Yearendyearend1140x150

សាលារៀននៅភ្នំពេញនិងទីរួមខេត្តកណ្តាលនឹងបើកឡើងវិញ បន្ទាប់បញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ដោយចាំអនុវត្តចាប់ពីថ្ងៃទី ៨វិច្ឆិកា ឆ្នាំ២០២០ ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។បើគិតត្រឹមថ្ងៃទី ១៨នេះ គឺមានរយៈ១១ថ្ងៃហើយ ហើយការបើកសាលាឡើងវិញនឹងធ្វើតាមការកំណត់បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុន សែន។

ការប្រកាសរបស់សម្តេចហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលទ្ធផលតេស្តលើកទ៤ នៃក្រុមចត្តាឡីស័ករបស់សម្តេចអវិជ្ជមាន ដោយសម្តេចចាត់ទុកថា ជាការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយតម្រូវអោយក្រសួងអប់រំយុវជននិងកីឡា រួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ។

យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចនៅថ្ងៃនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា “យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល”

បើតាមសម្តេចហ៊ុន សែន ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា គឺចង់សំដៅនៅត្រង់រដ្ឋាភិបាលអាចគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។សម្រាប់សម្តេចប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។

សម្តេចបានចាត់ទុកនេះ ជាបទពិសោធន៍ជោគជ័យរបស់កម្ពុជានៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង