Yearendyearend1140x150

តូបលក់«កាសែត»មួយចំនួនបិទទ្វារ ខណៈខ្លះទៀតបន្ថែមមុខទំនិញថ្មីដើម្បីរស់បន្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តូបលក់កាសែតនៅ វត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ

ភ្នំពេញ៖ កាសែតគឺជាបណ្តាញផ្សព្វផ្សាយបែបប្រពៃណីមួយ។នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការទិញកាសែតទៅអានធ្លាក់ចុះ អាជីវកម្មលក់ដូរកាសែតប្តូរមុខរប ហើយស្ថាប័នសារព័ត៌មានផ្សាយជាកាសែតមួយចំនួនបានបិទទ្វារ។ ការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការវិវត្តនៃបច្ចេកវិទ្យាទំនើបៗ ធ្វើឱ្យមនុស្សប្តូរទម្លាប់ពីអានព័ត៌មានតាមកាសែត មកអានតាមស្មាតហ្វូន។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ ក្រុមអាជីវករលក់កាសែតមួយចំនួនបានត្អូញត្អែរថា អ្នកដែលមកទិញកាសែតអានមានការធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះបានបង្ខំចិត្តឱ្យអ្នករកស៊ីខាងកាសែត បានប្តូរពីការលក់កាសែតទៅជាមុខរបរផ្សេងៗ ខណៈតូបលក់កាសែតខ្លះត្រូវបានបិទទ្វារ។

ទោះជាមានការធ្លាក់ចុះនៃចំនួនអ្នកអានកាសែតច្រើនយ៉ាងណាក៏ដោយ ក៏អាជីវករមួយចំនួននៅតែបន្តការលក់កាសែត។ ការបន្តលក់នេះ គឺដោយសារតែអាជីវករខ្លះបានលក់កាសែតតាំងពីយូរមកហើយ អ្នកខ្លះលក់ជាង១០ឆ្នាំសម្រាប់ចិញ្ចឹមជីវភាព ដែលធ្វើឱ្យពួកគាត់ពុំអាចបោះបង់ចោលការលក់កាសែតបានឡើយ។

ជាការកត់សំគាល់ ចាប់តាំងពីមានការប្រកួតប្រជែងខ្លាំងនៃកាសែត Online នារយៈពេលចុងក្រោយនេះ បានធ្វើអោយកាសែតបោះពុម្ពមួយចំនួនបានបិទឬផ្អាកការបោះពុម្ពផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលកាសែតបោះពុម្ពខ្លះ បានបន្ថយនូវចំនួនទំព័ររបស់ខ្លួនផងដែរ។

កន្លងមកក្រសួងព័ត៌មាន បានដាក់ការព្រួយបារម្ភពីអនាគតនៃកាសែតបោះពុម្ពនៅកម្ពុជា។ ប៉ុន្តែទោះជាបែបនេះក្តី វាក៏ជាការបង្ហាញនូវនិន្នាការថ្មីនៃកាសែត Online នៅកម្ពុជា ដែលកំពុងឆ្ពោះទៅរកយុគសម័យឌីជីថល។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសារព័ត៌មានបោះពុម្ពផ្សាយសរុបមានចំនួន៤៥២អង្គភាព វិទ្យុ២២០ស្ថានីយ៍ និងទូរទស្សន៍ចំនួន២៧ស្ថានីយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង