Smart saver cctime web bannertif

ទិវាជាតិអំណាននៅឆ្នាំនេះ នឹងរៀបចំធ្វើឡើងមានលក្ខណៈពិសេសៗជាងឆ្នាំៗមុន

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោកហង់ ជួនណារ៉ុន នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទីចន្ទ ទី០២ ខែមីនានេះ។

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅកាត់ថា តិចណូ។ លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឱ្យដឹងថា នៅឆ្នាំនេះ ទិវាជាតិអំណាននឹងរៀបចំមានទ្រង់ទ្រាយធំ និង មានកម្មវិធីពិសេសៗជាងឆ្នាំមុនៗ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទីចន្ទ ទី០២ ខែមីនានេះ លោករដ្ឋមន្រ្តីហង់ ជួនណារ៉ុន បានលើកឡើងថា ទិវាជាតិអំណានលើកទី៤ គឺធ្វើឡើងក្រោមប្រធានបទ«ការអាន បណ្តុះបញ្ហា ការស្រាវជ្រាវ និង នវានុវត្តន៍»។ បើតាមលោករដ្ឋមន្រ្តី កម្មវិធីពិសេសៗនៃទិវាជាតិអំណាននេះរួមមានដូចជា ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែមីនា នឹងមានការសម្ពោធ និង ការតាំងពិព័រណ៍សៀវភៅដែលមាន១០៤ស្តង់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយបើកទូលាយសម្រាប់មហាជនចូលទស្សនា។ ចំណែក នៅថ្ងៃទី០៦ ខែមីនា មានសិក្ខាសាលាមួយស្តីពីអំណានដំបូងដែលមានបំណងជំរុញ លើកកម្ពស់ និងបណ្តុះទម្លាប់អានតាំងកុមារតូចដែលមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាអ្នកជំនាញផ្នែកហ្វឹកហាត់អំណានល្បីៗនៅកម្ពុជា។

អ្វីដែលរឹតតែពិសេសនោះ គឺចាប់ពីថ្ងៃទី០៦ ដល់១៥ ខែមីនា ក្រសួងអប់រំ នឹងធ្វើយុទ្ធការ«តោះអានរាល់ថ្ងៃ»រយៈពេល១០ថ្ងៃនៅក្នុងខេត្តចំនួន១០នៅក្នុងប្រទេសកម្ពុជា។ លោកហង់ ជួនណារ៉ុន បានបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលក្រសួងពង្រីកយុទ្ធនាការជំរុញការអាននេះទៅកាន់ខេត្តផ្សេងៗ ក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និង ការតែងនិពន្ធ។ រីឯចាប់ពីថ្ងៃទី០៨ ដល់ ទី១០ ខែមីនា នឹងមានពិធីប្រកួតប្រជែង និង ការប្រកាសលទ្ធផលជ័យលាភីលើវិញ្ញាសារអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ។

ដោយឡែង នៅថ្ងៃទី១១ ខែមីនា គឺមានពិធីប្រគល់ពានរង្វាន់«សម្តេចតេជោ ហ៊ុន សែន»ដល់ជ័យលាភីពានរង្វាន់ផ្នែកអត្ថបទ ផ្នែកស្មូតកំណាព្យ ពានរង្វាន់ផ្នែកតែងនិពន្ធ និង ការបំពាក់មេដាយកិត្តិយសជូនបុគ្គលសំខាន់ៗជាដើម។ នៅថ្ងៃទី១២ ខែមីនា នឹងមានសិក្ខាសាលាស្តីពីការគ្រប់គ្រងបណ្ណាល័យ និង ផ្សព្វផ្សាយស្តង់ដារបណ្ណាល័យ។

សូមបញ្ជាក់ជូនថា ទិវាជាតិអំណាន ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក។ ទិវាជាតិអំណាននេះ តែងតែកំណត់ធ្វើនៅថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជជួនណាតដែលជាកំពូលអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ។ គោលបំណងនៃការប្រារព្ធទិវានេះ គឺបណ្តុះទម្លាប់ការអានជំរុញវប្បធម៌អាន លើកកម្ពស់ការអាន និង ការតែងនិពន្ធនៅក្នុងប្រទេសកម្ពុជា៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង