Yearendyearend1140x150

លោកសុី ជីងពីង៖ ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណងមិត្តភាពចិន-កម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា និងព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាមួយលោកស៊ី ជីងពីង 

ភ្នំពេញ៖ ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង បានមានប្រសាសន៍ថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបាន ក្នុងចំណងមិត្តភាពរវាងប្រទេសចិន និងប្រទេសកម្ពុជាអស់រយៈពេល៦០ឆ្នាំកន្លងមកនេះ។ 

លោកសុី ជីងពីង បានលើកឡើងយ៉ាងដូច្នេះ ដោយសារតែសម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា   ព្រោះទ្រង់បានចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។

លោកស៊ី បានឱ្យដឹងទៀតថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយសម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។

ឯកឧត្តម បានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ។

យ៉ាងណាមិញ សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងការលើកឡើងនេះ លោកស៊ី ក៏បានថ្វាយគ្រឿងឥស្សរិយយសតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះសម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជា ថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង