គមនាពេលបច្ចុប្បន្ននេះ។ ឃ្លាតឆ្ងាយ គឺដោយសារតែមនុស្សភាគច្រើន ពួកគាត់តែងតែចំណាយពេលវេលាលើបច្ចេកវិទ្យា បណ្តាញសង្គម និងការប្រើប្រាស់លើអ៊ីនធ័រណេត ហើយពេលខ្លះពួកគាត់ចំណាយពេលទៅមើលទូរទស្សន៍ លេងហ្គេម ស្តាប់បទចម្រៀង ដោយមិនយកពេលវេលានោះទៅនិយាយលេងជាមួយគ្រួសារ។

កញ្ញា ហ៊ វួចណា បានលើកជាឧទាហរណ៍ថា ជាក់ស្តែងនៅពេលដែលជួបជុំគ្នា ហាក់ដូចជាមិនសូវមានការជជែកគ្នា និងមិនមានទំនាក់ទំនងក្នុងការសួរនាំគ្នាទេ ដោយម្នាក់ៗរវល់តែលេងទូរសព្ទរបស់ខ្លួន ទៅស្តាប់បទចម្រៀង និងមើលរឿងទៅនៅតាមប្រព័ន្ធអ៊ីនធ័រណេតបានឲ្យមានគម្លាតរវាងគ្នាកាន់តែឆ្ងាយទៅៗ ពោលគឺនៅក្នុងសង្គមទាំងមូលក៏ដូចគ្នាដែរ។

ចំណែកកញ្ញា អាន់ សម្ផស្ស ជានិស្សិតសិក្សាផ្នែកអក្សរសាស្ត្រជប៉ុន នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនថា សម្រាប់កញ្ញាផ្ទាល់មករៀននៅភ្នំពេញវាមានគម្លាតជាមួយគ្រួសាររួចទៅហើយ តែពេលត្រឡប់ទៅផ្ទះវិញ មិនសូវមានទំនាក់ទំនងទៅកាន់គ្រួសារដែរ ដោយយកពេលវេលានោះទៅធ្វើអ្វីផ្សេងដូចជា ការលេងតាមបណ្តាយ Facebook និង Instagram ទៅវិញ។ យូរៗទៅការទំនាក់ទំនងរវាងខ្លួននិងគ្រួសារមានគម្លាត និងមិនសូវមានភាពស្និតស្នាលនឹងគ្នា។

កញ្ញា អាន់ សម្ផស្ស សង្គេតឃើញថា សង្គមខ្មែរឥឡូវគឺភាគច្រើនចូលចិត្តលេងទូរសព្ទមិនថាក្មេងឬចាស់ទេ។ សម្រាប់មនុស្សចាស់ចូលចិត្តប្រើបច្ចេកវិទ្យាសម្រាប់មើលព័ត៌មាន និងការលេងបណ្តាញសង្គមដូចជាហ្វេសប៊ុក សម្រាប់ក្មេងៗ អ្នកខ្លះក៏ប្រើបច្ចេកវិទ្យាសម្រាប់ការសិក្សា និងខ្លះទៀតក៏ចំណាយពេលលេងហ្គេម និងប្រើប្រាស់ក្នុងបណ្តាញសង្គមផ្សេងៗ។ ដូច្នេះ ការវិវដ្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នពិតជាធ្វើឲ្យមានគម្លាតទំនាក់ទំនងក្នុងការបង្កើតភាពស្និតស្នាលក្នុងគ្រួសារ មិត្តភក្តិ និងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។

លោក សារិ សៀងម៉េង ជានិស្សិតសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបែងចែកជាផលវិជ្ជមាន អវិជ្ជមាន។ លោក សារិ សៀងម៉េង ថាក្នុងបរិបទនៃការវិវដ្តបច្ចេកវិទ្យា មិនថាកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗលើសកលលោក ទទួលយកលំហូរមួយនេះដោយប្រយោលផង និងដោយផ្ទាល់ផង។ ទន្ទឹមនឹងការទាញយក ក៏ដូចជាទទួលឥទ្ធិពលពីលំហូរនេះ រឿងពីរដែលនឹងជះមកលើបុគ្គល ឬស្ថាប័នផងដែរ។

បើតាមទស្សនៈផ្ទាល់ខ្លួនរបស់លោក សារិ សៀងម៉េង  វាពិតផ្ដល់ផលអវិជ្ជមាន និងមានផលប៉ះពាល់តិចតួច ឬក៏ច្រើនផង វាអាស្រ័យលើសីលធម៌រស់នៅ ឬការប្រាស្រ័យទាក់ទងគ្នានេះឯង។ ចំពោះផលវិជ្ជមានពីលំហូរនេះ លោកនៅតែប្រកាន់ភ្ជាប់នូវសុទិដ្ឋិនិយមថា ផលល្អ រមែងមានច្រើនជាផលអាក្រក់។ អ្វីៗនឹងបន្តវិវត្ត និងអភិវឌ្ឍឥតឈប់ឈរ ផ្អែកលើតថភាពសង្គម ជាមួយនឹងការរីកចម្រើនលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ ជារួមយើងម្នាក់ៗត្រូវរៀនទទួលយក ហើយសម្របខ្លួនឱ្យបានលឿន និងវ័យឆ្លាត ដើម្បីធានាថាចរន្តលំហូរទាំងនោះ មិនប៉ះពាល់ដល់ អត្តសញ្ញាណខ្លួនឯង និងដួងព្រលឹង (បាត់តម្លៃជាខ្មែរ) ផ្ទុយទៅវិញប្រើប្រាស់វាជាយានក្នុងការផ្សព្វផ្សាយពីតម្លៃយើង ដូចឃ្លាមួយគេពោលថា៖ "បុរាណមិនយឺត សម័យមិនបរទេស"។

លោកបណ្ឌិត ឈុត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ននេះ ដែលខ្លះហៅថាបដិវត្តិន៍ឧស្សាហកម្មជំនាន់ទី៤ ឬកហៅថាឧស្សាហកម្ម៤.០ អាចថាជាអាវុធមុខពីរ។ ចំណុចទី១អាចនិយាយពីគុណសម្បត្តិមានច្រើនណាស់ ដែលភាគច្រើនទទួលស្គាល់ថា តាមរយៈទទួលបានព័ត៌មានឆាប់រហ័ស ទំនាក់ទំនងគ្នា បានលឿន មានប្រសិទ្ធិភាព ហើយ អាចប្រាស់ប្រើវា ដើម្បីបំពេញការងារទាំងរដ្ឋ និងឯកជន ទាំងការងារទំនាក់ទំនងអន្តរជាតិជាច្រើនពីផលវិជ្ជមានរបស់ការវិវត្តិបច្ចេកវិទ្យា។

ប៉ុន្តែលោកបណ្ឌិត មើលឃើញពីផលអវិជ្ជមានផងដែរ បច្ចុប្បន្នមានមនុស្សប្រើប្រាស់បច្ចេកវិទ្យាជាការមធ្យោបាយក្នុងការបោកប្រាស់។ នៅពេលដែលមានបច្ចេកវិទ្យាទំនើបទៅធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូលវាហាក់ដូចជាឃ្លាតឆ្ងាយ។ តាមពិតមូលហេតុគឺដោយសារតែម្នាក់ៗចាប់អារម្មណ៍ខ្លាំង ឬញៀន ឬក៏ចំណាយពេលច្រើនទៅក្នុងការដែលគាត់ឆែកមើលព័ត៌មាន ការរាប់អានជាមួយមិត្តភក្តិនៅក្នុងបណ្តាញសង្គម ឬក៏ទស្សនាកម្មវិធីផ្សេងៗនៅក្នុងបណ្តាញសង្គមធ្វើឲ្យចំណាយពេលច្រើនទៅលើប្រព័ន្ធនេះ ហើយូរៗទៅក៏ជាកត្តាមួយដែលធ្វើឲ្យទំនាក់ទំនងហាក់ឃ្លាតឆ្ងាយពីគ្រួសារ។

លោកបណ្ឌិតផ្ទាល់យល់ថា ការវិវត្តិនៃបច្ចេកវិទ្យាជាផ្នែកមួយដែលធ្វើឲ្យមានគម្លាតនៃទំនាក់ទំនងរបស់មនុស្ស ប៉ុន្តែវាក៏មិនមែនជាមូលដ្ឋានដែលធំបំផុតតែមួយគត់ទេ។ លោកបណ្ឌិតបន្តថា «មែនទែនទៅ បើសិនជាយើងគិតថាយើងមានទូរសព្ទ អ៊ីម៉ែល ហ្វេសប៊ុក និងកម្មវិធីផ្សេងៗ ហើយយើងចេះប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីសម្រួលដល់ការភ្ជាប់និងក្នុងការបង្កើតទំនាក់ទំនងឲ្យជិតស្និតយ៉ាងងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាពផងដែរ»៕

អត្ថបទទាក់ទង