Yearendyearend1140x150

ក្រសួងអភិវឌ្ឍន៍ជនបទត្រូវការថវិកាប្រមាណជាង៦៥លានដុល្លារ ដើម្បីជួសផុសផ្លូវជនបទដែលខូចខាតជាង២ពាន់គីឡូម៉ែត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប៉ាន់ស្មានជាបឋមនូវចំនួនថវិកាប្រមាណជា ៦៥លានដុល្លារ ដើម្បីជួសជុលផ្លូវជនបទដែលខូចខាតធ្ងន់ធ្ងរនៅតាមទីជនបទដោយសាទឹកជំនន់ទាំង២៥រាជធានី- ខេត្ត ដែលមានប្រវែងសរុបជាង២ពាន់គីឡូម៉ែត្រ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៥ ខែវិច្ឆិកានេះ។

ឯកឧត្តម ចាន់ ដារ៉ុង បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ វិច្ឆិការ ឆ្នាំ២០២០ បានធ្វើបច្ចុប្បន្នភាពលើកទី២ ចំពោះផ្លូវដែលទទួលរងផលប៉ះពាល់ចំនួន២៥ខេត្តដោយក្នុងនោះផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៥៥៣ខ្សែ មានប្រវែងសរុបចំនួន ៤៥០២,៧៣គីឡូម៉ែត្រ។

បើតាមរដ្ឋលេខាធិការ ផ្លូវដែលរងផលប៉ះពាល់ខ្លាំងដោយទឹកហូរច្រោះរហូតដល់ដាច់ផ្លូវ មានតែ២៤៣៧,២៣គីឡូម៉ែត្រ ខណៈខេត្តដែលមានផលប៉ះពាល់ជាងគេ មានខេត្ត បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងខេត្តសៀមរាប។សម្រាប់ឯកឧត្តម តាមការប៉ាន់ស្មានផ្លូវជនបទដែលខូចធ្ងន់ធ្ងរជាង២ពាន់គីឡូម៉ែត្រ ក្រសួងត្រូវការថវិកាចំនួនប្រមាណជា ៦៥លានដុល្លារ ដើម្បីធ្វើការជួសជុល និងកែលម្អឡើងវិញ។

តែយ៉ាងណាបច្ចុប្បន្នមន្រ្តីជំនាញរបស់នាយកដ្ឋានខាងជួសជុលផ្លូវ កំពុងបន្តការងារជួសជុលផ្លូវជាបន្តទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ មួយវិញទៀត ក្រសួងអភិវឌ្ឍន៍ជនបទនៅតែបន្តការវាយតម្លៃពីទំហំខូចខាតដោយសារទឹកជំនន់។

ចំពោះថវិកាបន្ទាន់ក្នុងការតភ្ជាប់ផ្លូវប្រើប្រាស់នៅក្នុងការតភ្ជាប់ផ្លូវដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រើប្រាស់ថវិកាដែលបានគ្រោងទុកនៅឆ្នាំ២០២០ ហើយនឹងបន្តប្រើប្រាស់នូវថវិកាមួយចំនួនទៀតនៅក្នុងឆ្នាំ២០២១។

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ថវិការបស់រាជរដ្ឋាភិបាល ដែលបានគ្រោងសម្រាប់ជួសជុលផ្លូវនៅតាមទីជនបទដែលខូចខាតដោយទឹកជំនន់ គឺមិនទាន់បានកំណត់ចំនួនមួយច្បាស់លាស់នៅឡើយទេ។ហើយចំពោះការប៉ាន់ស្មាននេះក្រសួងអភិវឌ្ឍន៍ជនបទ នៅតែខិតខំបន្តការសិក្សាលំអិត ដើម្បីធ្វើការស្តារឡើងវិញនូវផ្លូវដែលខូចខាតឱ្យមានលក្ខណៈល្អដូចដើម និងកាន់តែល្អប្រសើរជាងមុនដើម្បីធានាសុវត្តិភាព និងមានភាពធនទៅនឹងការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋនៅតាមទីជនបទសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង