Yearendyearend1140x150

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់បិទ​«ល្បែងអនឡាញ»​ដើម្បីលើក​កម្ពស់​សន្ដិសុខ​សង្គម​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ 

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាក្នុងសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ៦ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម»។ក្រោយច្បាប់នេះបានអនុម័ត មានការលើកឡើងមួយចំនួនថា តាមរយៈច្បាប់នេះរដ្ឋាភិបាលកម្ពុជាអាចនឹងបើកឱកាលឱ្យដំណើរការឡើងវិញនូវ«ល្បែងអនឡាញ»។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានក្រសួងមហាផ្ទៃបដិសេធ ហើយ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់បិទ«ល្បែងអនឡាញ»ដើម្បីលើកកម្ពស់សន្ដិសុខសង្គម។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា តាំងពីប្រកាសបិទល្បែងអនឡាញនៅឆ្នាំ២០១៩មក រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍ណាមួយអនុញ្ញាត្តឱ្យបើកដំណើរការឡើងវិញនូវ«ល្បែងអនឡាញ»ឡើយ ហើយបើទោះទៅថ្ងៃមុខក៏គ្មានការប្រែប្រួលពីគោលជំហរនេះដែរ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា “ចំពោះនៅថ្ងៃមុខទៅនៅតែរដ្ឋាភិបាលដឹកនាំដោយសម្តេចហ៊ុន សែនដដែល ដូច្នេះគ្មានអ្វីប្រែប្រួលអ្វីទេ នៅតែលុបចោលល្បែងអនឡាញនេះ”

បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ល្បែងអនឡាញអ្នកដែលលេងនៅក្នុងប្រទេស តែអ្នករងគ្រោះនៅខាងក្រៅប្រទេស ជាពិសេសគឺពលរដ្ឋចិនដោយកន្លងមកអាជ្ញាធរកម្ពុជាបង្រ្កាបរាប់រយនាក់ដាក់ទាំងឡានៗនាំទៅឱ្យរដ្ឋាភិបាលចិនដែលគិតមកដល់បច្ចុប្បន្នរាប់ពាន់នាក់ហើយ។ដូច្នេះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត្តឱ្យបើកគ្មានអ្វីចំណេញដល់សង្គមទេ ពោលមានតែបង្ករបញ្ហាដល់អសន្តិសុខដល់សង្គមវិញ។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជាក្នុងសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ៦ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម»។ច្បាប់នេះនឹងជួយរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្ដិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ និងបានផ្ដល់អំណោយផលដល់ការកើនឡើងជាលំដាប់នូវវិនិយោគលើវិស័យកាស៊ីណូ។

រដ្ឋាភិបាលកម្ពុជាបានអះអាងថា ច្បាប់នេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ព្រំដែន ដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។ លើសពីនេះ ការពារខ្សែក្រវាត់ព្រំដែនតាមរយៈការកសាងសំណង់អគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការលើកទឹកចិត្តការមកតាំងទីលំនៅថ្មីៗរបស់ប្រជាពលរដ្ឋក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាពិសេសបង្កើតប្រភពចំណូលថវិកាជាតិ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា បើទោះបីច្បាប់«ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ក៏មិនមានអ្វីប្រែប្រួលដល់ការបិទល្បែងអនឡាញដែរ ហើយរដ្ឋាភិបាលប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវបង្រ្កាបជនទាំងឡាយណាដែលកំពុងពួកសំងំរកស៊ីល្បែងអនឡាញនេះ ដើម្បីយកមកកាត់ទោសតាមច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង