Cct850x100 1

ឯកឧត្តមថោង ខុន៖បុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរចំណាយតិចជាងមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ 

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ នៅក្នុងរយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្ញៀវទេសចរបានដើរកំសាន្តជាង៦៤ម៉ឺននាក់ ខណៈការចំណាយធ្លាក់ចុះជាងមុន។ នេះបើតាមការអះអាងរបស់ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩នេះ។លោកថា ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

នៅក្នុងរយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាក មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះមានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ក៏ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ៕

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ៕

Khcct banner

អត្ថបទទាក់ទង